ភ្នំពេញៈ ​ពាណិជ្ជ​កម្ម​ទ្វេភា​គី​រវាង​​កម្ពុជា ​និង​ថៃ​បាន​កើន​ឡើង​ដល់​ជាង ​៦ ​ពាន់​លាន​ដុល្លារ​ កាល​ពីឆ្នាំ​ ២០១​៧ គឺ​កើន​ឡើង​ ១០​ ភាគ​រយ​ធៀប​នឹង​ឆ្នាំ ​២០១​៦។ នេះ​បើ​យោង​តាម​មន្ដ្រី​ស្ថានទូ​តថៃ​។

លោក ​Jirawuth ​Suwanna​arj ​ទីប្រឹក្សា​រដ្ឋ​មន្ដ្រី​នៅ​ការិយា​ល័យ​កិច្ច​ការ​ធុរ​កិច្ច​នៅ​ស្ថាន​ទូត​ថៃ​ បាន​ប្រកាស​តួលេ​ខ​នេះ​នៅ​ព្រឹក​មិញ​​នៅ​ក្នុង​ព្រឹត្តិ​ការណ៍​ដែល​បាន​ឧបត្ថម្ភ​ដោយ​ក្រសួង​ពាណិជ្ជ​កម្ម​ថៃនៅ​ទីក្រុង​ភ្នំពេញ​​។

លោក​ថ្លែង​ថា​៖ «​យើង​ព្យាករ​ថា ​ពាណិជ្ជ​កម្មទ្វេ​ភាគី​របស់​យើង​នឹង​កើន​ឡើង​ ១០ ​ភាគរយ​បន្ថែម​ទៀត​នៅ​ឆ្នាំនេះ​ ដោយ​សារតែ​យើង​បាន​ចូលរួមជា​មួយ​គណៈ​កម្មាធិ​ការ​ពាណិជ្ជ​កម្ម​​ក្នុង​ការ​ដោះ​ស្រាយ​រាល់បញ្ហា​ប្រឈម​រួម​គ្នា​»​។

ព្រឹត្តិ​ការណ៍​ដែល​បាន​រៀបចំ​ឡើង​នៅ​សណ្ឋាគារ​សូហ្វីតែល​នៅ​ទី​ក្រុង​ភ្នំពេញ​នៅ​ព្រឹក​មិញ​នេះ បាន​ស្វែងរក​ការ​ជួយ​សម្រួល​ទំនាក់​ទំនង​រវាង​​ក្រុម​ហ៊ុនថៃ និង​ក្រុម​ហ៊ុន​កម្ពុជា​ ​ដែលមាន​​​ក្រុម​ហ៊ុនថៃ​ចំនួន​ ៣៩ ​​កំពុង​ស្វែងរក​ដៃគូ​នៅ​ក្នុង​ប្រ​ទេស​កម្ពុជា​​ ដើ​ម្បី​ចែក​ចាយ​ទំនិញ​របស់​ពួកគេ​៕​LA