ភ្នំពេញៈ ទោះ​បី​ជា​កម្ពុជា​ត្រូវ​បាន​​ផ្ដល់​កូតា​​ការ​នាំចេញ​ថ្នាំ​ជក់​ដោយ​រួច​ពន្ធ​ទៅ​ប្រទេស ​វៀតណាម ​ក៏​ដោយ ​ក៏​ផលិតកម្ម​​ថ្នាំ​ជក់​របស់​ប្រទេស ​កម្ពុជា ​បាន​​មើល​ឃើញ​ការ​បន្ត​ធ្លាក់​ចុះ​​​។​ នេះបើ​​តាម​ទិន្នន័យ​បាន​មក​ពី​ក្រសួង​កសិកម្ម​។​

កម្ពុជា​បាន​ផលិត​ថ្នាំ​ជក់​ ៧ ​៤៥​៤ ​តោន​កាល​ពី​ដូវ​មុន ​(ឆ្នាំ ​២០១៨-២០១៩) ​ធ្លាក់ចុះ​ ​១៨ ​ភាគរយ​ពី​​ ៩ ​០៨៩ តោន​ធៀប​នឹង​រដូវ​កាល​មុន (​ឆ្នាំ​​​២០១៧-​២០១៨)​ ខណៈ​ការ​ដាំដុះ​ បាន​ធ្លាក់​ចុះ ​១៦ ​ភាគរយ​​ពី​ ៦​ ៨៥៩ ​ហិកតា​មក​នៅ​​ត្រឹម​ ៥​ ៧៤៣ ហិកតា​ប៉ុណ្ណោះ​នៅ​ទូទាំង​ប្រទេស​។ ​នេះ​បើ​​​តាម​របាយការណ៍​។

ខេត្ត​ត្បូងឃ្មុំ ​គឺ​ជា​កន្លែង​​មាន​ការ​​ដាំដុះ​ថ្នាំ​​ជក់​ឈាន​មុខ​គេ​របស់​ប្រទេស ​កម្ពុជា​។​

លោក ​ស៊ុំ ​រ៉ា ​ប្រធាន​ការិយាល័យ​កសិកម្ម​នៅ​ស្រុក​ក្រូចឆ្មារ ​ខេត្ត​ត្បូងឃ្មុំ ​បាន​ឲ្យ​ដឹង​ថា ​នៅ​ក្នុង​រយៈ​ពេល ​២-៣ ឆ្នាំ​ចុង​ក្រោយ​​នេះ ​ការ​ដាំដុះ​ថ្នាំ​ជក់​ត្រូវ​បាន​មើល​ឃើញ​ធ្លាក់ចុះ​ដោយសារ​​ការ​ប្រែប្រួល​ទីផ្សារ​នេះ​។​ ​

លោក​​ថ្លែង​ថា​៖ «​ការ​ដាំដុះ​ថ្នាំ​ជក់ ​មិន​មាន​បញ្ហា​ប្រឈម​ច្រើន​នោះ​ទេ វា​ងាយ​ស្រួល​ក្នុង​ការ​ដាំដុះ​នៅ​តាម​​ដង​ទន្លេ​»​។​ លោក​បន្ត​ថា​៖ «​​​ការ​​​ដាំដុះ​ថ្នាំជក់​កើន​ឡើង ​ឬ​ធ្លាក់​​​ចុះ​គឺ​ពឹង​ផ្អែក​លើ​ការ​ប្រែប្រួល​​របស់​ទីផ្សារ ​កសិករ​នឹង​ជំនួស​ដោយ​ការ​ដាំ​​ពោត​ ប្រសិន​​បើ​ទីផ្សារ​ថ្នាំជក់​មិន​ល្អ​»។​

លោក ​ស៊ាង​ ថៃ ​អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម ​បាន​បញ្ជាក់​​កាល​ពី​ម្សិលមិញ​ថា ​ប្រទេស ​កម្ពុជា ​​នៅ​តែ​ទទួល​បាន​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​ផលិតផល​ថ្នាំ​ជក់​ពី​ប្រទេស ​វៀតណាម ​ក្នុង​ចំណោម​​ផលិតផល​កសិកម្ម​ផ្សេង​ទៀត​។

កាល​ពី​ឆ្នាំ ​២០១៦ ​កម្ពុជា​ និង​​វៀត​ណាម​ បាន​យល់ព្រម​​លើ​​ការ​អនុគ្រោះ​ពន្ធ​សម្រាប់​​ផលិតផល​កសិកម្ម ​ឆ្លង​កាត់​ព្រំដែន​​ទាំង​ ២។​ស្ថិត​ក្រោម​​កិច្ច​ព្រមព្រៀង​នេះ​ កម្ពុជា​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​នាំចេញ​ថ្នាំ​ជក់​ស្ងួត​ ៣ ០០០ តោន​ ទៅ​​​វៀតណាម​ ដោយ​រួច​ពន្ធ​រយៈ​ពេល ​១ ឆ្នាំ ​ដែល​ចាប់​ពី​ឆ្នាំ ​២០១​៦។​

ទិន្នន័យ​​ក្រសួង​ពាណិជ្ជ​​កម្ម ​បាន​បង្ហាញ​ថា ​កម្ពុជា​បាន​នាំចេញ​ថ្នាំជក់ ១ ២០០ តោន​ទៅ​ប្រទេស ​វៀតណាម មាន​តម្លៃ​ ២,​៣៧​ លាន​ដុល្លារ ​កាល​ពី​ឆ្នាំ ​២០១៧ ​កើន​ឡើង ​២៤ ​ភាគរយ​​ ធៀប​នឹង​ឆ្នាំ ​២០១៦​។

កាល​​ពី​ឆ្នាំ ​២០១៦ ​ថ្នាំ​ជក់ ​៩៨៩​,​៧៥ ​តោន​ត្រូវ​បាន​នាំចេញ​ មាន​តម្លៃ​ ​១,​៩១ ​លាន​ដុល្លារ។​​

លោក​ថ្លែង​ថា​៖ «​MOU ​ជា​មួយ​​វៀតណាម ​គឺ​ជា​ទីផ្សារ​ដ៏​មាន​​សក្ដានុពល​ សម្រាប់​ក្រុមហ៊ុន​​នាំចេញ​ និង​សម្រាប់​កសិករ​​ដែល​ពួក​គេ​សន្សំ​ការ​ចំណាយ​​លើ​ពន្ធ​នាំចូល​ និង​បង្កើន​តម្លៃ​លើ​​ផលិតផល​របស់​ពួក​គេ​ផង​ដែរ​»។

លោក​បន្ត​ថា​៖ «​ទោះបី​កសិករ​ខ្លួន​ឯង​​មិន​អាច​​នាំចេញ​ទៅ​វៀតណាម​ដោយ​​ផ្ទាល់​ក៏​ដោយ ​ប៉ុន្តែ​ពួក​គេ​នឹង​រក​ប្រាក់​បាន​ពី​ទីផ្សារ​​ប្រកប​ដោយ​ស្ថិរភាព​នៅ​ក្នុង​ការ​​ធានា​តម្លៃ​សម្រាប់​ពួក​គេ​»​។​

ក្រៅ​ពី​ការ​នាំចេញ ថ្នាំ​​ជក់​ត្រូវបាន​ផ្គត់ផ្គង់​ដល់​ក្រុមហ៊ុន​ថ្នាំជក់​ចក្រភព​អង់គ្លេស​ អាមេរិក ​(BAT) នៅ​កម្ពុជា ​ស្ថិត​ក្រោម​ប្រព័ន្ធ «​ការ​ធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​»។ ដែល​កសិករ​​ភាគ​ច្រើន​ជឿជាក់​​​ក្នុង​ការ​លក់​ឲ្យ​ក្រុមហ៊ុន​ជា​ជាង​ទៅ​ប្រទេស ​វៀតណាម​។​

លោក ​ឃុន ​បូឈាង ​កសិករ​ថ្នាំ​ជក់​មាន​ផ្ទៃដី​ ១៩ ​ហិកតា ​នៅ​​ស្រុក​ក្រូចឆ្មារ ​បាន​ឲ្យ​ដឹង​ថា​ ​ពេល​នេះ​ដល់​ពេល​ប្រមូល​ផល​សន្លឹក​ថ្នាំជក់​ហើយ ​ប៉ុន្តែ​គេ​នៅ​មិន​ទាន់​ដឹង​ពី​តម្លៃ​នៅ​ឡើយ​ទេ​។

ប៉ុន្តែ​កាល​ពី​រដូវ​មុន​​លោក​អាច​លក់​​សន្លឹក​ថ្នាំ​ជក់​ស្ងួត​ក្នុង​តម្លៃ ​២ ​ដុល្លារ​ក្នុង ១ គីឡូ​ក្រាម​​​។​ ​

លោក​​ថ្លែង​ថា​៖ «​យើង​មិន​​​ទាន់​បាន​​ឮ​ទីផ្សារ​ថ្មី​ណា​មួយ​​​ពី​ប្រទេស ​វៀតណាម ​នោះ​ទេ ​យើង​លក់​ឲ្យ​រោងចក្រ​ថ្នាំ​ជក់​​តែ​​ ១ ប៉ុណ្ណោះ ប៉ុន្តែ​យើង​​មិន​​ទាន់​ដឹង​នៅ​ឡើយ​ទេ​ពី​តម្លៃ​នៅ​ពេល​នេះ​ដែល​ត្រូវ​រង់​ចាំ​រហូត​ដល់​ចុង​ខែ ​ឬ​ដើម​ខែ​មេសា»​៕​LA