ក្រុងវ៉ាស៊ីនតោនៈ កំពង់ផែ​របស់​សហរដ្ឋអាមេរិក​ដែល​ទទួល​កប៉ាល់​ដឹក​ទំនិញ​នាំចូល​តម្លៃ​រាប់រយ​ពាន់​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ​នឹង​ទទួល​រង​ផលប៉ះពាល់​មុន​គេ​បង្អស់ បើ​សង្គ្រាម​ពាណិជ្ជកម្ម​ដែល​ផ្តួចផ្តើម​ដោយ​រដ្ឋបាល​របស់​លោក ដូណាល់ ត្រាំ ចាប់ផ្តើម​ធ្វើឲ្យ​សេដ្ឋកិច្ច​សកល​ថយ​ចុះ​។

ខណៈ​សេតវិមាន​គំរាម​ដកហូត​ពន្ធ​កាន់តែ​ខ្ពស់​លើ​ទំនិញ​របស់​ចិន​ដែល​មាន​តម្លៃ ២០០ ​ពាន់​លាន​ដុល្លារ អ្នក​គ្រប់គ្រង​កំពង់ផែ​អាមេរិក​កំពុង​អោបក្រសោប​ទស្សនវិស័យ​នៃ​ការលុបចោល​ការដឹកជញ្ជូន និង​ការបាត់បង់​ការងារ បន្ទាប់ពី​អាច​នឹង​មាន​វិធានការ​តបត​ដែល​ធ្វើ​ឡើង​ដោយ​រដ្ឋាភិបាល​ចិន​។ នេះ​បើ​យោង​តាម​ការ​រាយកាណ៍​របស់​សារព័ត៌មាន CNBC កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​។

ស្ថិតិ​ពី​កំពង់ផែ​ផ្លូវការ​ចំនួន ៣២៨ ដែល​បាន​មកពី​នាយកដ្ឋាន​ការពារ​ព្រំដែន និង​គយ​អាមេរិក​បាន​បង្ហាញ​ថា ទំនិញ​តម្លៃ​ជាង ៥០៥ ពាន់​លាន​ដុល្លារ​បាន​មក​ដល់​ពី​ប្រទេស​ចិន​កាលពី​ឆ្នាំ​មុន​។

កំពង់ផែ​ភាគ​ខាង​ត្បូង​រដ្ឋ​កាលីហ្វ័រនីញ៉ា​ទទួល​ការ​នាំចូល​ទំនិញ​ចិន​តម្លៃ ១៧៣ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​មុន​ប្រហែល​ ១ ​ភាគ​ ៣ ​នៃ​ទំនិញ​ទាំងអស់​ដែល​ដឹក​មកពី​ប្រទេស​ចិន​ទៅ​សហរដ្ឋអាមេរិក​។

កំពង់ផែ Los Angeles/Long Beach Seaport កំពង់ផែ Chicago និង​កំពង់ផែ New York គឺជា​កំពង់ផែ​ ៣ ​ធំ​បំផុត​ក្នុង​ការទទួល​ការ​នាំចូល​ទំនិញ​ចិន​។ នេះ​យោងតាម​នាយកដ្ឋាន​គ្រប់គ្រង​កំពង់ផែ​អាមេរិក​។

កំពង់ផែ Los Angeles/Long Beach Seaport បាន​ទទួល​ការនាំ​ចូល​ទំនិញ​ពី​ចិន​តម្លៃ ៧៩ ​ពាន់​លាន​ដុល្លារ កំពង់ផែ Chicago ទទួល​ការ​នាំចូល​តម្លៃ ២៣ ពាន់​លាន​ដុល្លារ និង​កំពង់ផែ New York ទទួល​ការ​នាំចូល​ទំនិញ​ចិន​តម្លៃ ២០ ពាន់​លាន​ដុល្លារ​ក្នុង​រយៈពេល ៥ ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។

បើ​យោង​តាម Descartes ដែល​ជា​អ្នក​នាំមុខ​សកល​ក្នុង​ផ្នែក​អាជីវកម្ម​ដែល​ប្រើ​ភ័ស្តុភារ​ច្រើន​បាន​ឲ្យ​ដឹងថា កំពង់ផែ Los Angeles ទទួល​បាន​ការ​នាំចូល​ទំនិញ​សរុប​ចំនួន​ ២៥០,៣ ​ពាន់​លាន​ដុល្លារ​គិត​ត្រឹម​ចុង​ឆ្នាំ​ ២០១៧ ដែល​ ៦១ ​ភាគរយ​គឺ​បាន​មកពី​ពាណិជ្ជកម្ម​ជាមួយ​ចិន​។ អនុ​បាត​គឺ​ ៣១ ​ភាគរយ​នៅក្នុង​កំពង់ផែ New York ដែល​ដាក់ និង​បញ្ចេញ​ទំនិញ​ចំនួន​ ១៦៥,២៦ ​ពាន់​លាន​ដុល្លារ​។

ស្ថិតិ​បាន​បង្ហាញ​ថា អាជីវកម្ម​ពាក់ព័ន្ធ​នឹង​ចិន​មាន​ចំនួន​ជាង​ ១ ​ភាគ​ ៤ ​នៃ​ទំហំ​ពាណិជ្ជកម្ម​សរុប​សម្រាប់​កំពង់ផែ​ចំនួន ១៦ នៃ​កំពង់ផែ​ធំ​បំផុត​ចំនួន ២០ ក្នុង​សហរដ្ឋអាមេរិក​៕ The People''s Daily/PS