ក្រុងអាស្តាណាៈ ប្លុក​ពាណិជ្ជកម្ម​សហភាព​សេដ្ឋកិច្ច​អឺរ៉ូ អាស៊ី (EEU) ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី​កាលពី​ចុង​សប្តាហ៍​មុន​បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បណ្ដោះអាសន្ន​មួយ​ជាមួយ​ប្រទេស​អ៊ីរ៉ង់ និង​រៀបចំ​ផែនការ​ចរចា​តំបន់​ពាណិជ្ជកម្ម​សេរី​មួយ​។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​របស់​ប្រទេស​កាហ្សាក់ស្ថាន​ដែល​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ចពិភាក្សា​នេះ​។

កិច្ចព្រមព្រៀង​នេះ​ដែល​ត្រូវ​បាន​ចុះហត្ថលេខា​នៅ​ក្នុង​ទីក្រុង​អាស្ដាណា ប្រទេស​កាហ្សាក់ស្ថាន​នេះ ធ្វើ​ឡើង​ខណៈ​ដែល​សហរដ្ឋ​អាមេរិក​កំពុង​រៀបចំ​ឲ្យ​ការដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ទីក្រុង​តេអេរ៉ង់​មាន​ដំណើរការ​ឡើង​វិញ និង​បាន​ព្រមាន​ក្រុមហ៊ុន​ជាច្រើន​មិន​ឲ្យ​ធ្វើ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​អ៊ិស្លាម​មួយ​នេះ​។

កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​នេះ​នឹង​បន្ទាប​ពន្ធ​នាំ​ចូល​លើ​ទំនិញ​រាប់រយ​មុខ និង​កំណត់ ពេលវេលា ៣ ​ឆ្នាំ​សម្រាប់​ការចរចា​អំពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​មួយ​។

លោក Tigran Sargsyan ប្រធាន​គណៈកម្មការ​ដែល​​គ្រប់គ្រង​ប្លុក​នេះ​បាន​ថ្លែង​ថា​៖ «​ក្រុម​អ្នកចរចា​របស់​យើង​នៅ​ពេល​នេះ​នឹង​កំណត់​ភារកិច្ច​សម្រាប់​អនាគត​»​។

ក្រសួង​សេដ្ឋកិច្ច​កាហ្សាក់ស្ថាន​ឲ្យ​ដឹងថា កិច្ចព្រមព្រៀង​បណ្ដោះអាសន្ន​នេះ គ្រប​ដណ្ដប់​លើ​ទំនិញ​មួយ​ចំនួន​ដោយ​អ៊ីរ៉ង់​បន្ទាប​ពន្ធ​នាំ​ចូល​លើ​ទំនិញ ២៤៦ មុខ ខណៈ​សមាជិក EEU បាន​ធ្វើ​សម្បទាន​លើ​ទំនិញ ១៧៥ ប្រភេទ​។

កិច្ចព្រមព្រៀង​នេះ​គឺជា​ការ​បង្ហាញ​ថា​ក្រុង​ម៉ូស្គូ និង​សម្ព័ន្ធមិត្ត​មិន​ដើរ​តាម​នយោបាយ​របស់​អាមេរិក​៕ LA