ក្រុងហុងកុងៈ ធនាគារ HSBC បានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រាក់ចំណេញមុនបង់ពន្ធ បានកើនឡើង ២៨ ភាគរយដល់ ៥,៩២ ពាន់លានដុល្លារនៅត្រីមាសទី ៣ ដែលបានជំរុញដោយ «កំណើនប្រាក់ចំណូលដ៏រឹងមាំ» នៅក្នុងអាជីវកម្មសំខាន់ៗក្នុងពិភពលោករបស់ខ្លួន។
តួលេខនេះមានកម្រិតខ្ពស់ជាងការប៉ាន់ប្រមាណរបស់អ្នកវិភាគដែលថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវមានចំនួន ៥,៧៣ ពាន់លានដុល្លារ។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មាន Bloomberg News។
លោក John Flint ប្រធានប្រតិបត្តិការធនាគារ HSBC បានថ្លែងថា៖ «បរិយាកាសប្រាក់ចំណូលដ៏រឹងមាំបន្តជំរុញឲ្យពួកយើងវិនិយោគលើការធ្វើឲ្យមានកំណើន និងលើការធ្វើឲ្យមានភាពសាមញ្ញរបស់ស្ថាប័ន ដើម្បីធ្វើឲ្យវាកាន់តែងាយស្រួលសម្រាប់អតិថិជនរបស់យើងក្នុងការដាក់ប្រាក់ជាមួយយើង និងសម្រាប់សហការីក្នុងការធ្វើការងាររបស់គេ»។
ធនាគារនេះឲ្យដឹងថា ប្រាក់ចំណេញមុនពេលបង់ពន្ធដែលត្រូវបានកែតម្រូវបានកើនឡើង ១៦ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនដល់ ៦,២ ពាន់លានដុល្លារដែលឆ្លុះបញ្ចាំងពីកំណើនប្រាក់ចំណូលដែលមួយផ្នែកត្រូវបានប៉ះប៉ូវដោយការកើនឡើងការចំណាយប្រតិបត្តិការ។
តម្លៃភាគហ៊ុនរបស់ធនាគារនេះកើន ៩ ភាគរយគិតត្រឹមម៉ោងអាហារថ្ងៃត្រង់ មុនពេលលទ្ធផលត្រូវចេញផ្សាយ។
ប្រាក់ចំណូលដែលត្រូវបានកែតម្រូវ បានកើនឡើងជិត ៩ ភាគរយដល់ ១៣,៨៤ ពាន់លានដុល្លារនៅខែ កក្កដា ដល់ខែ កញ្ញា កើនឡើងពី ១២,៧២ ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០១៧។
លោក Flint ធ្លាប់បម្រើការងារជាប្រធានទទួលបន្ទុកធនាគារលក់រាយ និងផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិ មុនឡើងមកកាន់តំណែងនេះ៕ AFP/LA