ភ្នំពេញៈ អគ្គនាយក​គណៈកម្មការ​មូលបត្រ​កម្ពុជា (SECC) លោក ស៊ូ សុជាតិ បាន​ឲ្យ​ដឹងថា ទីផ្សារ​មូលធន​បាន​ក្លាយជា​ជម្រើស​នៃ​ប្រភព​មូលធន​ថ្មី​សម្រាប់​ក្រុមហ៊ុន​ឯកជន​ដែល​កំពុង​ប្រឈម​នឹង​បញ្ហា​ក្នុង​អាជីវកម្ម​នា​អំឡុង​ការរីក​រាលដាល​កូវីដ​ ១៩​។

លោក ស៊ូ សុជាតិ បាន​ថ្លែង​បែបនេះ​ក្នុងអំឡុង​ការចុះបញ្ជី​សញ្ញា​បណ្ណ​សាជីវកម្ម​ផ្លូវការ​របស់​ក្រុមហ៊ុន RMA Cambodia នៅលើ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

លោក​ថ្លែងថា​៖ «​បើតាម​ការពិត​ពេល​នេះ​ជា​ពេលវេលា​ដ៏ស្ងប់ស្ងាត់​សម្រាប់​ទីផ្សារ​ភាគហ៊ុន ប៉ុន្តែ​វា​មិន​ស្ងាត់​សម្រាប់​យើង​ឡើយ​...​យើង​នៅតែ​មាន​ក្រុមហ៊ុន​មក​ចុះបញ្ជី​។ ប្រឈម​នឹង​ស្ថានការណ៍​នេះ​បាន​ជំរុញ​ឲ្យ​ក្រុមហ៊ុន​ជាច្រើន​ផ្អាក​ប្រតិបត្តិការ​។ ខ្ញុំ​ពិតជា​រីករាយ​ដែល​ RMA Cambodia សម្រេចចិត្ត​ចុះបញ្ជី​នៅថ្ងៃនេះ​»​។

លោក​ថ្លែងថា​៖ «​ការរីករាលដាល​កូវីដ​ ១៩ បាន​បង្រៀន​ពួកយើង​នូវ​មេរៀន​ដ៏ល្អ​មួយ​ស្ដីពី​ប្រភព​ទុន​ដែល​មាន​សារៈសំខាន់​បំផុត​។ បើ​អ្នក​ពឹង​ផ្អែកលើ​ប្រភព​ទុន​មាន​ប្រភព​តែមួយ អ្នកនឹង​ត្រូវ​ប្រឈម​នឹង​បញ្ហា​ជាច្រើន​មិន​ខាន​។ ដូច្នេះ​មូលនិធិ​ប្រមូលបាន​ពី​ផ្សារហ៊ុន​គឺជា​ការធ្វើ​ពិពិធកម្ម​នៃ​ប្រភព​ទុន​សម្រាប់​ក្រុមហ៊ុន​»​។

លោក ងន សាំង អគ្គនាយក​ក្រុមហ៊ុន RMA Cambodia បាន​ឲ្យ​ដឹង​ក្នុងអំឡុងពេល​ចុះបញ្ជី​នេះ​ថា ក្រុមហ៊ុន​បាន​ធ្វើ​ប្រតិបត្តិការ​អាជីវកម្ម​នៅក្នុង​ប្រទេស​កម្ពុជា​តាំងពី​ឆ្នាំ​ ១៩៩២ ក្នុង​ឧស្សាហកម្ម​ផ្សេងៗ និង​បាន​ក្លាយ​ជា​ដៃគូ​អាជីវកម្ម​ដ៏ល្អ​មួយ​សម្រាប់​កម្ពុជា​។

លោក​បន្ថែមថា​៖ «​ជាមួយ​នឹង​ការរីកចម្រើន RMA Cambodia កំពុង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា​។ នៅពេល​នេះ​វា​ក្លាយជា​របត់​ថ្មី​មួយ​របស់​ក្រុមហ៊ុន​ក្នុង​វិស័យ​ឯកជន​ដែល​បាន​ចុះបញ្ជី​សាធារណៈ​នៃ​ការចេញលក់​សញ្ញា​បណ្ណសា​ជីវកម្ម​លើ CSX»​។

លោក សាំង បន្តថា​៖ «​ខ្ញុំ​បាន​រង់ចាំ​ការចុះបញ្ជី​នេះ​ជា​យូរ​មកហើយ​។ ការចុះបញ្ជី​មិន​គ្រាន់តែ​នាំយក​មុខមាត់​ល្អ​សម្រាប់​ក្រុមហ៊ុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​លើកកម្ពស់​ការអភិវឌ្ឍ​ផ្សារមូលបត្រ​កម្ពុជា​ផងដែរ​។ នេះ​អាច​បង្កើន​ទំនុកចិត្ត​ក្រុម​វិនិយោគិន​សាធារណៈ ហើយ​វា​ជា​ការចូលរួម​ចំណែក​ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​»​។ លោក​បន្ថែម​ថា ប្រាក់ចំណូល​របស់​ក្រុមហ៊ុន RMA Cambodia មាន​ប្រហែល​ ៣០០ ​លាន​ដុល្លារ​ប្រចាំឆ្នាំ និង​មាន​បុគ្គលិក ៦៥៤ ​នាក់​។

លោក ហុង សុខហួរ អគ្គនាយក CSX បាន​ឲ្យ​ដឹងថា RMA Cambodia ប្រមូល​មូលនិធិ​ប្រហែល​ ២០ ​លាន​ដុល្លារ និង​ក្លាយជា​ក្រុមហ៊ុន​ឯកជន​ដំបូង​គេ​ក្រៅពី​ធនាគារ និង​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដែល​បាន​ចុះបញ្ជី​សញ្ញាបណ្ណ​សាជីវកម្ម​លើ​ផ្សារហ៊ុន​នេះ​។

លោក​ថ្លែងថា​៖ «​ការចុះបញ្ជី​នេះ​ក្លាយ​ជា​ប្រភព​មូលនិធិ​រយៈពេល​វែង​ថ្មី​មួយ​សម្រាប់​ក្រុមហ៊ុន ដើម្បី​រីកចម្រើន​បន្ថែមទៀត និង​ធ្វើ​ពិពិធកម្ម​អាជីវកម្ម​របស់ខ្លួន​។ ការចុះបញ្ជី​នេះ​នឹង​បង្កើន​ទំនុកចិត្ត​បន្ថែមទៀត​ពី​ក្រុម​វិនិយោគិន ហើយក៏​ទទួល​បាន​ការលើកទឹកចិត្ត​ផ្នែក​ពន្ធដារ​ពី​រដ្ឋាភិបាល​ផងដែរ​។ ខ្ញុំ​សង្ឃឹមថា​ជាមួយ​នឹង​ការចុះបញ្ជី​ប្រកប​ដោយ​ជោគជ័យ​នៅថ្ងៃនេះ ក្រុមហ៊ុន​នេះ​នឹង​ពិចារណា​ការចេញ​លក់​មូលបត្រ​កម្មសិទ្ធិ​ដើម្បី​អាច​ឲ្យ​វិនិយោគិន​សាធារណៈ​ក្នុង​ប្រទេស​កម្ពុជា​ចូលរួម​ជាមួយ​នឹង​កំណើន​របស់​ក្រុមហ៊ុន​»​។

គិត​ត្រឹម​ខែ​មេសា CSX បាន​ទទួល​ក្រុមហ៊ុន​ចុះបញ្ជី ១០ ​ក្នុង​ចំណោម​នោះ ៥ ជា​សញ្ញាបណ្ណ​សាជីវកម្ម និង​ ៥ ​ទៀត​ចុះបញ្ជី​ជា​មូលបត្រ​៕ LA