ភ្នំពេញ: ទីភ្នាក់ងារជំរុញជំនួញ និងវិនិយោគទុនកូរ៉េ (Kotra) សរសើរផ្លែស្វាយនាំចេញពីកម្ពុជាទៅកាន់ទីផ្សារសាធារណរដ្ឋកូរ៉េមានគុណភាពល្អ និងទទួលបានការគាំទ្រច្រើនពីប្រជាជនកូរ៉េ ខណៈក្រុមហ៊ុនក្នុងស្រុកគ្រោងពង្រីកការនាំចេញតំណាប់ស្វាយទៅកាន់ទីផ្សារកូរ៉េនាពេលខាងមុខតាមរយៈក្រុមហ៊ុនដៃគូពាណិជ្ជកម្ម។
ការទទួលបានទីផ្សារថ្មីសម្រាប់ផ្លែស្វាយកម្ពុជានឹងរួមចំណែកបង្កើនឱកាសដល់កសិករកម្ពុជាដែលជាអ្នកដាំដុះស្វាយ ដើម្បីបង្កើនប្រាក់ចំណូល ខណៈផ្លែស្វាយកម្ពុជាពឹងផ្អែកខ្លាំងតែលើទីផ្សារប្រទេសជិតខាងមានវៀតណាម និងថៃក្នុងពេលកន្លងមក។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងកសិកម្ម លោក Jongsoo Shin អគ្គនាយក Kotra ប្រចាំកម្ពុជាបានថ្លែងថា លោកពិតជារីករាយដែលឃើញផ្លែស្វាយស្រស់នាំចេញទៅកាន់ទីផ្សារកូរ៉េទទួលបានការគាំទ្រច្រើន ហើយផ្លែស្វាយកម្ពុជាមានគុណភាពល្អ និង ស្តង់ដារបស់ប្រទេសកូរ៉េ។
លោកថ្លែងថា៖ «ខ្ញុំសាទរចំពោះវត្តមានរបស់ស្វាយស្រស់កម្ពុជានៅទីផ្សារកូរ៉េដែលកំពុងទទួលបាននូវតម្លៃល្អ និងមានការគាំទ្រជាច្រើនពីប្រជាជនកូរ៉េ ហើយ [យើងសន្យា] ជួយទាក់ទាញវិនិយោគិនកូរ៉េមកវិនិយោគនៅកម្ពុជាបន្ថែម»។
ក្រុមហ៊ុនហ៊ីយុនដាយបាននាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកូរ៉េខាងត្បូងជាលើកដំបូងចាប់តាំងពីពាក់កណ្តាលខែមករាឆ្នាំ ២០២០ បន្ទាប់ពីអាជ្ញាធរកូរ៉េទទួលស្គាល់គុណភាពស្តង់ដាអនាម័យ។
របាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានបង្ហាញថា កាលពីខែមករា និងកុម្ភៈកម្ពុជាបាននាំចេញស្វាយស្រស់ចំនួន ១៦ ៨៦៨ តោនទៅកាន់ទីផ្សារអន្តរជាតិ រួមមានប្រទេសថៃ វៀតណាម បារាំង រុស្ស៊ី កូរ៉េខាងត្បូង និងហុងកុង។
អ្នកស្រី ម៉ៅ សុភា អ្នកគ្រប់គ្រងផ្នែកលក់នៃក្រុមហ៊ុន Kirirom Food Product (KFP) Co Ltd បានឲ្យដឹងថា ក្រុមហ៊ុនរបស់អ្នកស្រីគ្រោងពង្រីកការនាំចេញតំណាប់ស្វាយទៅប្រទេសកូរ៉េខាងត្បូងបន្ថែមទៀត បន្ទាប់ពីមានតម្រូវការខ្ពស់។
អ្នកស្រីថា៖ «ក្រុមហ៊ុនខ្ញុំកំពុងស្វែងរកដៃគូវិនិយោគក្នុងការនាំតំណាប់ស្វាយទៅកាន់ទីផ្សារប្រទេសកូរ៉េ។ មានអ្នកចាប់អារម្មណ៍ជាច្រើនចង់ទិញតំណាប់ស្វាយទៅលក់បន្តនៅកូរ៉េ ប៉ុន្តែពួកគេមិនទាន់បំពេញតាមលក្ខខណ្ឌចង់បានរបស់ក្រុមហ៊ុនខ្ញុំ»។
អ្នកស្រី បន្តថា ក្រុមហ៊ុន KFP បាននាំចេញតំណាប់ស្វាយទៅកាន់ទីផ្សារអន្តរជាតិ រួមមានអូស្ត្រាលី ចិន ជប៉ុន ហ្វីលីពីន ថៃ វៀតណាម អង់គ្លេស និងសហរដ្ឋអាមេរិក ដែលនាំចេញប្រមាណ ១៨០ តោនក្នុង ១ ឆ្នាំ។
អ្នកស្រីបញ្ជាក់ថា៖ «ជាមធ្យមក្រុមហ៊ុនត្រូវការស្វាយស្រស់ប្រមាណ ៦០ តោនក្នុង ១ ថ្ងៃសម្រាប់កែច្នៃ»។
របាយការណ៍ក្រសួងកសិកម្មបានឲ្យដឹងថា ផ្លែស្វាយស្រស់ប្រមាណ ៣០០ តោនត្រូវបាននាំចូលរោងចក្រទាំង ៦ ដែលប្រតិបត្តិការកែច្នៃជារៀងរាល់ថ្ងៃក្នុងគោលដៅនាំចេញ។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងក្នុងជំនួបជាមួយអគ្គនាយក Kotraថា ក្រសួងមានផែនការបន្សុទ្ធពូជស្វាយ និងដំណាំកសិឧស្សាហកម្មជាច្រើនទៀតដើម្បីធានាដល់ការនាំចេញឲ្យមានស្ថិរភាព។
កាលពីឆ្នាំមុនកម្ពុជាបាននាំចេញស្វាយស្រស់ចំនួន ៥៨ ១៦២ តោនទៅកាន់ទីផ្សារប្រទេសវៀតណាម ថៃ សិង្ហបុរី បារាំង រុស្ស៊ី និងហុងកុង។
ផ្ទៃដីដាំដុះស្វាយនៅកម្ពុជាមានចំនួនជាង ១០ ម៉ឺនហិកតា ហើយខេត្តដែលដាំស្វាយច្រើន និងមានគុណភាពឱជារសឆ្ងាញ់ជាងគេគឺ កំពង់ស្ពឺ បន្ទាប់មកខេត្តបាត់ដំបង កំពត និងខេត្តបន្ទាយមានជ័យ ដែលភាគច្រើនដាំស្វាយកែវរមៀត៕