ភ្នំពេញៈ ក្រុម​ហ៊ុន​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​​របស់​តៃវ៉ាន់ ​តែ​មួយ​គត់​ ដែល​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា​ (CSX) បាន​បង្ហាញ​ពីការ​ធ្លាក់​ចុះ​ប្រាក់​ចំ​ណូល​​ ២​ ភាគ​រយ​នៅ​ឆ្នាំ​ ២០១៧ ​ធៀប​នឹង​ឆ្នាំ ​២០១៦ ​ខណៈ​ប្រាក់​ចំណេញ​ធ្លាក់ចុះ​ជិត​ ៩០ ​ភាគរយ​។ ​នេះ​បើ​យោង​តាម​របាយ​ការណ៍​ហិរញ្ញ​វត្ថុ​ ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​ផ្សារ​ហ៊ុន​កម្ពុជា​នៅ​ថ្ងៃ​នេះ។

របាយ​ការណ៍​បង្ហាញ​ថា ​សម្រាប់​រយៈ​ពេល​ ១២​ ខែ ​គិត​ត្រឹម​ថ្ងៃ​ទី​ ៣១​ ខែ​ធ្នូ ​ឆ្នាំ​ ២០១៧​ ក្រុម​ហ៊ុន​ ហ្រ្គេន​ ធ្វីន​ ទទួល​បាន​​ចំណូល​សរុប​ជាង​ ៨១ ​លាន​ដុល្លារ ​ធ្លាក់​ចុះ ២ ​ភាគ​រយ​ធៀប​នឹង​ឆ្នាំ ​២០១៦​។

ការ​ធ្លាក់​ចុះ​ប្រាក់​ចំណូល​នេះ ​បាន​ធ្វើ​ឲ្យ​ប្រាក់​ចំណេញ​សុទ្ធ​ក្រោយ​បង់​ពន្ធ​របស់​ក្រុម​ហ៊ុន​បាន​ធ្លាក់​ចុះ​ ៨៧,​៤៩ ​ភាគ​រយ​ដោយ​ទទួល​បាន​តែ​ជាង ​៦៦ ​ម៉ឺន​ប៉ុណ្ណោះ​។

ក្នុង​ត្រី​មាស​ទី ​៤​ ឆ្នាំ​២០១៧ ​ ក្រុម​ហ៊ុន​ ហ្រ្គេន​ ធ្វីន​ ទទួល​បាន​ចំណូល​សរុប​ជាង​ ១៧ ​លាន​ដុល្លារ​ធ្លាក់​ចុះ​ ៩,៥៤ ​ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ឆ្នាំ​ ២០១៦​។

គិត​ត្រឹម​ថ្ងៃ​ទី​ ៣១​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៧ ​ទ្រព្យ​សកម្ម​សរុប​របស់​ ហ្រ្គេន ​ធ្វីន ​មាន​ចំនួន​ជាង​៨៣​លាន​ដុល្លារ ​និង​មូល​ធន​សរុប​ មាន​ចំនួន​ជាង ​៦៨​ លាន​ដុល្លារ​៕