ក្រុង​ញូវយ៉កៈ ការ​សិក្សា​មួយ​ដោយ​មូលនិធិ​រូបិយវត្ថុ​ អន្តរជាតិ (IMF) បាន​រក​ឃើញ​ថា​ ប្រាក់​ចំណូល​ពី​​ពន្ធ​របស់​​អាមេរិក ដែល​​ប្រមូល​បាន​ពី​ពន្ធ​​លើ​ទំនិញ​របស់​ប្រទេស ​ចិន «​ត្រូវ​បាន​រ៉ាប់រង​ស្ទើរ​តែ​ទាំង​ស្រុង​ដោយ​ក្រុមហ៊ុន​នាំចូល​របស់​អាមេរិក​»។​

ការ​សិក្សា​​ដែល​បាន​ចេញ​ផ្សាយ​​​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​​ឲ្យ​ដឹង​ថា ពន្ធ​នាំចូល​ដែល​បាន​ដក​ហូត​​​កន្លង​មក​​បាន​កាត់​បន្ថយ​ពាណិជ្ជកម្ម​រវាង​អាមេរិក​ និង​ចិន ប៉ុន្តែ​ «ឱនភាព​ពាណិជ្ជកម្ម​ទ្វេភាគី​ នៅ​តែ​​​មិន​ផ្លាស់​ប្តូរ»។​

ការ​សិក្សា​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា ពន្ធ​នាំចូល​បន្ថែម​ត្រូវ​បាន​ហុច​​ទៅ​ឲ្យ​​អតិថិជន​របស់​អាមេរិក ខណៈ​ដែល​ពន្ធ​នាំចូល​ផ្សេង​ទៀត ត្រូវ​បាន​ស្រូប​យក​ដោយ​​ក្រុមហ៊ុន​នាំចូល​​តាមរយៈ​​កាត់​បន្ថយ​ប្រាក់​ចំណេញ​។​

ការ​សិក្សា​នេះ​បាន​ឲ្យ​ដឹង​ថា៖ «​អតិថិជន​នៅ​អាមេរិក និង​​ចិន ច្បាស់​ណាស់​គឺ​ជា​អ្នក​ចាញ់​ដោយសារ​តែ​ភាព​តាន​តឹង​ផ្នែក​ពាណិជ្ជកម្ម​»។​

នៅ​ដើម​ខែ​នេះ អាមេរិក​បាន​បង្កើន​ពន្ធ​នាំចូល​​បន្ថែម​លើ​ការ​នាំចូល​ទំនិញ​របស់​​ប្រទេស ចិន ​​ដែល​មាន​តម្លៃ ​២០០ ​ពាន់​លាន​​​ដុល្លារ​ ពី​ ១០ ​ភាគរយ ដល់ ​២៥ ​ភាគរយ​​។ ជា​ការ​ឆ្លើយតប ​ចិន​បាន​ប្រកាស​ថា ខ្លួន​នឹង​បង្កើន​ពន្ធ​នាំចូល​បន្ថែម​​លើ​ការ​នាំចូល​​របស់​អាមេរិក​ជា​ច្រើន​ចាប់​ពី​ថ្ងៃទី​ ១ ខែ​មិថុនា​ទៅ។​

ការ​សិក្សា​របស់​មូលនិធិ ​IMF ​​​បាន​ឲ្យ​ដឹង​ថា​៖​ «​​ការ​បង្កើន​​ពន្ធ​នាំចូល​បន្ថែម​ទៀត​​ នឹង​ទំនង​​ជា​ត្រូវ​បាន​ហុច​បន្ត​ស្រដៀង​​គ្នា​ដែរ​ទៅ​ឲ្យ​អតិថិជន​»។​​

ការ​សិក្សា​នេះ​ឲ្យ​ដឹង​ទៀត​​ថា៖ «បើទោះ​ជា​​​ផល​ប៉ះពាល់​​លើ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ​មាន​​តិច​តួច​​បំផុត​ក្តី​នៅ​ពេល​នេះ ក៏​ការ​កើន​ឡើង​ភាព​តានតឹង​ខ្លាំង​ចុង​ក្រោយ​នេះ អាច​​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​​ក្រុមហ៊ុន និង​ទំនុក​ចិត្ត​ទីផ្សារ​ហិរញ្ញវត្ថុ រារាំង​ដល់​ចង្វាក់​ផ្គត់ផ្គង់​ពិភព​លោក​ និង​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​ការ​ស្ទុះ​ងើប​ឡើង​វិញ​​នៃ​​កំណើន​សេដ្ឋកិច្ច​ពិភព​លោក ​​​ក្នុង​ឆ្នាំ​នេះ»៕​ People''s Daily/LA​