ភ្នំពេញៈ ផ្លូវ​ក្រវាត់​ក្រុងខ្សែ​ទី ៣ ដែល​មាន​ប្រវែង​ជាង ៥០ គីឡូ​ម៉ែត្រ​ត្រូវ​បាន​បើក​ដំណើរការ​សាងសង់​ជា​ផ្លូវ​ការ​ហើយ​​កាល​ពី​ម្សិលមិញ​ដោយ​គ្រោង​នឹង​ចំណាយ​ថវិកា​សរុប​ជាង ២៧០ លាន​ដុល្លារ​ក្រោម​ការ​ផ្តល់​ហិរញ្ញប្បទាន​សម្បទាន​ពី​ប្រទេស​ចិន និង​ប្រាក់​បដិភាគ​ពី​រាជ​រដ្ឋាភិបាល​កម្ពុជា។

ផ្លូវ​ក្រវាត់​ក្រុង​ទី​ ៣ ដែល​មាន​ប្រវែង ៥២,៩៨៣ គីឡូ​ម៉ែត្រ​នេះ​នឹង​​តភ្ជាប់​ផ្លូវ​ជាតិ​លេខ ៤ និង​​ផ្លូវ​ជាតិ​លេខ ១ ដែល​ស្ថិត​ក្នុង​ភូមិសាស្រ្ត​រាជធានី​ភ្នំពេញ​និង​ខេត្ត​កណ្តាល​ដោយ​ឆ្លង​កាត់​ភ្នំពេញ ១៥,៤២៤ គីឡូ​ម៉ែត្រ និង​ឆ្លង​កាត់​ខេត្ត​កណ្តាល​​ប្រវែង ៣៧,៥៥៩ គីឡូ​ម៉ែត្រ។

ចំណុច​​ចាប់​ផ្តើម​របស់​​ផ្លូវ​ក្រវាត់​ក្រុង​នេះ​ចេញ​ពី​គីឡូ​ម៉ែត្រ​​លេខ​ ១៤+​១០៥ នៃ​​ផ្លូវ​ជាតិ​លេខ ៤ ​និង​​ចំណុច​ចុង​បញ្ចប់​នៅ​គីឡូ​ម៉ែត្រ​លេខ​ ២៤+​៨៤0 នៃ​ផ្លូវ​ជាតិ​លេខ​ ១។

ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ នេះ​គឺ​ជា​ប្រភេទ​ផ្លូវ​​ក្រាល​បេតុង​ស៊ីម៉ងត៍​សរសៃ​ដែក និង​បេតុង​កៅស៊ូ (A​C) ​មាន​ទទឹង​សរុប ២៧ ម៉ែត្រ​នៅ ក្នុង​ទី​ប្រជុំជន និង ២៥ ម៉ែត្រ​នៅ​ក្រៅ​ទី​ប្រជុំជន ដោយ​ចែក​ជា​ ៤ គន្លង (២ ទៅ ២ មក) និង​មាន​សួនច្បារ​ពុះ​ចែក​ទ្រូង​ផ្លូវ​ទទឹង ៣,៥ ម៉ែត្រ រួម​ទាំង​ផ្លូវ​​សម្រាប់​ម៉ូតូ និង​​ថ្មើរ​ជើង​នៅ​សង​ខាង។

គម្រោង​នេះ​ចំណាយ​ថវិកា​សរុប​ប្រមាណ ២៧៣ លាន​ដុល្លារ​ ដែល​ជា​ហិរញ្ញប្បទាន​សម្បទាន​ពី​រដ្ឋាភិបាល​ចិន ខណៈ​​ដែល​រដ្ឋាភិបាល​កម្ពុជា​ចូល​រួម​បដិភាគ​សម្រាប់​ការ​ដោះ​ស្រាយ​​ផល​ប៉ះពាល់​ ការ​បោស​សម្អាត​មីន​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ពន្ធ​និង​សួយ​សារ​អាករ។

លោក​​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ថ្លែង​​ក្នុង​​កម្មវិធី​បើក​​ការដ្ឋាន​សាងសង់​ផ្លូវ​ក្រវាត់​​​ក្រុង​ទី​ ៣ ​នេះ​កាល​ពី​ថ្ងៃ​ម្សិលមិញ​ថា ផ្លូវ​ក្រវាត់​ក្រុង​នេះ​នឹង​ដើរ​តួនាទី​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ជួយ​​លើក​កម្ពស់​កំណើន​សេដ្ឋកិច្ច​ជាតិ និង​បង្ក​នូវ​ភាព​ងាយ​ស្រួល​សម្រាប់​ប្រជាជន​បាន​យ៉ាង​ច្រើន ព្រោះ​បើ​និយាយ​​ពី​ការ​តភ្ជាប់​គឺ​មាន​វិសាល​ភាព​ធំ​ណាស់ ដោយ​គ្រប​ដណ្តប់​គ្រប់​ផ្លូវ​ជាតិ​ទាំង​អស់​​ដែល​ចេញ​ពី​រាជធានី​ភ្នំពេញ​។​

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ផ្លូវ​នេះ​នឹង​ជួយ​កាត់​បន្ថយ​ការ​កក​ស្ទះ​ និង​បង្កើត​ភាព​ចំណេញ​​សម្រាប់​ប្រជាពល​រដ្ឋ​របស់​យើង​​»។

លោក​បាន​បន្ត​ថា សន្តិភាព និង​ការ​រីក​ចម្រើន​នៃ​​កម្រិត​ជីវភាព​របស់​ប្រជាជន​បាន​ធ្វើ​ឲ្យ​កម្ពុជា​មាន​កំណើន​យានយន្ត​ និង​ត្រូវ​ការ​​ផ្លូវ​ថ្នល់​កាន់​តែ​ច្រើន​​ជា​លំដាប់​។

ស្ពាន​អាកាស​​ចំនួន ៤ នឹង​ត្រូវ​សាងសង់​នៅ​តាម​បណ្តោយ​​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី ៣ នេះ​ដោយ​​ឆ្លង​កាត់​ផ្លូវ​ជាតិ​លេខ ៤ លេខ ៣ លេខ ២ និង​លេខ ២១ ដែល​មាន​ប្រវែង​សរុប ១ គីឡូ​ម៉ែត្រ។ ស្ពាន​ឆ្លង​កាត់​ទន្លេ​បាសាក់​ចំនួន ២ ក៏​និង​ត្រូវ​​សាងសង់​ផង​ដែរ​ត្រង់​ចំណុច​កោះ​អន្លង់​ចិន​ដែល​មាន​ប្រវែង​សរុប ៩៩៦ ម៉ែត្រ។

លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​​ក្រសួង​សាធារណការ និង​​ដឹកជញ្ជូន ​បាន​និយាយ​ថា កំណើន​សេដ្ឋកិច្ច និង​​ប្រជាជន​ បាន​ធ្វើ​ឲ្យ​ការ​ធ្វើ​ចរាចរណ៍​ក្នុង​រាជធានី​ភ្នំពេញ​មាន​ភាព​មមាញឹក​ និង​​កក​ស្ទះ​យ៉ាង​ខ្លាំង ដែល​តម្រូវ​ឲ្យ​មាន​ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ដឹក​ជញ្ជូន​​បន្ថែម​​ទៀត​។ លោក​បាន​បន្ថែម​ថា កំណាត់​ផ្លូវ​ក្រវាត់​ក្រុង​ខ្សែ​ទី ៣ នេះ​ក៏​នឹង​​តភ្ជាប់​ផង​ដែរ​ទៅ​នឹង​ផ្លូវ​ទំនប់​កប់​ស្រូវ​ផ្លូវ​ជាតិ​​លេខ ៥ ផ្លូវ​ឈ្នះឈ្នះ (ផ្លូវ​លីយ៉ុង​ផាត់) និង​ផ្លូវ​ជាតិ​លេខ ៦។

លោក​បាន​មាន​​​​ប្រសាសន៍​ថា៖ «ផ្លូវ​នេះ​នឹង​ប្រែ​ក្លាយ​ទៅ​ជា​ផ្លូវ​ក្រវាត់​ក្រុង​ដ៏​ធំ​និង​ទំនើប​មួយ​បម្រើ​​ឲ្យជា​ផ្លូវ​ដឹក​ជញ្ជូន​វាង​រាជធានី​ភ្នំពេញ និង​បំពេញ​ឲ្យ​ការ​តភ្ជាប់​ផ្លូវ​អាស៊ាន​ហាយវ៉េ (AH1 និង AH11) និង​ផ្លូវ​របៀង​សំខាន់​ៗ​របស់​មហា​អនុ​តំបន់​មេគង្គ»។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា បាន​សម្តែង​ក្តី​​រីករាយ​ចំពោះ​ការ​ចាប់​ផ្តើម​សាងសង់​ផ្លូវ​ក្រវាត់​ក្រុង​ទី ៣ ​នេះ ដោយ​លោក​លើក​ឡើង​ថា ការ​សាងសង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់ គឺ​​ជា​រឿង​ប្រសើរ​ណាស់​សម្រាប់​​​វិស័យ​ដឹក​ជញ្ជូន ព្រោះ​បច្ចុប្បន្ន​​ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​កម្ពុជា​កំពុង​​កើន​ឡើង​យ៉ាង​ច្រើន​​ជា​រៀង​រាល់​ថ្ងៃ​។

លោក​មាន​ប្រសាសន៍​ថា៖​ «​​នៅ​ពេល​មាន​ផ្លូវ​នេះ​ វា​នឹង​ធ្វើ​ឲ្យ​ការ​ដឹក​ជញ្ជូន​ទំនិញ​កាន់​តែ​មាន​ភាព​ងាយ​ស្រួល ពិសេស​​​ចំណេញ​​ពេល​បាន​​យ៉ាង​ច្រើន​ ដោយ​មិន​ចាំ​បាច់​កកស្ទះ​ចរាចរណ៍​នៅ​កណ្តាល​ក្រុង​ទៀត​ទេ​»។​

លោក​បាន​ប្រាប់​ទៀត​ថា តាម​ការ​សិក្សា​របស់​អង្គការ JICA នា​ពេល​កន្លង​មក​ បាន​ឲ្យ​ដឹង​ថា ការ​ដឹក​ជញ្ជូន​ទំនិញ​នៅ​ក្នុង​​ឆ្នាំ​ ២០២៣ នឹង​​កើន​ឡើង​ពី​ ២ ទៅ ៣​ ​ដង​ បើ​ធៀប​នឹង​បរិមាណ​ក្នុង​ឆ្នាំ​ ២០១៨។​

ផ្លូវ​នេះ​ត្រូវ​បាន​សាងសង់​ដោយ​ក្រុមហ៊ុន​ចិន Shanghai Construction Group Co., Ltd ដោយ​​​មាន​ការ​ត្រួត​ពិនិត្យ​បច្ចេក​ទេស​សាងសង់​ដោយ​​ក្រុមហ៊ុន​ទី​ប្រឹក្សា​បច្ចេកទេស​ Guangzhou Wanan Construction Supervision Co., Ltd និង​ចំណាយ​ពេល​សាងសង់ ៤២ ខែ​ ដោយ​គ្រោង​​​នឹង​បញ្ចប់​ក្នុង​​ឆ្នាំ ២០​២១។

បច្ចុប្បន្ន​រាជធានី​ ភ្នំពេញ​មាន​ផ្លូវ​ខ្សែ​ក្រវាត់​ក្រុង​ចំនួន​ ៣ ខ្សែ​ ដែល​ខ្សែ​​ទី​ ១ ចាប់​ផ្តើម​ចេញ​ពី​ចំណុច​​គល់​ស្ពាន​​ជ្រោយ​ចង្វារ​ឆ្ពោះ​ទៅ​កាន់​​​អង់តែន​​ទួល​គោក និង​បន្ត​រហូត​​ដល់​គល់​ស្ពានច្បារ​អំពៅ (ផ្លូវ​ ២៧១) ចំណែក​ផ្លូវ​ក្រវាត់​ក្រុង​ទី​ ២ គឺ​ចេញ​ពី​ផ្លូវ​ទំនប់​កប់​ស្រូវ​ ឆ្លង​កាត់​​មហា​វិថី​សហព័ន្ធ​រុស្ស៊ី​ត្រង់​ស្តុប​ផ្សារ​ដី​ហុយ​ ឆ្ពោះ​​ទៅ​ផ្លូវ​ជាតិ​លេខ ២ (ត្រង់​ព្រែក​សំរោង ក្រុង​តាខ្មៅ)​៕ LA