ភ្នំពេញៈ Cambodia Airports ដែលជា​ក្រុមហ៊ុន​សម្បទាន​យូរអង្វែង​នៃ​បណ្តាញ​អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង ៣ ​របស់​កម្ពុជា​បាន​ប្រគល់​ផែនការមេ​រយៈពេល​វែង​ចុងក្រោយ​កាលពី​ថ្ងៃ​អង្គារ​សម្រាប់​ការអភិវឌ្ឍ​ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ដល់​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ (SSCA)​។

ផែនការមេ​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​នេះ គឺ​ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកដំណើរ​ និង​ការដឹកជញ្ជូន​ទំនិញ​ក្នុង​រយៈពេល ២​ ទសវត្សរ៍​ខាងមុខ​។

លោក Alain Brun អគ្គនាយក​ក្រុមហ៊ុន Cambodia Airports បាន​ចុះហត្ថលេខា​ប្រគល់​នូវ​ផែនការ​អភិវឌ្ឍន៍ និង​វិនិយោគ​រយៈពេល ២០ ​ឆ្នាំ​ជាមួយ​លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ដ្រី​ទទួលបន្ទុក SSCA នៅ​ការិយាល័យ​របស់លោក​។ នេះ​បើ​យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​។

សេចក្ដី​ប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា គម្រោង​សំខាន់​មួយ​ក្នុងចំណោម​គម្រោង​ទាំងនេះ​ដែល​គ្រោង​បញ្ចប់​ក្នុងពេល​ឆាប់ៗ គឺ​ការពង្រីក និង​ជួសជុល​ផ្លូវ​រត់ ដើម្បី​ទទួល​យន្តហោះ​ធំ និង​យន្តហោះ​ហោះ​រយៈពេល​វែង​។

លោក Brun ថ្លែងថា​៖ «​ផែនការមេ​សម្រាប់​អាកាសយាន​អន្តរជាតិ​ក្នុង​ក្រុងព្រះសីហនុ​គឺជា​សក្ខីភាព​របស់​ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា​។ ក្រុមហ៊ុន Vinci Airports ប្តេជ្ញាចិត្ត​ក្នុងការ​លើកកម្ពស់​ការតភ្ជាប់​វិស័យ​អាកាសចរណ៍ ដូច្នេះ​វា​ជា​ការចូលរួម​ចំណែក​ក្នុង​ការដោះ​សោ​ឱកាស​ធុរកិច្ច និង​ទេសចរណ៍​សម្រាប់​ផលប្រយោជន៍​ដល់​ប្រជាជន​ខ្មែរ​ទាំងអស់​»​។

លោក ស៊ិន ចាន់សេរីវុត្ថា អ្នក​នាំពាក្យ SSCA បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ផែនការ​នេះ​គឺជា​ការធ្វើ​បច្ចុប្បន្នភាព​ចុងក្រោយ​បំផុត​ចំពោះ​ផែនការ​វិនិយោគ​រយៈពេល​វែង ដោយ​ក្រុមហ៊ុន Cambodia Airports សម្រាប់​ពង្រីក​ហេដ្ឋារចនាសម្ព័ន្ធ​ព្រលានយន្តហោះ ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នកដំណើរ និង​ការដឹក​ទំនិញ​នៅក្នុង​រយៈពេល​ ២ ​ទសវត្សរ៍​ខាងមុខ​។

លោក​បន្តថា ដំណាក់កាល​ទី​ ១ នៃ​ផែនការ​នេះ​នឹង​ធ្វើឡើង​ចន្លោះ​ពេលនេះ​ដល់​ឆ្នាំ​ ២០៣០ ហើយ​ក្រុមហ៊ុន Cambodia Airports កំពុង​រៀបចំ​ផែនការ​ផ្លាស់ប្តូរ​ទ្រង់ទ្រាយ​ធំ ដែល​​រួមមាន​ការពង្រីក​ផ្លូវ​រត់​ដល់ ៣ ៣០០ ​ម៉ែត្រ​ពី​បច្ចុប្បន្ន​មាន​ប្រវែង ២ ៥០០ ​ម៉ែត្រ​ ​ផ្លូវ​នាំចូល​ចំណត​ថ្មី ចំណត​យន្តហោះ និង​ស្ថាបនា​ចំណត​អ្នកដំណើរ​ថ្មី​ដែល​អាច​ទទួល​អ្នកដំណើរ​បាន ៣ ​លាន​នាក់​។

លោក​បន្តថា សម្រាប់​ដំណាក់កាល​ទី​ ២ រហូតដល់​ឆ្នាំ​ ២០៤០ គឺ​ការពង្រីក​ស្ថានីយ​អ្នកដំណើរ​លើ​ទីតាំង​ថ្មី ផ្លូវ​រត់ និង​ទីវាលចត ការបន្ថែម​សេវាកម្ម និង​កន្លែង​លក់ទំនិញ​ដើម្បី​បំពេញតម្រូវការ​អ្នកដំណើរ ៦ ​លាន​នាក់​។

កាលពី​ឆ្នាំ​ ២០១៩ ចំនួន​អ្នកដំណើរ​ឆ្លងកាត់​ព្រលាន​យន្តហោះ​អន្តរជាតិ​របស់​កម្ពុជា​មាន​ចំនួន​សរុប ១១,៦ ​លាន​នាក់​ក្នុង​នោះ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ ៦ ​លាន​នាក់ និង​ព្រលាន​យន្តហោះ​អន្តរជាតិ​សៀមរាប ៣,៩ ​លាន​នាក់​។ ការចាប់ផ្ដើម​ពី​មូលដ្ឋាន​ទាប ប៉ុន្តែ​ទទួល​បាន​កំណើន​ ៣ ​ខ្ទង់ ព្រលាន​យន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​ទទួល​អ្នកដំណើរ​បាន​ជាង ១,៦ ​លាន​នាក់​។ ព្រលាន​យន្តហោះ​ទាំង​ ៣ ​នេះ​មាន​ទិសដៅ​ជាង​ ៥៥ និង​ទទួល​ជើងហោះហើរ​ប្រមាណ ៧០០ ក្នុង​ ១ ​សប្ដាហ៍​៕LA