ភ្នំពេញៈ ក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា (CSX) បានឲ្យដឹងថា ជាមួយនឹងផែនការរឹតបន្តឹងបទប្បញ្ញត្តិរបស់ផ្សារភាគហ៊ុនអាមេរិក Nasdaq Inc លើការបោះផ្សាយលក់មូលបត្រកម្មសិទ្ធិលើកដំបូងជាសាធារណៈ (IPO) នឹងធ្វើឲ្យកាន់តែពិបាកដល់ក្រុមហ៊ុនចិនក្នុងការចុះបញ្ជីនៅលើផ្សារហ៊ុនមួយនេះ ដែលវានឹងបង្កើតឱកាសសម្រាប់ផ្សារហ៊ុនផ្សេងទៀតរួមទាំងកម្ពុជា។
កាលពីថ្ងៃចន្ទ Reuters បានរាយការណ៍ថា ភាពតានតឹងកាន់តែខ្លាំងរវាងអាមេរិក និងចិនបានជំរុញឲ្យបញ្ហាពាណិជ្ជកម្ម បច្ចេកវិទ្យា ការរាលដាលជំងឺកូវីដ ១៩ និងការទប់ស្កាត់ថ្មីៗរបស់ផ្សារហ៊ុន Nasdaq លើ IPO របស់ក្រុមហ៊ុនចិន បានបង្ហាញការផ្ទុះឡើងអរិភាពចុងក្រោយបំផុតនៅក្នុងទំនាក់ទំនងរវាងប្រទេសមានសេដ្ឋកិច្ចឈានមុខគេទាំង ២។
ទីភ្នាក់ងារព័ត៌មានបានដកស្រង់សម្តីថា ការរឹតបន្តឹងស្ដង់ដាចុះបញ្ជីនេះគឺឆ្លុះបញ្ចាំងពីការបារម្ភរបស់ប្រតិបត្តិករផ្សារហ៊ុនមួយនេះអំពីក្រុមហ៊ុនចិនមួយចំនួនដែលស្វែងរកការធ្វើ IPO នៅផ្សារហ៊ុនអាមេរិក។
លោក Jong Weon HA អនុប្រធាន CSX បានឲ្យដឹងថានឹងមានក្រុមហ៊ុនរបស់ចិនកាន់តែច្រើនចុះបញ្ជីនៅផ្សារហ៊ុនផ្សេងទៀតក្រៅអាមេរិក។ នេះអាចជាឱកាសល្អសម្រាប់ផ្សារហ៊ុនផ្សេងទៀត។
លោកថ្លែងថា៖ «ខ្ញុំគិតថា វាជាឱកាសមួយសម្រាប់ផ្សារហ៊ុនរបស់យើង ក្នុងការចុះបញ្ជីក្រុមហ៊ុនដែលមានលក្ខណសម្បត្តិគ្រប់គ្រាន់ដែលរួមមានក្រុមហ៊ុនរបស់ចិន និងក្រុមហ៊ុនអាស៊ីអាគ្នេយ៍ផ្សេងទៀតនៅប្រទេសកម្ពុជា។ យើងនឹងមានផលិតផលកាន់តែច្រើនសម្រាប់ក្រុមវិនិយោគិន និងបង្កើនសកម្មភាពជួញដូរ ឬសន្ទនីយភាពទីផ្សារ»៕ LA