ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី​សម្រេច​បាន​ចំនួន​ជិត ៤៩៣ ​លាន​ដុល្លារ​នៅ​រយៈពេល ១១ ​ខែ​ដំបូង​កាលពី​ឆ្នាំ​មុន​ដែល​កើនឡើង ២៣ ​ភាគរយ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ពី​ទីភ្នាក់ងារ​ព័ត៌មាន​រដ្ឋ​ឥណ្ឌូនេស៊ី​ដែល​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​។

បើ​គេហទំព័រ​ព័ត៌មាន​របស់​ឥណ្ឌូនេស៊ី Antara News.com បាន​រាយការណ៍​ថា ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​ទទួល​កំណើន​វិជ្ជមាន​កាលពី​ឆ្នាំ​មុន​ដោយ​មាន​តម្លៃ​សរុប​ចំនួន ៤៩២,៧ ​លាន​ដុល្លារ​សម្រាប់​រយៈពេល​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា​ឆ្នាំ​ ២០១៧ ​។ ចំនួន​នេះ​បាន​កើនឡើង ២៣ ​ភាគរយ​ពី​ចំនួន ៤០០ ​លាន​ដុល្លារ​នៅ​ក្នុង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​ ២០១៦​។

ការ​រាយការណ៍​ពី​ទិន្នន័យ​ពាណិជ្ជកម្ម​នេះ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​អត្ថបទ​រាយការណ៍​អំពី​ទស្សនកិច្ច​ផ្លូវការ​របស់​លោក ប្រាក់ សុខុន រដ្ឋមន្ដ្រី​ក្រសួង​ការបរទេស និង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​ដែល​បាន​ធ្វើ​ទស្សនកិច្ច​ជា​ផ្លូវការ​រយៈពេល​ ៣ ​ថ្ងៃ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​គឺ​ពី​ថ្ងៃ​ព្រហស្បតិ៍​ដល់​ថ្ងៃ​សៅរ៍​។

ក្នុង​ដំណើរ​នោះ​លោក សុខុន បាន​ចូល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោក យូសុហ្វ កាឡា អនុ​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌូនេស៊ី និង​ជួប​ពិភាក្សា​ទ្វេភាគី​ជាមួយ​លោកស្រី រ៉េតណូ ម៉ាវស៊ីឌី រដ្ឋមន្ត្រី​ការ​​បរទេស​ឥណ្ឌូនេស៊ី​។

សេចក្តី​រាយការណ៍​ពី​បណ្តាញ​សារព័ត៌មាន​ឥណ្ឌូនេស៊ី​បាន​លើក​ឡើង​ថា​ភាគី​ទាំង​ ២ ​បាន​យល់​ព្រម​ក្នុង​ការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នៅ​ក្នុង​វិស័យ​ជាច្រើន​ដូចជា​ពាណិជ្ជកម្ម និង​ការ​វិនិយោគ ទេសចរណ៍ ការពារ​ជាតិ កសិកម្ម និង​ការ​តភ្ជាប់​ព្រម​ទាំង​បង្កើន​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ផង​ដែរ​៕ LA