ក្រុងហ្វ្រេងហ្វឺតៈ ក្រុមហ៊ុន​ផលិត​រថយន្ត BMW បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ពុធ​ថា ក្រុមហ៊ុន​កំពុង​ស្ថិតនៅ​ផ្លូវ​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​ទិសដៅ​លទ្ធផល​ល្អ​សម្រាប់​ឆ្នាំ​ ២០១៩ បើទោះ​ជា​មាន​ស្ថានភាព​មិនល្អ​ខ្លះ​ក៏ដោយ បន្ទាប់ពី​ទទួល​បាន​កំណើន​លក់ និង​ប្រាក់​ចំនេញ​នៅ​ត្រីមាស​ទី​ ៣​។

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន BMW បាន​កើនឡើង ១១,៥ ភាគរយ​​ ដល់​ចំនួន​ជាង ១,៥ ពាន់​លាន​អឺរ៉ូ (១,៦ ពាន់​លាន​ដុល្លារ​) ដោយសារ​មូលដ្ឋាន​ប្រៀបធៀប​ទៅនឹង​ត្រីមាស​ទី​ ៣ ​ដែល​មិនល្អ​នៅ​ឆ្នាំ ២០១៨ ដែល​ត្រូវបាន​ដាក់បន្ទុក​ដោយ​ការធ្វើ​តេស្ត​ការបញ្ចេញ​ឧស្ម័ន​ការបូន​។

លោក Nicolas Peter ប្រធាន​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន BMW បាន​ឲ្យ​ដឹង​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​៖ «​យើង​កំពុង​ទទួល​បាន​លទ្ធផល​ក្នុង​កម្រិត​ខ្ពស់​មួយ​បើ​ធៀប​នឹង​ក្រុមហ៊ុន​ប្រកួតប្រជែង​របស់​យើង និង​កំពុង​ពិចារណា​លើ​ស្ថានភាព​ពិបាក​នានា​ដែល​អាជីវកម្ម​របស់​យើង​កំពុង​ប្រឈម​»​។

លោក Oliver Zipse អគ្គនាយក​ក្រុមហ៊ុន BMW បាន​ឲ្យ​ដឹងថា ក្រុមហ៊ុន​ស្ថិតនៅ​លើផ្លូវ​ដ៏ល្អ​ឆ្ពោះ​ទៅ​រក​ការសម្រេច​បាន​ទិសដៅ​របស់​យើង​សម្រាប់​រយៈពេល​ពេញ​ ១ ​ឆ្នាំ​។

ប្រាក់ចំណេញ​របស់​ក្រុមហ៊ុន​ផលិត​រថយន្ត BMW របស់​អាល្លឺម៉ង់​នេះ​មាន​ភាពត្រូវ​គ្នា​ទៅនឹង​ការអង្កេត​របស់​ក្រុមអ្នកវិភាគ​ដែល​ត្រូវបាន​អង្កេត​ដោយ​ក្រុមហ៊ុន​ស្ថិតិ​ និង​ទិន្នន័យ Factset ប៉ុន្តែ​ប្រាក់ចំណេញ​មាន​កម្រិត​ទាប​ជាង​ការរំពឹងទុក​ដោយ​កើនឡើង ៧,៩ ​ភាគរយ​​ ដល់​ចំនួន​ ២៦,៧ ពាន់​លាន​អឺរ៉ូ និង​ប្រាក់​ចំណេញ​ប្រតិបត្តិការ​ដែល​បាន​កើនឡើង ៣២,៩ ​ភាគរយ​ ដល់ ២,៣ ​ពាន់​លាន​អឺរ៉ូ​។

អនុបាត​ប្រាក់ចំណេញ​របស់​ក្រុមហ៊ុនមេ​ដែល​ត្រូវបាន​ឃ្លាំមើល​យ៉ាង​យកចិត្ត​ទុកដាក់​ដោយ​ក្រុម​វិនិយោគិន​កើនឡើង ១ ​ភាគរយ ខណៈ​ផ្នែក​អាជីវកម្ម​រថយន្ត​តែម្នាក់ឯង​បាន​កើនឡើង ២,២ ​ភាគរយ​ ធៀប​នឹង​រយៈពេល​ដូចគ្នា កាលពី​ឆ្នាំ​មុន​៕ KC