ក្រុងអង់តេកឺរ៉ាៈ កសិករ​អេស្ប៉ា​ញ​បានចាប់ផ្ដើម​ការប្រមូលផល​ផ្លែ​អូលីវ​នៅ​ភាគ​ខាងត្បូង​ប្រទេស​អេស្ប៉ាញ នៅពេល​លោក​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ មាន​អារម្មណ៍​ខឹងសម្បា​ដោយ​ប្រកាសថា ទីក្រុង​វ៉ាស៊ីនតោន​នឹង​ហូតពន្ធ​នាំចូល​ចំនួន​ច្រើន​លើ​ការផលិត​របស់​ពួកគេ​។

លោក Carlos Carreira បាន​ថ្លែង​នៅឯ​ចម្ការ​អូលីវ​លើ​ផ្ទៃដី​ទំហំ ១៣០ ​ហិកតា (៣២០ អែកឃឺ​) របស់​លោក​នៅ​ជិត​ទីក្រុង Antequera នៅ​តំបន់​ភាគខាងត្បូង​នៃ​ទីក្រុង Andalusia ថា​៖ «​យើង​ពិតជា​មាន​ការបារម្ភ​»​។

អេស្ប៉ាញ​គឺជា​ប្រទេស​ផលិត​ប្រេង​អូលីវ​ធំជាងគេ​របស់​ពិភពលោក ហើយ​ប្រេង​អូលីវ​ចំនួន​ច្រើន​មកពី​តំបន់ Andalusia ដែល​មាន​ការដាំ​ដើម​​លីវ​នៅលើ​ភ្នំ​តូចៗ និង​វាលរាប​ជាច្រើន​។

លោក Carreira បន្ថែមថា​៖ «​តម្លៃ​កាលពី​ឆ្នាំមុន​ជួនកាល​ទាប​ខ្លាំង​ដែល​តម្លៃ​នេះ​មិន​បាន​រ៉ាប់រង​លើ​ថ្លៃ​ដើម​ផលិត​នោះទេ​។ ប្រសិនបើ​យើង​បន្ថែម [​អត្រាពន្ធ​ខ្ពស់​ខ្លាំង​] លើ​តម្លៃ​ផលិតផល​របស់​យើង​នៅ​អាមេរិក កសិករ​ជាច្រើន​អាច​ចប់​»​។

កសិករ​ដាំដុះ​ដើម​អូលីវ​ជាច្រើន​ពាន់​នាក់​ដែល​ភាគច្រើន​គ្រវី​មែកឈើ​អូលីវ​ដើរ​ជា​ក្បួន​កាត់​តាម​ទីក្រុង​ម៉ាឌ្រីដ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្តាហ៍​មុន ដើម្បី​តវ៉ា​ប្រឆាំង​នឹង​ការធ្លាក់ចុះ​តម្លៃ និង​ទាមទារ​ឲ្យ​មាន​ការការពារ​ពី​ពន្ធ ២៥ ​ភាគរយ​ដែល​អាមេរិក​កំពុង​គ្រោង​នឹង​ដកហូត​ចាប់ពី​ថ្ងៃទី​ ១៨ ខែ​តុលា​ទៅ​។

ពន្ធ​នាំចូល​ថ្មី​ដែល​បាន​ប្រកាស​កាលពី​ថ្ងៃទី​ ២ ខែ​តុលា​ដោយ​សហរដ្ឋអាមេរិក កំណត់​ទិសដៅ​ផលិតផល​កសិកម្ម និង​ឧស្សាហកម្ម​អឺរ៉ុប​មួយ​ចំនួន​ដែល​រួមមាន​ផ្លែ​អូលីវ និង​ប្រេង​អូលីវ​របស់​ប្រទេស​អេស្ប៉ាញ​តម្លៃ ៧,៥ ​ពាន់​លាន​ដុល្លារ (៦,៨ ​ពាន់​លាន​អឺរ៉ូ​)​។

ពន្ធ​នាំចូល​នេះ គឺជា​ការសងសឹក​ទៅ​នឹង​ការឧបត្ថម្ភធន​ដែល​បាន​ផ្ដល់​ដោយ​ទីក្រុង​ប្រ៊ុចសែល​ដល់​ក្រុមហ៊ុន​ផលិត​យន្តហោះ Airbus ។

ផ្លែ​អូលីវ និង​ប្រេង​អូលីវ គឺជា​ការនាំចេញ​កសិកម្ម​ដ៏សំខាន់​របស់​ប្រទេស​អេស្ប៉ាញ​ទៅ​អាមេរិក​។ ប្រទេស​នេះ​បាន​នាំចេញ​ប្រេង​អូលីវ​តម្លៃ ៤០៥ ​លាន​អឺរ៉ូ និង​ផ្លែ​អូលីវ​តម្លៃ ១៧៩ ​លាន​អឺរ៉ូ​ទៅ​អាមេរិក​នេះ​កាលពី​ឆ្នាំមុន​៕ LA