ភ្នំពេញ: ធនាគារភ្នំពេញពាណិជ្ជ (PPCBank) បានប្រកាសពីការកើនប្រាក់ចំណេញសុទ្ធ ៤០,៥ ភាគរយ រហូតដល់ ២០,៧ ពាន់លានវ៉ុន (១៧,៤ លានដុល្លារ) កាលពីឆ្នាំមុន។
PPC Bank ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន JB Financial Group បានបង្ហាញពីទ្រព្យសកម្មសរុប ១,០៧ ពាន់ពាន់លានវ៉ុន (៨៩,៩ ពាន់ដុល្លារ) កើនឡើង ២១,៧ ភាគរយ កាលពីឆ្នាំមុន។ ធនាគារបានផ្តល់ប្រាក់កម្ចីសរុប ៦៣០ លានដុល្លារ កាលពីឆ្នាំមុនកើនឡើង ២៤,១ ភាគរយ បើធៀបនឹងឆ្នាំ ២០១៨ ខណៈចំណូលបានពីការប្រាក់ ៣៤,១ លានដុល្លារ កើនឡើង ៣១,៤ ភាគរយ ក្នុងរយៈពេលនេះ។
លោក Shin Changmoo ប្រធាន PPC Bank បានប្រាប់សារព័ត៌មាន Korea JoongAng Daily ថា កំណើនយឺត ស្របពេលបទប្បញ្ញត្តិមូលធន និងភាពប្រកួតប្រជែងខ្ពស់ក្នុងវិស័យធនាគារពាណិជ្ជ»។
លោកបន្តថា៖ «វារឿងសំខាន់ដែលយើងត្រូវគ្រប់គ្រងក្នុងការទាញយកប្រាក់ចំណេញយ៉ាងច្រើនពីការពង្រីកបណ្តាញអតិថិជន និងពង្រឹងសេវាកម្មឌីជីថលរបស់យើង»។
ធនាគារឲ្យដឹងថា ខ្លួនបានបន្ទាបការចំណាយតាមរយៈការផ្តល់មូលធនក្នុងស្រុកជំនួសឲ្យការផ្ដល់ទុនពីប្រទេសកូរ៉េ។
ធនាគារបានឲ្យដឹងទៀតថា៖ «មិនដូចធនាគារកូរ៉េផ្សេងទៀត ធនាគារ PPC Bank ទទួលបានមូលធន ១០០ ភាគរយ ពីទីផ្សារក្នុងស្រុក។ ការនាំយកមូលធនក្នុងអត្រាការប្រាក់ទាបពីប្រទេសកូរ៉េ ហើយផ្តល់កម្ចីក្នុងអត្រាការប្រាក់ខ្ពស់នឹងនាំទៅរកអត្រាការប្រាក់ខ្ពស់ ប៉ុន្តែវានឹងប្រឈមកម្រិតបទប្បញ្ញត្តិនៃអត្រាប្តូរប្រាក់បរទេស។ ធនាគារបន្តថា៖ «PPC Bank បានបញ្ចុះតម្លៃដោយផ្តល់ការប្រាក់សន្សំទាប ហើយជំនួយឲ្យការប្រាក់បញ្ញើថេរខ្ពស់»។
លោក Jong Weon Ha អ្នកយុទ្ធសាស្ត្រទីផ្សារក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) និងជាប្រធានប្រតិបត្តិការបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ដោយមានកំណើនដ៏រឹងមាំនិងប្រកបដោយស្ថិរភាពរបស់ឧស្សាហកម្មធនាគារនៅកម្ពុជាគឺជាកត្តាដ៏សំខាន់ដែលទាក់ទាញក្រុមវិនិយោគកូរ៉េចូលមកវិនិយោគកាន់តែច្រើននៅប្រទេសកម្ពុជា។
លោកថ្លែងថា៖ «ខ្ញុំមិនគ្រាន់តែចង់មើលឃើញក្រុមវិនិយោគិនកូរ៉េកាន់តែច្រើនវិនិយោគមិនគ្រាន់តែក្នុងវិស័យធនាគារទេ ប៉ុន្តែថែមទាំងក្នុងវិស័យមានសក្តានុពលផ្សេងៗទៀត»។
របាយការណ៍ប្រចាំឆ្នាំរបស់ធនាគារជាតិនៃកម្ពុជាបង្ហាញថា ប្រាក់បញ្ញើក្នុងវិស័យធនាគារបានកើនឡើង ២៥ ភាគរយ ខណៈប្រាក់កម្ចីបានកើនឡើង ២៦ ភាគរយ ពីឆ្នាំ ២០១៨។ ការផ្តល់កម្ចីនៅក្នុងគ្រឹះស្ថានទទួលប្រាក់បញ្ញើទាំង ៧ បានកើនឡើងដល់ ១៩,៦ ពាន់លានដុល្លារ ខណៈប្រាក់បញ្ញើបានកើនដល់ ២២ ពាន់លានដុល្លារកាលពីឆ្នាំមុន៕