ភ្នំ​ពេញៈ តម្លៃ​ប្រេង​សាំង​លក់​រាយ​នៅ​កម្ពុជា​បាន​បន្ត​កើន​ឡើង​​នៅ​រយៈ​ពេល​​ ៣ ខែ​ចុង​​ក្រោយ​មក​ដល់​​ខែ​តុលា​នេះ ខណៈ​ក្រ​សួង​បាន​បង្កើន​រយៈ​​ពេល​នៃ​ការ​កំ​ណត់​​តម្លៃ​ប្រេង​​លក់​រាយ​កាន់​តែ​វែង​ជាង​មុន​ដែល​​​ធ្វើ​ឲ្យ​អ្នក​​មាន​ចំ​ណូល​ទាប​​ ​​ដូច​ជា​ អ្នក​រត់​រ៉ឺ​ម៉ក​ម៉ូ​តូ​មិន​សប្បាយ​ចិត្ត​​។​

តម្លៃ​ប្រេង​សាំង​ធម្មតា​បាន​បន្ត​​កើន​ឡើង​ដល់​ ៤ ២​០០ រៀល​​​ក្នុង​ ១ ​លីត្រ​ រហូត​មក​ដល់​ពាក់​កណ្ដាល​ខែ​តុ​លា​ ឆ្នាំ​នេះ ដែល​​ពី ៣ ៩៥៩​ រៀល ​ក្នុង ​១ ​​លីត្រ​គិត​ចាប់​តាំង​ពី​ខែ​កក្ក​ដា​ឆ្នាំ​នេះ​។ នេះ​បើ​យោង​តាម​សេច​ក្តី​​ ជូន​ដំ​ណឹង​ដែល​បាន​កំ​ណត់​ត្រា​តាំង​ពី​ខែ​កក្កដា​​របស់​ក្រ​សួង​ពា​ណិជ្ជ​កម្ម​។​

បើ​ទោះ​បី​ក្រ​សួង​ពា​ណិជ្ជ​កម្ម​បាន​បញ្ជូល​សាំង​ស៊ូ​ពែ​រ​ក្នុង​ការ​គណនា​តម្លៃ​ក៏​ដោយ ​ប៉ុន្តែ​សាំង​ស៊ូ​ពែរ​បាន​ហក់​ឡើង​​ដល់​ ៤ ៥​៥០​រៀល។

តម្លៃ​នេះ​កំ​ពុង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​​អ្នក​មាន​ប្រាក់​ចំ​ណូល​ទាប​ ខណៈ​ថ្ងៃ​បុណ្យ​ភ្ជុំ​បិណ្ឌ​​ប្រ​ពៃ​​ណី​របស់​ប្រ​ទេស​នេះ​​កំ​ពុង​បង្កើន​ការ​ចំ​ណាយ​របស់​ពួក​គេ។​

លោក ​ហាក់ ​សា​ម៉ុន ​អាយុ​ ៤២ ​ឆ្នាំ​ កំ​ពុង​អង្គុយ​លើ​រ៉ឺ​ម៉ក​ម៉ូតូ​របស់​លោក ​រង់​ចាំ​អ​តិ​ថិ​ជន​នៅ​តាម​បណ្ដោយ​មហា​​វិ​ថី​ ម៉ៅ​សេ​ទុង​ បាន​កត់​សម្គាល់​ថា ​តម្លៃ​ប្រេង​ឥន្ធនៈ​បន្ត​កើន​ឡើង​ បន្ទាប់​ពី​ការ​បោះ​ឆ្នោត​​កាល​ពី​ខែ​កក្កដា ​ហើយ​ថាការ​​កើន​ឡើង​​តម្លៃ​ប្រេង​សាំង​កំ​ពុង​លេប​​ត្រ​បាក់​​ប្រាក់​​ចំ​ណូល​របស់​លោក​។​

​លោក​ថ្លែង​ថា​៖ «​តម្លៃ​ប្រេង​ឥន្ធនៈ​​បច្ចុ​ប្បន្ន​ ធ្វើ​ឲ្យ​ពិ​បាក​ក្នុង​ការ​​រក​ប្រាក់​ចំ​ណូល​​​សម្រាប់​ជី​វិត​របស់​អ្នក​រត់​រ៉ឺម៉ក​ម៉ូតូ​ដូច​ជា​រូប​ខ្ញុំ​ ដែល​ត្រូវ​រ៉ាប់​រង​គ្រួ​សារ​​ប្រ​ចាំ​ថ្ងៃ ​ព្រម​ទាំង​កូន​ៗ​»​។​

​​លោក ​ហាក់ ​សា​ម៉ន ​ដែល​ប្រក​ប​របរ​ជា​អ្នក​រត់​​រ៉ឺម៉ក​ម៉ូតូ ​អស់​រយៈ​ពេល​ ៣ ​ឆ្នាំ​ តាំង​ពី​ឆ្នាំ​ ២០១៥​ បា​ន​ឲ្យ​ដឹង​​ថា ​ការ​​​ប្រ​កួត​ប្រ​ជែង​​នៅ​ក្នុង​​វិ​ស័យ​ដឹក​​ជញ្ជូ​ន​ក៏​ជា​បញ្ហា​ប្រ​ឈ​ម​ផ្សេង​ទៀត​ផង​ដែរ។

លោក​ថ្លែង​ថា​៖ «​ការ​ប្រ​កួត​ប្រ​ជែង​នៅ​ក្នុង​វិ​ស័យ​នេះ​ ​កំ​ពុង​កើន​ឡើង​ផង​ដែរ ខ្ញុំ​មិន​អាច​ស្វែង​រក​អតិ​ថិ​ជន​​បាន​ច្រើន​ទៀត​ទេ​»។

​លោក​បន្ថែ​ម​ថា ​ការ​កើន​ឡើង​តម្លៃ​ប្រេង​សាំ​ង​​ពិត​ជា​មាន​រយៈ​ពេល​យូរ​ជាង​ការ​ធ្លាក់​ចុះ​។​

ក្រ​សួង​ពា​ណិជ្ជ​កម្ម បាន​ពន្យល់​​នៅ​ក្នុង​សេច​ក្ដី​ប្រ​កាស​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ពុធ​ថា ​តម្លៃ​ប្រេង​សាំង​លក់​រាយ​ត្រូវ​បាន​ពឹង​ផ្អែ​ក​លើ​​ការ​ប្រែ​ប្រួល​តម្លៃ​​​លើ​ទី​ផ្សារ​ពិ​ភ​ព​លោក​ ដោយ​សារ​តែ​កម្ពុជា​​​​ពឹង​ផ្អែក​លើ​ការ​នាំ​ចូល​​ប្រេង​ឥន្ធនៈ​​។​

សេច​ក្ដី​ប្រ​កាស​នេះ​ឲ្យ​ដឹង​ថា​៖ ​«​តម្លៃ​​ប្រេង​សាំង​លក់​រាយ​នៅ​ទី​ផ្សារ​អន្តរ​ជាតិ​ បច្ចុ​ប្បន្ន​​កំ​ពុង​​កើន​ឡើង​ ដោយ​សារ​តែ​​បរិ​បទ​នយោ​បាយ​​ពិ​ភព​លោក​ ជា​ពិ​សេស​​នៅ​ក្នុង​ប្រ​ទេស​លោក​​ខាង​លិច​ និង​​ប្រ​ទេ​ស​​ផ្គត់​ផ្គង់​ប្រេង​​​សំ​ខាន់​ៗ​»។

សេច​ក្ដី​ប្រ​កាស​នេះ​បន្ត​​ថា​៖​ «​នេះ​​ធ្វើ​​ឲ្យ​​ប៉ះ​ពាល់​ដល់​​តម្លៃ​ប្រេង​សាំង​លក់​រាយ​​នៅ​កម្ពុជា​​»​។​

​តម្លៃ​ប្រេង​នៅ​ទី​ផ្សារ​អន្ត​រជាតិ​បាន​កើន​ឡើង​នៅ​សប្ដាហ៍​នេះ​ ដល់​​កម្រិត​ខ្ពស់​រយៈ​ពេល​៤​ឆ្នាំ​ ដោយ​តម្លៃ​ប្រេង​ឆៅ ​Brent​ ជិត ៨៥ ​ដុល្លារ​ក្នុង​ ១ ​បា​រ៉ែល​ ដោយ​សារ​ការ​បា​រម្ភ​លើ​ការ​យឺ​ត​​យ៉ាវ​ក្នុង​ការ​ផ្គត់​ផ្គង់​លើ​ពិ​ភព​លោក​ ដោយ​​សារ​តែ​ការ​ដាក់​ទណ្ឌ​កម្ម​របស់​អា​មេ​រិក លើ​​ប្រ​ទេស ​អុីរ៉ង់​។​

ក្រ​សួង​តែង​ធ្វើ​ការ​គ​ណ​នា​តម្លៃ​ប្រេង​​ឥន្ធនៈ​លក់​រាយ​រៀង​រាល់​ ១០ ​ថ្ងៃ​ម្ដង​ ដោយ​​​ពឹង​ផ្អែក​លើ​តម្លៃ​ជួញ​ដូរ​ប្រេង​ឆៅ​នៅ​ក្នុង​ប្រ​ទេស​ សិង្ហ​បុរី​​។​

ប៉ុ​ន្តែ​ រយៈ​ពេល​ត្រូវ​បាន​អូស​បន្លាយ​ដល់​ ១៥ ថ្ងៃ​ ចាប់​តាំង​ពី​ខែ​កក្កដា​ ឆ្នាំ​នេះ​​។ មន្ដ្រី​មក​ពី​ក្រ​សួង​ពា​ណិជ្ជ​កម្ម មិន​​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បាយ​បាន​​ទេ​ជុំ​វិញ​ករ​ណី​នេះ​។​

​លោក ​សន ​ជ័យ ​នា​យក​ប្រតិ​បត្តិ​អង្គ​ការ​​សម្ព័ន្ធ​ដើ​ម្បី​គណ​នេយ្យ​ភាព​សង្គម​​​កម្ពុជា​ បាន​ថ្លែង​ថា​ ការ​ផ្លាស់​ប្តូរ​ណា​មួយ​គួរ​​ត្រូវ​ប្រ​កាស​ជា​សា​ធារ​ណៈ​ដើ​ម្បី​ឲ្យ​មហា​ជន​បាន​ដឹង​។​

លោក​លើក​ឡើង​ថា​ ការ​អូស​បន្លាយ​រយៈ​​ពេល​យូរ​ជាង ១០ ថ្ងៃ​ ដោយ​មិន​បាន​​ប្រាប់​ពី​​មូល​ហេតុ​​អាច​​ជា​ផល​ប្រ​យោជន៍​ណា​មួយ​​នៅ​ពី​ក្រោយ​ហើយ​ថា​តើ​ការ​ពន្យារ​ពេល​នេះ​នឹង​ផ្ដល់​អត្ថ​ប្រ​យោជន៍​ដល់​អ្នក​ណា​?»​។

លោក​បន្ថែម​ថា​ ផ្ទុយ​ទៅ​វិញ រដ្ឋា​ភិ​បាល​គួរ​តែ​កាត់​បន្ថយ​ពន្ធ​នាំ​ចូល​ ឬ​ផ្ដល់​ការ​ឧ​បត្ថ​ម្ភ​ធន​​ដល់​អ្នក​ប្រើ​ប្រាស់​​។

លោក​ ម៉ី​ កល្យាណ​ ទី​ប្រឹ​ក្សា​ជាន់​ខ្ពស់​នៅ​ឧត្ត​ម​ក្រុម​ប្រឹ​ក្សា​​សេដ្ឋ​កិច្ច​ជាតិឲ្យ​ដឹង​ថា ខណៈ​កម្ពុជា​ជា​ប្រ​ទេស​នាំ​ចូល​ ហើយ​ប្រ​ទេស​ អីុរ៉ង់ ​និង​អាមេរិក​ កំ​ពុង​​ស្ថិត​លើ​ភាព​ស្មុគ​ស្មា​ញ​ផ្នែ​ក​នយោ​បាយការ​ប្រែ​ប្រួល​តម្លៃ​​ប្រេង​ឥន្ធ​នៈ​ ពិត​ប្រាក​ដ​ណាស់​បាន​​ប៉ះ​ពា​ល់​ដល់​កម្ពុជា​។​

​លោក​ថ្លែង​ថា​៖ «​យើង​មិន​អាច​គេច​ផុត​ពី​​ផល​ប៉ះ​ពាល់​បាន​ទេ​ នៅ​ពេល​តម្លៃ​​ប្រេង​ឥន្ធនៈ​​បាន​ប្រែ​ប្រួល​ នៅ​ទី​ផ្សារ​អន្ត​រ​ជាតិ​»។

លោ​ក​បន្ត​ថា​៖ «​ប៉ុន្តែ​យើង​​គួរ​តែ​យល់​ដឹ​ង​​ក្នុង​ការ​ប្រើ​ប្រាស់​ប្រេង​ឥន្ធនៈ​ឲ្យ​កាន់​តែ​មាន​ប្រ​សិទ្ធ​ភាព​ និង​មាន​ប្រ​យោជន៍​សម្រាប់​ឧស្សាហ​កម្ម ឬ​ព្យា​យាម​រក​ឲ្យ​ឃើញ​ក្នុង​ការ​ធ្វើ​អ្វី​ឲ្យ​កាន់​តែ​ប្រ​សើរ​ដើ​ម្បី​ជំ​នួស​​ជា​ជាង​ការ​ពឹង​ផ្អែក​លើ​ប្រេង​ឥន្ធនៈ​»។​

​ប៉ុន្តែ​លោក​ ម៉ី​ កល្យាណ​ ឲ្យ​ដឹង​ថា​រដ្ឋា​ភិ​បាល​គួរ​តែ​ពិ​និត្យ​​មើល​អា​ជី​វ​កម្ម​ផ្ដាច់​មុខ​នៅ​ក្នុង​​ប្រ​ទេស​ កម្ពុជា និង​ស្វែង​រក​មធ្យោ​បាយ​​ដើ​ម្បី​គ្រប់​គ្រង​វា​។

​លោក​ ផេង​ ហៀង​ អ្នក​រត់​ម៉ូតូ​ឌុប​នៅ​​ទី​ក្រុង​ភ្នំ​ពេញ​បាន​ឲ្យ​ដឹង​ថា​ បញ្ហា​ប្រ​ឈម​​​មិន​មែន​គ្រាន់​តែ​តម្លៃ​ប្រេង​សាំង​​​ប៉ុ​ណ្ណោះ​ទេ ​ប៉ុន្តែ​សេ​វា​ហៅ​តាក់​ស៊ី​ជិះ​ដូច​ជា​ Pass App និង​រថ​យន្ត​ក្រុង​​សាធា​រណៈ ​កំ​ពុង​ធ្វើ​ឲ្យ​ប៉ះ​​ពាល់​​ដល់​​​ចំ​ណូល​របស់​លោក​​ផង​ដែរ​។

លោក​ថ្លែង​ថា៖ «​មិន​គ្រាន់​​តែ​​តម្លៃ​ប្រេង​សាំង​ប៉ុ​ណ្ណោះ​ទេ ​ប៉ុន្តែ​​ថែម​ទាំង​ខ្ញុំ​ត្រូវ​តែ​ប្រ​កួត​ប្រ​ជែង​ជា​មួយ​​សេ​វា​ហៅ​​តាក់​ស៊ី​ជិះ​ និង​រថ​យន្ត​ក្រុង​ផង​ដែរ​ ខ្ញុំ​​ស្ទើរ​តែ​​ដាច់​ខ្យល់​ហើយ​ពេល​នេះ»​៕​LA