
កញ្ញា ផេង គឹមហ៊ន នាយកគ្រប់គ្រងក្រុមហ៊ុន Two ways communication។ ហុង មិនា
ភ្នំពេញៈ បើទោះបីមិត្តភក្តិជាអ្នកផ្តល់យោបល់ ប៉ុន្តែកញ្ញា ផេង គឹមហ៊ន មានជំនាញខាងទំនាក់ទំនងសាធារណៈ និងបម្រើការក្នុងសេវានេះជាច្រើនឆ្នាំមកហើយដែរ។
សម្រាប់សហគ្រិនជាស្ត្រីដូចជា កញ្ញា ផេង គឹមហ៊ន នាយិកាគ្រប់គ្រងក្រុមហ៊ុន Two Way Public Relations បានស្វែងយល់គ្រប់គ្រាន់ពីឱកាសអាជីវកម្ម និងមានចំណេះដឹងគ្រប់គ្រាន់លើសេវានេះ។
បន្ទាប់ពីបានបម្រើការជាអ្នកជំនាញផ្នែកទំនាក់ទំនងសម្រាប់ក្រុមហ៊ុនធំមួយនៅកម្ពុជារយៈពេល ៤ ឆ្នាំកញ្ញា ផេង គឹមហ៊ន បានសម្រេចចិត្តចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនដែលជាប្រភេទក្រុមហ៊ុនផ្តល់សេវាផ្នែកទំនាក់ទំនង ទោះបីត្រូវលះបង់ការងារមានស្ថិរភាព និងប្រាក់ខែខ្ពស់ក្តី។
អ្នកយកព័ត៌មានភ្នំពេញប៉ុស្តិ៍ ហ៊ គីមសាយ បានជួបសម្ភាសជាមួយកញ្ញា ផេង គឹមហ៊ន ដើម្បីស្វែងយល់ពីការឆ្លងកាត់ដំណើរក្នុងវិថីជំនួញ និងភាពជាសហគ្រិនស្ត្រីរបស់កញ្ញាព្រមទាំងសក្តានុពលទីផ្សារសេវាទំនាក់ទំនងនៅកម្ពុជា។
អ្វីទៅជាការងាររបស់កញ្ញាមុនពេលមានអាជីវកម្មផ្ទាល់ខ្លួន ហើយមូលហេតុអ្វីដែលជំរុញឲ្យកញ្ញាចាប់ផ្តើមដំណើរអាជីវកម្មផ្ទាល់ខ្លួននេះ?
បន្ទាប់ពីបញ្ចប់ការសិក្សាផ្នែកបរិញ្ញាបត្រគ្រប់គ្រងទូទៅនៅឆ្នាំ ២០០៤ ខ្ញុំបានធ្វើការនៅប្រទេសជិតខាងកម្ពុជាមួយចំនួនរួមមានវៀតណាម ភូមា ថៃ មុននឹងត្រឡប់មកកម្ពុជាវិញនៅចុងឆ្នាំ ២០០៩។ នាពេលនោះខ្ញុំបានចូលបម្រើការនៅក្រុមហ៊ុនកាណាឌីយ៉ា គ្រុប ដោយមានតួនាទីជាជំនួយការអនុប្រធានក្រុមហ៊ុនដោយកាន់គម្រោងទំនាក់ទំនងសាធារណៈ និងទីផ្សារ។ ខ្ញុំត្រូវបានផ្តល់ឱកាសការងារធំៗជាបន្តបន្ទាប់រហូតដល់កាន់តំណែងជាប្រធានផ្នែកទំនាក់ទំនងក្នុងគម្រោងអភិវឌ្ឍន៍កោះពេជ្រ។ ដល់ឆ្នាំ ២០១៤ ខ្ញុំត្រូវបានមិត្តភក្តិផ្តល់ការទុកចិត្តទៅលើជំនាញនេះ ហើយផ្តល់ជាគំនិតឲ្យបង្កើតអាជីវកម្មផ្ទាល់ខ្លួនដោយបើកជាក្រុមហ៊ុនផ្តល់សេវាទំនាក់ទំនងដោយខ្លួនឯង។
តើត្រូវចំណាយទុនប៉ុន្មានដើម្បីបើកអាជីវកម្មថ្មីនោះ ហើយវាដំណើរការយ៉ាងម៉េចដែរនាពេលដំបូង?
ក្រុមហ៊ុនយើងដំណើរការដំបូងនៅពាក់កណ្តាលឆ្នាំ ២០១៤ ដោយប្រើដើមទុន ៤ ម៉ឺនដុល្លារ។ យើងមានភាគហ៊ុនិក ៤ នាពេលនោះហើយខ្ញុំមានភាគហ៊ុន ២៥ ភាគរយនៅក្នុងក្រុមហ៊ុន។ វាជាការសម្រេចចិត្តដ៏មោះមុតមួយដែរ ព្រោះខ្ញុំត្រូវលះបង់ការងារល្អ មានស្ថិរភាព ប្រាក់ខែខ្ពស់។
ប្រាក់ខែក្រុមហ៊ុនដែលបង្កើតខ្លួនឯងនេះ ខ្ញុំទទួលប្រាក់ខែត្រឹមតែ ១ ភាគ ៣ ប៉ុណ្ណោះនៃប្រាក់ខែកាលនៅកាណាឌីយ៉ា។ ពេលនោះខ្ញុំជាប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុនដែលមានក្រុមការងារតែ ២ នាក់ទេ គឺខ្ញុំម្នាក់ និងបុគ្គលិកម្នាក់ទៀត។ នៅឆ្នាំដំបូង ខ្ញុំបានអតិថិជន ២ ។ គឺទី ១ ខ្ញុំធ្វើគម្រោងទំនាក់ទំនងសាធារណៈដល់ក្រុមហ៊ុន Malaysia Health Care Council (MHCC) ដែលជាគម្រោងរដ្ឋាភិបាលម៉ាឡេស៊ីដែលផ្សព្វផ្សាយពីសក្តានុពលវិស័យសុខាភិបាលម៉ាឡេស៊ីមកដល់ប្រជាជនខ្មែរ។
គម្រោងនេះ យើងទទួលចំណូលបាន ៦ ម៉ឺនដុល្លារសម្រាប់រយៈពេលមួយឆ្នាំ។ អតិថិជនមួយទៀតគឺជាក្រុមហ៊ុនដែលរៀបចំដំណើរកម្សាន្តសម្រាប់បុគ្គលិកគេមកកម្ពុជា។ វាជាកញ្ចប់ថវិកាដ៏ច្រើនមួយសម្រាប់ខ្ញុំ ហើយអតិថិជននេះខ្ញុំបានទទួលការណែនាំពីមិត្តភក្តិដែលមានក្រុមហ៊ុនស្រដៀងខ្ញុំដែរនៅប្រទេសថៃ។ មួយគម្រោងនេះយើងទទួលកញ្ចប់ថវិកា ៤០ ម៉ឺនដុល្លារ។ ខ្ញុំសប្បាយចិត្តណាស់។ សូម្បីតែគេងក៏ខ្ញុំនឹកឃើញពីការងារដែលត្រូវធ្វើដែរ។ ពេលនោះខ្ញុំមានក្រុមការងារជួយ តែគំនិតរៀបចំ និងដំណើរការផ្សេងៗខ្ញុំធ្វើម្នាក់ឯងទេ។
យើងបញ្ចប់ដំណើរការនៅឆ្នាំដំបូងដោយទទួលបានចំណូលដុលជាង ៤០ ម៉ឺនដុល្លារ គឺស្ទើរមិនគួរឲ្យជឿ។
តើគិតមកទល់ពេលនេះក្រុមហ៊ុនកញ្ញាបានវិវឌ្ឍខ្លួនយ៉ាងណាធៀបនឹងពេលដំបូង?
គិតមកទល់ពេលនេះយើងមានអតិថិជនច្រើនជាងមុន។ គ្រាន់តែអតិថិជនប្រចាំរបស់យើងដែលចុះកិច្ចព្រមព្រៀងមួយឆ្នាំពេញសម្រាប់ឲ្យយើងផ្តល់សេវាផ្នែកទំនាក់ទំនងសាធារណៈនេះមាន ៥ ក្រុមហ៊ុន។ យើងក៏មានអតិថិជនជាក្រុមហ៊ុនដែលត្រូវការសេវាយើងសម្រាប់ជាគម្រោងៗច្រើនទៀត។ ពេលនេះយើងមានក្រុមការងារដែលមានគ្នាសរុប ១២ នាក់យើងមានប្រាក់ចំណូលដុលជាង ១ លានដុល្លារក្នុងមួយឆ្នាំៗ។
តើអ្វីជាសេវាកម្មស្នូលរបស់ក្រុមហ៊ុន Two Way Public Relations? ហើយធ្វើការជាមួយអ្នកណាខ្លះ?
សេវាកម្មរបស់យើងគឺយើងផ្តល់ជាការប្រឹក្សា និងផ្តល់យុទ្ធសាស្ត្រខាងទំនាក់ទំនងដល់អតិថិជន។ អតិថិជនរបស់យើងដែលជាក្រុមហ៊ុនអាជីវកម្មផ្សេងៗ គាត់តែងមានសកម្មភាពជាច្រើនមានដូចជាការធ្វើសកម្មភាពទីផ្សារក្នុងគោលដៅផ្សព្វផ្សាយ និងបង្កើនការស្គាល់របស់សាធារណជនពីផលិតផល ឬ សេវាកម្ម ឬគម្រោងដែលគេកំពុងធ្វើ។ ការងាររបស់យើងគឺ យើងផ្តល់ជាយោបល់ និងធ្វើកិច្ចការដល់អតិថិជនដើម្បីកសាងទំនុកចិត្ត កសាងទំនាក់ទំនងទៅដល់សាធារណជន។ យើងកសាងទំនុកចិត្តរបស់សាធារណជនមកលើក្រុមហ៊ុនដែលជាអតិថិជនរបស់យើងតាមសារព័ត៌មាន និងបណ្តាញសង្គម។
កញ្ញាយល់យ៉ាងម៉េចពីតម្រូវការសេវាកម្មទំនាក់ទំនងនៅកម្ពុជាហើយវាមានសារៈសំខាន់យ៉ាងដូចម្តេចខ្លះ?
ប្រទេសយើងជាប្រទេសកំពុងអភិវឌ្ឍន៍ហើយទទួលបានលំហូរវិនិយោគពីបរទេសច្រើន។ ក្រុមហ៊ុនបរទេសទាំងនេះមកពីប្រទេសជឿនលឿន គេយល់ច្បាស់ពីសារៈប្រយោជន៍នៃការចំណាយលើការកសាងទំនុកចិត្តរបស់សាធារណជនតាមរយៈសេវាទំនាក់ទំនង (PR) ដែលមានវិជ្ជាជីវៈ។ ក្រុមហ៊ុនក្នុងស្រុកជាច្រើនក៏រីកចម្រើនដែរ តែគាត់មិនទាន់ស្វែងយល់ខ្លាំងពីសារៈប្រយោជន៍នៃការធ្វើ PR នេះនៅឡើយ។
ខ្ញុំគិតថាបន្តិចម្តងៗគាត់នឹងចាប់ផ្តើមយល់ច្រើនជាងមុន ហើយនេះជាសក្តានុពលបន្ថែមទៀតសម្រាប់យើងដែលជាក្រុមហ៊ុនផ្តល់សេវា PR។ ចក្ខុវិស័យរបស់យើងគឺសម្លឹងមើលក្រុមហ៊ុនក្នុងស្រុកដោយសារក្រុមហ៊ុនក្នុងស្រុកបានរីកចម្រើន ហើយមានលទ្ធភាពកាន់តែច្រើនដើម្បីចំណាយលើ PR។
ជាស្ត្រី តើការធ្វើអាជីវកម្មមានការលំបាកយ៉ាងដូចម្តេចខ្លះ? មានជួបការរើសអើងដែរឬទេ?
ជាបទពិសោធរបស់ខ្ញុំមិនមានការរើសអើងអីនោះទេ។ អតិថិជនគេទុកចិត្តច្រើន។
ការងារខ្ញុំ និងទីតាំងដែលខ្ញុំប្រតិបត្តិការមិនបង្កជាក្តីបារម្ភពីសុវត្ថិភាពអីនោះទេ។ តែខ្ញុំយល់ថាការងារនេះស្ត្រីបែរជាមានសក្តានុពលជាងបុរសទៅវិញ។ ពេលខ្លះយើងជាមនុស្សស្រី ហើយទៅចរចាជាមួយអតិថិជនជាមនុស្សប្រុសអាចជោគជ័យច្រើន។ គេមានមនោសញ្ចេតនា គេឲ្យតម្លៃដល់ស្ត្រី ហើយចង់ផ្តល់ឱកាសដល់ស្ត្រីមានជំនាញ។
ជាឧទាហរណ៍ជាក់ស្តែងមនុស្សប្រុសទោះគាត់មានតំណែងធំយ៉ាងណានៅស្ថាប័នរដ្ឋ ឬ ក្រុមហ៊ុនពេលយើងដើរទន្ទឹមគ្នាក៏គាត់តែងបែរជាបើកទ្វារឲ្យយើងដែរទុកជាការគួរសម។ ពេលខ្លះយើងណាត់ភ្ញៀវ ហើយគេជាភ្ញៀវ គេបែរចេញលុយឲ្យយើងទៀតក៏មាន។ ជាបទពិសោធខ្ញុំមនុស្សស្រីតែងតែត្រូវបានគេផ្តល់ឱកាសឲ្យ។ សម្រាប់បងប្អូនស្ត្រីផ្សេងៗ បើមានក្តីស្រមៃ ត្រូវតែចាប់ផ្តើមធ្វើការងារពិតដើម្បីសម្រេចក្តីអ្វីស្រមៃក្តីប្រាថ្នានោះ៕BP