ភ្នំពេញ: ក្រសួង​ពាណិជ្ជកម្ម​តាមរយៈ​គម្រោង​ជំរុញ​ទីផ្សារ​សម្រាប់​កសិកម្ម​ខ្នាតតូច (AIMS) project និង​ក្រុមហ៊ុន ម៉ាក្រូ (​ខេមបូឌា) (​ផ្សារ makro) បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​គ្នា​ (MoU) ស្តីពី​ការអភិវឌ្ឍ​ខ្សែ​ច្រវាក់​តម្លៃ​ផលិតផល​កសិពាណិជ្ជកម្ម ដើម្បី​ផ្គត់ផ្គង់​រាល់​ផលិតផល​របស់ខ្លួន​នៅ​គ្រប់​សាខា​នៃ​ផ្សារ​នេះ​។

MoU នេះ​ត្រូវបាន​ធ្វើឡើង​នៅ​ទីស្តីការ​ក្រសួង​កាលពី​ថ្ងៃទី​ ២៨ ខែកញ្ញា​ ដើម្បី​ជំរុញ​ការលក់​នូវ​ផលិតផល​ដែល​បាន​ផលិត​ចេញពី​គម្រោង AIMS នេះ​ដល់​អតិថិជន​ទូទៅ​នៅ​កម្ពុជា​។

លោក កឹម ស៊ីថន រដ្ឋលេខាធិការ​ប្រចាំការ​នៃ​ក្រសួង​ពាណិជ្ជកម្ម​បាន​ថ្លែង​ក្នុង​ពិធី​ចុះហត្ថលេខា​នោះ​ថា នាពេល​បច្ចុប្បន្ននេះ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​បាន​បង្ក​ឱ្យ​មាន​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​សេដ្ឋកិច្ចសង្គម និង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ទូទាំង​សកលលោក​។

លោក​ថា ដើម្បី​ដោះស្រាយ​បញ្ហា​ចំពោះមុខ​នេះ ប្រទេស​កម្ពុជា​បាន​ចាត់វិធានការ​ប្រកប​ដោយ​ប្រសិទ្ធភាព​ខ្ពស់​ជាច្រើន ស្រប​តាម​ការណែនាំ​ពី​លោកនាយករដ្ឋមន្ត្រី​ដែល​បាន​អំពាវនាវ​ឱ្យ​ប្រជាកសិករ​ត្រូវខិតខំ​ធ្វើការ​ដាំដុះ និង​ជំរុញ​ផលិតកម្ម​កសិកម្ម​រួម​មានការ​ចិញ្ចឹមសត្វ ផលិតកម្ម​ស្រូវ និង​ការដាំ​ដំណាំ​ផ្សេងៗ​ដើម្បី​បង្កើន​បរិមាណ​ផ្គត់ផ្គង់​ឱ្យ​បាន​គ្រប់គ្រាន់​តាម​តម្រូវការ​ក្នុងស្រុក ព្រមទាំង​បង្កើត​ទីផ្សារ​ថ្មីៗ​ជូន​ប្រជាកសិករ ដែល​ជា​កាលានុវត្តភាព​ដ៏មាន​សក្តានុពល​សម្រាប់​វិស័យ​កសិកម្ម-ផលិតកម្ម​ក្នុង​នោះ​គម្រោង​ AIMS ​បាន​ដើរតួ​យ៉ាង​សំខាន់​។

លោក​បាន​បន្ថែមថា​៖ «​កន្លងមក​ថ្មីៗ​នេះ ដោយ​មើលឃើញ​ពី​ភាព​សហប្រតិបត្តិការ​បាន​ល្អ គម្រោង​អេមស៍ និង​ផ្សារ​ម៉ាក្រូ​បាន​ឯកភាព​គ្នា​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ​ឡើង ព្រោះ​យើង​មាន​គោលដៅ​សំខាន់ៗ​រួមគ្នា​»​។

ចំពោះ​គោលដៅ​ទាំងនោះ​រួមមាន​៖ បង្កើត​កិច្ចសហប្រតិបត្តិការ ដើម្បី​ផ្សព្វផ្សាយ​ផលិតផល​របស់​ប្រទេស​កម្ពុជា​តាមរយៈ​គូភាគី កំណត់​រក​ឱកាស​សម្រាប់​សកម្មភាព​សហការគ្នា និង​កម្មវិធី​នានា​ដែល​ផ្តល់​ផលប្រយោជន៍​ទៅវិញ​ទៅមក​ដល់​គូភាគី​បង្កើត​ឱកាស​សហការ​ដែល​បានកំណត់ ស្របទៅ​តាម​គោលដៅ អត្ថប្រយោជន៍ និង​គំរូ​អាជីវកម្ម​សំខាន់ៗ​របស់​ភាគី​នីមួយៗ​ធ្វើជា​ដៃគូ​យុទ្ធសាស្ត្រ​សម្រាប់​ដោះស្រាយ​បញ្ហា​ប្រឈម និង​និរន្តរភាព​នៅក្នុង​បរិបទ​នៃ​ផលិតកម្ម​កសិពាណិជ្ជកម្ម ផលិតផល​កែច្នៃ​ក្នុងស្រុក ផលិតផល​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​ក្នុងស្រុក និង​បញ្ហា​ទីផ្សារ​។

លោក​ថា​៖ «​ការងារ​នេះ​គឺជា​ចំណុច​ចាប់ផ្តើម​នៃ​កិច្ចសហប្រតិបត្តិការ​ដ៏សំខាន់​មួយ​រវាង​ភាគី​ទាំង​ ២ នៅ​ជំហាន​ជា​យុទ្ធសាស្ត្រ​បន្ទាប់​ទៀត ភាគី​ទាំង​ ២ ​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​ផលិតផល​កសិពាណិជ្ជកម្ម​សក្តានុពល​អង្ករ ក៏ដូចជា​ផលិតផល​ដែល​គម្រោង​នឹង​ពង្រីក​វិសាលភាព​អនុវត្ត និង​ផលិតផល​សម្រេច​របស់​សហគ្រាស​ធុន​តូច និង​មធ្យម​កម្ពុជា​ផ្សេងៗ​ទៀត ដើម្បី​បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ជូន​ដល់​ប្រជាពលរដ្ឋ និង​រួមចំណែក​ដល់​ការអភិវឌ្ឍ​សហគ្រាស​ធុន​តូច និង​មធ្យម​»​។

គួរ​បញ្ជាក់ថា គម្រោង​ AIMS គឺជា​គម្រោង​រួមគ្នា​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​អន្តរជាតិ​សម្រាប់​អភិវឌ្ឍ​កសិកម្ម គម្រោង​នេះ​ដឹកនាំ​ប្រតិបត្តិ​ដោយ​ក្រសួង​ពាណិជ្ជកម្ម និង​មាន​គោលដៅ​លើកស្ទួយ​វិបុលភាព​កសិករ​ខ្នាតតូច​កម្ពុជា តាមរយៈ​បង្កើន​ផលចំណេញ​កាន់តែ​ច្រើន​ដោយ​តភ្ជាប់​​កសិពាណិជ្ជកម្ម និង​ទីផ្សារ​ដោយ​ប្រតិបត្តិការ​នៅ​ ១៨ ​ខេត្ត និង​អន្តរាគមន៍​លើ​ខ្សែ​ច្រវាក់​តម្លៃ​ទំនិញ​ពាណិជ្ជ​ចំនួន​ ៥ ដូចជា បន្លែ មាន់​ស្រែ ស្រូវ ដំឡូងមី និង​សូត្រឆៅ​។

រយៈពេល​ ៣ ​ខែ​ចុងក្រោយ​នេះ ក្រុមការងារ​គម្រោង​ AIMS ​នៅ​ការិយាល័យ​មណ្ឌល​ភូមិភាគ​ពាយព្យ ជាពិសេស​ក្រុមការងារ​គម្រោង​ខេត្ត​សៀមរាប​បាន​សម្របសម្រួល​ឱ្យមាន​កិច្ចសហប្រតិបត្តិការ​រវាង​ក្រុម​កសិករ​ដាំ​បន្លែ​សុវត្ថិភាព និង​ចិញ្ចឹម​មាន់​ស្រែ​ជាមួយ​នឹង​ផ្សារ​ម៉ាក្រូ​ដែល​ទទួលបាន​នូវ​សមិទ្ធផល​ជា​ផ្លែផ្កា​គួរឱ្យ​កត់សម្គាល់ ហើយ​ផ្សារ​ម៉ាក្រូ​ខេត្តសៀមរាប​បាន​ទទួល​ទិញ​បន្លែ​សុវត្ថិភាព​ពី​ក្រុម​កសិករ​ផលិត​របស់​គម្រោង​អេមស៍​ចំនួន ៤ ៣២០ ​គីឡូក្រាម និង​បាន​ទិញ​មាន់​ស្រែ​ចំនួន ១៥៦ ​គីឡូក្រាម​។ ដោយឡែក​ផ្សារ​ម៉ាក្រូ​នៅ​ភ្នំពេញ​វិញ​បាន​ទទួល​ទិញ​បន្លែ​ពី​ក្រុម​កសិករ​ផលិត​នៅ​ការិយាល័យ​មណ្ឌល​ភូមិភាគ​បូព៌ា និង​ឦសាន ពិសេស​ក្រុម​កសិករ​ផលិត​នៅ​ខេត្ត​កំពង់ចាម​៕