ក្រុងបាងកកៈ សមាគមធានារ៉ាប់រងអាយុជីវិតរបស់ថៃ (TLAA) ព្យាករពីកំណើនប្រាក់ធានារ៉ាប់រងអាយុជីវិត (life insurance premiums) ចន្លោះពី ៤ ទៅ ៦ ភាគរយក្នុងឆ្នាំនេះដោយសារការធ្លាក់ចុះពី ៥ ទៅ ៣០ ភាគរយនៃប្រាក់សម្រាប់បង់សេវាធានារ៉ាប់រងអាយុជីវិត បន្ទាប់ពីការអនុវត្តនាពេលថ្មីៗនេះនូវតារាងអត្រាមរណភាពថ្មីមួយ។
លោកស្រី Nusara Assakul ប្រធានសមាគម TLAA បានឲ្យដឹងថាឆ្នាំ ២០១៨ នេះគឺជាឆ្នាំដំបូង ដែលសមាគមផ្តល់អត្រាព្យាករអំពីកំណើនប្រាក់ធានារ៉ាប់រងអាយុជីវិត ដោយសារកន្លងមកសមាគមមិនអាចព្យាករពីផលប៉ះពាល់ដែលកើតចេញពីតារាងអត្រាមរណភាពថ្មីនេះ។
តារាងមរណភាពថ្មីនេះបានចូលជាធរមានចាប់ពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០១៧ ហើយបានឈានទៅរកការបង់ប្រាក់ធានារ៉ាប់រងអាយុជីវិតកាន់តែទាបសម្រាប់ផលិតផល ៣ ប្រភេទដែលរួមមាន ការធានារ៉ាប់រងជីវិតមានរយៈពេលកំណត់ ការធានារ៉ាប់រងពេញមួយជីវិត និងការធានារ៉ាប់រងជីវិតអ្នកដែលជាប់ឥណទាន។
លោកស្រី Nusara បានមានប្រសាសន៍ថាផលិតផលធានារ៉ាប់រងសន្សំសំចៃ ពុំបានទទួលអត្ថប្រយោជន៍អ្វីពីតារាងមរណភាពថ្មីនេះទេ។
លោកស្រីមានប្រសាសន៍ថា៖ «ការឆ្លើយតបបឋមរបស់ក្រុមហ៊ុនធានារ៉ាប់រងជីវិត គឺការកាត់បន្ថយចំណាយ ដើម្បីបង្កើនប្រសិទ្ធភាព។ បើក្រុមហ៊ុនមិនអាចលុបចោលផលប៉ះពាល់ដែលកើតចេញពីប្រាក់ធានារ៉ាប់រងជីវិតដែលមានតម្លៃកាន់តែទាបនេះទេ ក្រុមហ៊ុនទាំងនោះនឹងកាត់បន្ថយការចំណាយទាក់ទងនឹងការចែកចាយផលិតផល និងការធ្វើទីផ្សារ ហើយករណីនេះអាចជះឥទ្ធិពលលើការលក់សេវាធានារ៉ាប់រង»។
ប្រាក់ធានារ៉ាប់រងអាយុជីវិតនៅឆ្នាំ ២០១៧ បានកើនឡើង ៥,៩ ភាគរយដល់ ៦០២ ពាន់លានបាត៕ BP