ភ្នំពេញៈ ក្រុម​ហ៊ុន​ ផាក កាហ្វេ ដែល​ជា​ម៉ាក​យី​ហោ​អា​ហារ​ដ្ឋាន​ក្នុង​ស្រុក​​មួយ​ នា​ពេល​ថ្មី​ៗ​នេះ​បាន​បង្ហាញ​យុទ្ធ​សា​ស្រ្ត​អា​ជីវ​កម្ម​ប្រកប​ដោយ​មហិ​ច្ឆតា​ តាម​រយៈ​ការ​ពង្រីក​ចំ​នួន​សា​ខា​របស់​​ខ្លួន​ឲ្យ​ដល់​ ១០០ ហាង​នៅ​ឆ្នាំ ២០២៥ ខាង​មុខ។

កាល​ពី​សប្តាហ៍​មុន​ ផាក​ កា​ហ្វេ បាន​​សម្រេច​កិច្ច​ព្រម​ព្រៀង​តែង​តាំង​ក្រុម​ហ៊ុន​មួយ​ដើ​ម្បី​ផ្តល់​ការ​ប្រឹ​ក្សា​យោ​បល់​ផ្នែក​ហិ​រញ្ញ​វត្ថុ​ដើ​ម្បី​ត្រៀម​ខ្លួន​ក្នុង​ការ​កៀរ​គរ​ដើម​ទុន​តាម​រយៈ​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​កម្ពុជា ឬពី​ក្រុម​​ហ៊ុន​​វិ​និ​យោគ​នា​នា។

អ្នក​យក​ព័ត៌​មាន​ភ្នំ​ពេញ​ ប៉ុស្តិ៍ ​​បាន​​ជួប​សម្ភាស​លោក ហេង សេង​លី អ្នក​គ្រប់​គ្រង​ទូ​ទៅ​ក្រុម​ហ៊ុន​ ផាក​កា​ហ្វេ ​ដើ​ម្បី​​ពិ​ភាក្សា​​ពី​ផែន​ការ និង​យុទ្ធ​សា​ស្រ្ត​អា​ជីវ​កម្ម​របស់​ផាក​កា​ហ្វេ​។

កាល​ពី​សប្ដាហ៍​មុន ​Park Café បាន​តែង​តាំង​ក្រុម​ហ៊ុន​ APM​ (Cambodia) Securities ជា​​ក្រុម​ហ៊ុន​ប្រឹ​ក្សា​យោ​បល់​ផ្នែក​ហិរ​ញ្ញវត្ថុ​របស់​ខ្លួន​។ តើ​​ក្រុម​ហ៊ុន ​APM ជួយ​​ក្រុម​ហ៊ុន​របស់​លោក​ដូច​ម្ដេច​ដែរ?​

APM (Cambodia) Securities​ គឺ​ជា​ក្រុម​ហ៊ុន​ប្រឹ​ក្សា​យោ​បល់​​ហិ​រញ្ញ​វត្ថុ​មួយ ដែល​​មាន​ក្រុម​ហ៊ុន​មេ​​នៅ​ប្រ​ទេស​ ថៃ ​និង​បាន​ជួយ​​ក្រុម​ហ៊ុន​ជា​ច្រើន​ លើ​របាយ​ការណ៍​ហិរ​ញ្ញ​វត្ថុ​ មុន​ពេល​ចុះ​បញ្ជី​ប្រ​កប​ដោយ​ជោគ​ជ័យ​លើ​ផ្សារ​ហ៊ុន​ថៃ​​។​

តា​ម​រយៈ​ការ​តែង​តាំង​​ក្រុម​ហ៊ុន​នេះ​ជា​​ក្រុម​​ហ៊ុន​ប្រឹ​ក្សា​យោ​បល់​ហិរ​ញ្ញ​វត្ថុ​ ​ក្រុម​ហ៊ុន APM នឹង​ជួយ​ធ្វើ​សវន​កម្ម​ របាយ​ការណ៍​​ហិ​រញ្ញ​វត្ថុ​​របស់ Park Café ​ដើ​ម្បី​ធ្វើ​ឲ្យ​វា​មាន​តម្លា​ភាព​ និង​ស្ដង់​ដារ​ស្រប​តាម​ស្ដង់​ដារ​របស់​ក្រុម​ហ៊ុន​ចុះ​បញ្ជី​លើ​ផ្សារ​ហ៊ុន​។​​

តើ​អ្វី​ជា​​គោល​បំ​ណង​ចម្បង ​របស់​លោក​ក្នុង​ការ​ធ្វើ​ដូ​ច្នេះ​?​

ក្រុម​ហ៊ុន​ប្រឹ​ក្សា​យោ​បល់​ហិរ​ញ្ញ​វត្ថុ​ ជួយ​ពួក​យើង​សម្រាប់​តម្លា​ភាព​ហិ​រញ្ញ​វត្ថុ​។ តា​មរយៈ​តម្លា​ភាព​​ក្នុង​របាយ​ការណ៍​​​ហិរ​ញ្ញ​វត្ថុ​ យើង​អាច​រក​មូល​និ​ធិ​​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។ ​គោល​បំ​ណង​របស់​យើង​នឹង​ពង្រីក​​ពា​ណិជ្ជ​កម្ម​របស់​យើង​។​

យើង​ គ្រោង​នឹង​ពង្រីក​ហាង​លក់​របស់​​យើង​ដល់​ ១០០ ​ហាង​ត្រឹម​​ឆ្នាំ​ ២០២៥​។ ដើ​ម្បី​ទៅ​ដល់​ទី​នោះ ​យើង​ត្រូវ​ការ​ការ​គាំទ្រ​ផ្នែក​មូល​និ​ធិ​។ ដើ​ម្បី​ទទួល​​មូល​និ​ធិ​ប្រ​កប​ដោយ​ជោគ​ជ័យ​ យើ​ង​ចាំ​បាច់​ត្រូវ​​មាន​របាយ​ការណ៍​​ហិ​រញ្ញ​វត្ថុ​ប្រ​កប​ដោយ​តម្លា​ភាព​ និង​អភិ​បាល​​កិច្ច​ល្អ​។ ដូ​ច្នេះ​ ការ​មាន​​ក្រុម​ហ៊ុ​ន​ប្រឹក្សា​​ហិ​រញ្ញ​វត្ថុ ​ដែល​​មាន​ជំ​នាញ​ និង​ឯក​​ទេស​​មាន​​សារៈ​សំ​ខាន់​បំ​ផុត​​។​

នៅ​ពេល​យើង​ធ្វើ​ឲ្យ​មាន​លក្ខ​ណៈ​ស្ដង់​ដារ​ និង​គុណ​ភាព​គ្រប់​គ្រាន់​​យើង​មាន​ជម្រើស​ក្នុង​ការ​​រក​មូល​និ​ធិ​តាម​រយៈ​​បណ្ដាញ​ជា​ច្រើន។ យើង​អាច​ទៅ​ផ្សារ​មូល​បត្រ​កម្ពុជា (CSX) ថា​តើ​ត្រូវ​ចុះ​បញ្ជី ឬ​បោះ​ផ្សាយ​​លក់​ភាគ​ហ៊ុន ឬ​បោះ​ផ្សាយ​​លក់​មូល​​បត្រ​បំ​ណុល​។ ​យើង​អាច​រក​មូល​និ​ធិ​តាម​រយៈ​​ក្រុម​ហ៊ុន​មូល​ធន ឬ​​ក្រុម​​វិ​និ​យោ​គិន​លក្ខណៈ​បុ​គ្គល​។​

តើ​នរណា​ខ្លះ​ជា​ក្រុម​វិ​និ​យោ​គិន​​បច្ចុ​ប្បន្ន​របស់​ Park Café?

Park Café ត្រូវ​បាន​បង្កើត​ឡើង​ដោយ​​ក្រុម​ពា​ណិជ្ជ​ករ​​ក្នុង​ស្រុក​​មួយ​ក្រុម​ ​ហើយ​ពេល​នេះ​​មាន​ការ​​វិ​និ​យោគ​​មក​ពី​​ក្រុម​ហ៊ុន​បរ​ទេស​។ ​

Emerging Markets Investments Pte Ltd (EMI) ជា​ក្រុម​ហ៊ុន​វិ​និ​យោគ​ ដែល​​គ្រប់​គ្រង​​ក្រុម​ហ៊ុន​មូល​និ​ធិ​ Cambodia-Laos Development Fund (CLDF​) ​ចុះ​បញ្ជី​នៅ​​ប្រ​ទេស​ លុច​​សំបួ ​​ដែល​បាន​ទិញ​ភាគ​ហ៊ុន​​មួយ​ចំ​នួ​ន​ពី​ក្រុម​ហ៊ុន​របស់​យើង​ ហើយ​នៅ​ពេល​នេះ​ក្រុម​ហ៊ុន​ CLDF គ្រប់​​គ្រង​​ភាគ​ហ៊ុន​ ៣៧,៥​ ភាគ​រយ​នៅ​ក្នុង​ Park Café​។ ​ភាគ​ហ៊ុន​នៅ​សល់​ ត្រូវ​បាន​​គ្រប់​គ្រង​ដោយ​​ក្រុម​វិ​និ​យោ​គិន​ក្នុង​ស្រុក​។​

តើ Park Café ​រីក​ច្រើន​ដូច​ម្ដេច ​ចាប់​តាំង​ពី​ប្រតិ​បត្តិ​ការ​ជា​លើក​ដំ​បូង​​រហូត​មក​ដល់​ពេល​នេះ?​ ហើយ​​មាន​ហាង​ប៉ុ​ន្មាន​ហើយ​មក​ដល់​ពេល​នេះ?​

កាល​ពី​ឆ្នាំ ​២០០៤​ នៅ​ពេល Park Café ​ត្រូវ​បាន​បង្កើត​ឡើង​ យើ​ង​​មាន​សា​ខា​តែ​មួយ​ប៉ុ​ណ្ណោះ​។ ប៉ុន្តែ​សព្វ​ថ្ងៃ​ យើង​មាន​ ១៥ ​សា​ខា​ ដែល​ក្នុង​នោះ ៤​ សា​ខា​គឺ​ជា​ហាង​ទទួល​បាន​សិទ្ធិ​ធ្វើ​អា​ជីវ​កម្ម។ ​បច្ចុ​ប្បន្ន​យើង​ផ្ដល់​ការ​ងារ​ដល់​ប្រជា​ជន​កម្ពុជា​ប្រ​ហែល ៥​០០​នាក់​។

យើង​នឹង​ពង្រីក​ហាង​របស់​យើង​បន្ថែម​ទៀត​នៅ​ឆ្នាំ​ក្រោយ​។ ចំ​នួន​អតិ​ថិ​ជន​របស់​យើង​ បាន​កើន​​ឡើង​ប្រ​ចាំ​ឆ្នាំ​ផង​ដែរ​។ កាល​​ពី​ឆ្នាំ​មុន​ យើង​ទទួល​បាន​​អ​តិ​ថិ​ជន​ប្រ​ហែល​ ១,៥ ​លាន​នាក់។ ​​ឆ្នាំ​នេះ ​យើង​រំ​ពឹង​ថា​អ​តិ​ថិ​ជន​របស់​យើង​នឹង​កើន​ឡើង​ដល់​ជិត​ ២ ​​លាន​នាក់​។​

ហេតុ​អ្វី​បាន​ជា​លោក​គិត​ថា ​ក្រុម​វិនិ​យោ​គិន​គួរ​តែ​វិ​និ​យោគ​​ក្នុង​ក្រុម​ហ៊ុន​​លោក​នៅ​ពេល​លោក​​រក​មូល​និ​ធិ​?​

Park Café ​គឺ​ជា​យី​ហោ​ចាស់​ទុំ​មួយ​នៅ​ក្នុង​ឧស្សា​ហ​កម្ម​អា​ហារ ​និង​ភេស​ជ្ជៈ​កម្ពុជា​។ យើង​គឺ​ជា​​យី​ហោ​ក្នុង​ស្រុក​ ដែល​​បម្រើ​អា​ហារ​ក្នុង​ស្រុក។ មនុស្ស​ជា​ច្រើន​អាច​មើល​រំ​លង​សក្ដានុ​ពល​អា​ជីវ​កម្ម​របស់​យើង​ ប៉ុន្តែ​ធៀប​នឹង​ចង្វាក់​ភោជ​នីយ​ដ្ឋាន​​ផ្សេង​ទៀត​ យើង​​មាន​​​សមត្ថ​ភាព​ប្រ​កួត​ប្រ​ជែង​ខ្លាំង។ តើ​ញឹក​ញាប់​ប៉ុន​ណា​ដែល​​​អ​តិ​ថិ​ជន​​ញ៉ាំ​បា​យ​ ឬមី​?​តើ​អតិ​ថិ​ជន​ញ៉ាំ​ភី​ហ្សា​ប៉ុ​ន្មាន​ដង​​?

ការ​បម្រើ​អាហារ​ក្នុង​ស្រុក​គឺជា​ភាព​ផ្ដាច់​មុខ​របស់​យើង​។ យើង​បម្រើ​អា​ហារ​ដែល​អ​តិ​​ថិ​ជន​អាច​ញ៉ាំ​បាន​រាល់​ថ្ងៃ​។​

ក្រៅ​ពី​នេះ យើង​បាន​បង្កើត​មជ្ឈ​មណ្ឌល​បណ្ដុះ​បណ្ដាល ដើ​ម្បី​អ​ភិវឌ្ឍ​ធន​ធាន​មនុស្ស​របស់​យើង​ ឲ្យ​មាន​អា​ជីព​​ពិត​ប្រាកដ​។​

តើ​លោក​រំ​ពឹង​ទុក​យ៉ាង​ណា​លើ​​អ​នា​គត​នៃ​ទី​ផ្សារ​អា​ហារ​ និង​ភេស​ជ្ជៈ​កម្ពុជា​?​

វា​នឹង​បន្ត​កើន​ឡើង ស្រប​នឹង​កំ​ណើន​​សេដ្ឋ​កិច្ចរ​បស់​កម្ពុជា។ ​GDP កម្ពុជា​ក្នុង​មនុស្ស​ម្នាក់​ៗ​ បាន​​កើន​ឡើង​ប្រ​ចាំ​ឆ្នាំ​ ដោយ​ចំ​នួន​អ្នក​​មាន​ប្រាក់​ចំ​ណូល​កណ្ដាល​ បាន​កើន​ឡើង​ផង​ដែរ​។ ផ្សារ​​ទំ​នើប​ជា​ច្រើន​នឹង​បើក​ដំ​ណើរ​ការ​ និង​ការ​​វិ​និ​យោគ​លើ​ផ្សារ​​ទំ​នើប​នឹង​ទាក់​ទាញ​​ក្រុម​វិ​និ​យោ​គិន ​F&B ឲ្យ​ចូល​មក​ទី​ផ្សារ​នេះ ទាំង​វិ​និ​យោ​គិន​​ក្នុង​ស្រុក និង​អន្តរ​ជាតិ​។​

ខណៈ​ទី​ផ្សារ​នេះ​នឹង​កើន​ឡើង ​ប្រតិ​បត្តិ​ករ​កាន់​តែ​ច្រើន​ នឹ​ង​ចូល​មក​ទី​ផ្សារ​នេះ​។ វា​បណ្ដាល​ឲ្យ​មាន​​ការ​ប្រ​កួត​ប្រ​ជែង​​ និង​ហា​និ​ភ័យ​កាន់​តែ​ខ្លាំង​ឡើង​ សម្រាប់​ក្រុម​វិ​និ​យោ​គិន​ថ្មី​ៗ ​នៅ​ពេល​ពួក​គេ​ចង់​ចូល​ទី​ផ្សារ​នេះ​។ ​​

ពេល​នេះ​ប្រ​តិប​ត្តិ​​ករ​ នឹង​ត្រូវ​ការ​យល់​ដឹង​ទី​ផ្សារ​នេះ​​ឲ្យ​កាន់​តែ​ច្បាស់​ និង​មាន​​​ជំ​នា​ញ​​កាន់​តែ​ខ្លាំង​។ បញ្ហា​​ប្រ​ឈម​ផ្សេ​ង​ទៀត​គឺ​ថា ​​ពេល​ឧស្សា​ហ​​​កម្ម​នេះ​​រីក​ច្រើន​​យ៉ាង​រហ័ស​ វា​ប្រ​ឈ​ម​នឹង​កង្វះ​​ធន​ធាន​មនុ​ស្ស​​។ តម្លៃ​ជួល​​ហាង​កំ​ពុង​កើន​ឡើង​​ផង​ដែរ ​ដែល​ជា​បញ្ហា​ប្រ​ឈម​ដ៏​សំ​ខាន់​​មួយ​សម្រាប់​ពួក​យើង​៕​LA