ភ្នំពេញៈ រាជធានីភ្នំពេញនឹងស្វាគមន៍វត្តមាននៃផ្សារទំនើបថ្មី ១ ទៀតគឺផ្សារ «K Mall» ដែលគ្រោងនឹងបើកដំណើរការនៅឆ្នាំបន្ទាប់នេះស្ថិតនៅតាមដងវិថីវេងស្រេង និងមានក្រុមហ៊ុនលក់រាយអន្តរជាតិនានា ដើម្បីឆ្លើយតបទៅនឹងភាពស៊ីវិល័យ និងការកើនឡើងនៃប្រជាជនមានប្រាក់ចំណូលមធ្យម។
K Mall ដែលអភិវឌ្ឍដោយក្រុមហ៊ុន Urbanland នឹងបើកដំណើរការជាសាធារណៈក្នុងឆ្នាំ ២០២១ ខាងមុខនេះ ដោយមានហាងជាង ៤០ ត្រៀមស្វាគមន៍អតិថិជន។
ជាមួយនឹងទំហំ ១២០០០ ម៉ែត្រការ៉េ ដែលទីតាំងសម្រាប់ជួលនៅជាន់ទី ៣ ផ្សារទំនើប K Mall នឹងផ្តល់ជម្រើសជាច្រើនរាប់ចាប់តាំងពីហាងអាហារ និងភេសជ្ជៈ ការកម្សាន្ត សម្លៀកបំពាក់ទាន់សម័យ ហាងបម្រើសេវាជាច្រើនទៀត ដែលអតិថិជនអាចដើរទិញទំនិញងាយស្រួល សម្រាប់បំពេញតម្រូវការប្រចាំថ្ងៃរបស់ខ្លួន។ នេះបើតាមមន្ត្រីក្រុមហ៊ុន។
លោក Hok Kang នាយកគ្រប់គ្រងក្រុមហ៊ុន Urbanland Asia Investment Co., Ltd បានឲ្យដឹងថា ការជួលលក់រាយនៃផ្សារទំនើប K Mall សម្រេចបានជាង ៥០ ភាគរយរហូតដល់ពេលនេះ ដោយរំពឹងថាចំនួនការជួលនឹងកើនឡើងកាន់តែច្រើនថែមទៀត ព្រោះការចុះហត្ថលេខានឹងត្រូវធ្វើឡើងក្នុងប៉ុន្មានខែខាងមុខនេះ។
លោកថ្លែងថា៖ «សម្រាប់ទស្សនវិស័យនៃការទិញរបស់ផ្សារទំនើប K Mall ជាពិសេសជាមួយនឹងទីតាំងជាយុទ្ធសាស្ត្ររបស់ខ្លួន វាគឺជាកតា្តគាំទ្រដ៏ចម្បងមួយដែលទទួលបានពីដៃគូលក់រាយរបស់យើង»។
លោកបន្ថែមថា៖ «យើងសង្ឃឹមថា អ្នកដែលទិញទំនិញរបស់យើងនឹងរីករាយជាមួយការច្នៃប្រឌិត ស្ថាបត្យកម្មដ៏ទំនើបជាមួយនឹងទំនិញ និងហាងដ៏ចម្រុះសម្បូរបែបដើម្បីបម្រើតម្រូវការរបស់ប្រជាជនកម្ពុជា»។
លោកស្រី អាន សុធីតា នាយិកាក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា ផ្សារទំនើបនៅកម្ពុជាកំពុងមាននិន្នាការកើនឡើងក្នុងរយៈពេល 4-5 ឆ្នាំចុងក្រោយនេះ។ ទោះយ៉ាងណាចំពោះផ្សារទំនើបដែលចូលមកថ្មីៗ គួរតែគិតគូរធ្វើអ្វីប្លែកពីគេតែមានលក្ខណៈបំពេញបន្ថែមឲ្យគ្នាដើម្បីរក្សានូវនិរន្តរភាព។
លោកស្រីអះអាងថា៖ «សម្រាប់ផ្សារទំនើប K Mall ដែលមានទីតាំងនៅតាមបណ្ដោយដងវិថី វេងស្រេង ដែលជាទីតាំងសម្បូរប្រជាជនមានប្រាក់ចំណូលទាប និងមធ្យម ដូច្នេះអ្វីដែលសំខាន់គឺអ្នកជួលត្រូវដឹងពីតម្រូវការរបស់អតិថិជននៅទីនោះ និងទំនិញអ្វីខ្លះគួរតែដាក់លក់នៅក្នុងផ្សារទំនើបនេះ»។
លោកស្រីបញ្ជាក់ថា៖ «យើងមិនអាចនិយាយបានថាតើផ្សារទំនើបនេះនឹងទទួលជោគជ័យឬអត់ គឺវាពិបាកណាស់នៅពេលនេះ ប៉ុន្តែវានឹងល្អក្នុងរយៈពេល ២ ឆ្នាំក្រោយ។ ម្យ៉ាងវិញទៀតផ្សារទំនើប K Mall ក៏គួរតែធ្វើឲ្យផ្សេងពីផ្សារទំនើបផ្សេងទៀត ដើម្បីក្លាយជាផលិតផលបំពេញបន្ថែមឲ្យគ្នាទៅវិញទៅមក ជាជាងប្រកួតប្រជែងនឹងផ្សារទំនើបផ្សេងទៀត»។
តាមរបាយការណ៍ស្រាវជ្រាវរបស់ក្រុមហ៊ុន CBRE Cambodia បានឲ្យដឹងថា គិតត្រឹមចុងត្រីមាសទី ១ ឆ្នាំនេះមានផ្សារទំនើប ២៣ នៅក្នុងទីក្រុងភ្នំពេញ គ្របដណ្ដប់លើផ្ទៃដីប្រហែល ៣៨ ហិកតា៕ LA