ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ឥណ្ឌូនេស៊ី​កើនឡើង​ដល់​កម្រិត​ខ្ពស់បំផុត​ដល់​ជាង​ ៧៩២ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ៤៥,៧៥ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨ មានតម្លៃ​ ៥៤៣ ​លាន​ដុល្លារ​។ នេះ​បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​។

ទិន្នន័យ​នេះ​បង្ហាញថា ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​មានតម្លៃ​ប្រហែល​ ២២,៣២ ​លាន​ដុល្លារ​កាលពី​ឆ្នាំមុន កើនឡើង​ ៣,៩៦ ​ភាគរយ​ធៀប​នឹង​ ២០១៨ ខណៈ​ការ​នាំចូល​មានតម្លៃ​ ៧៧០ ​លាន​ដុល្លារ កើនឡើង​ ៤៧,៤៦ ​ភាគរយ​។

ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា និង​សាធារណរដ្ឋ​ឥណ្ឌូនេស៊ី​កំពុង​មើលឃើញ​សកម្មភាព​ជាច្រើន​ចាប់តាំងពី​ខែ​កញ្ញា ឆ្នាំ​ ២០១៧​។

លោក ហោ ណាំបូរ៉ា ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Eurasia Review កាលពី​ថ្ងៃអាទិត្យ​ថា ក្រុម​វិនិយោគិន​ប្រទេស​ឥណ្ឌូនេស៊ី​កំពុង​សម្លឹងមើល​អំពី​សក្តានុពល​សេដ្ឋកិច្ច រីកចម្រើន​រហ័ស​របស់​ប្រទេស​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​មាន​ការវិនិយោគ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ប្រហែល​ ៣៥០ ​លាន​ដុល្លារ​នៅក្នុង​ប្រទេស​កម្ពុជា​។ ខ្ញុំ​ចង់​អញ្ជើញ​ក្រុម​វិនិយោគិន​ឥណ្ឌូនេស៊ី​កាន់តែច្រើន​មក​វិនិយោគ​នៅ​កម្ពុជា​»​។

ការវិនិយោគ​ធំជាងគេ​ដែល​បាន​ធ្វើឡើង​កាលពី​ឆ្នាំមុន​គឺ​នៅពេល​ដែល Citilink ជា​ក្រុមហ៊ុន​អាកាសចរណ៍​តម្លៃ​ទាប​របស់​ប្រទេស​ឥណ្ឌូនេស៊ី​បាន​ចាប់ផ្ដើម​ដំណើរការ​ជើង​ហោះហើរ​ផ្ទាល់​រវាង​ទីក្រុង​ហ្សាការតា និង​ទីក្រុង​ភ្នំពេញ​។

លោក​បន្តថា​៖ «​វា​ជា​អំណោយ​ដ៏ធំ​បំផុត ដើម្បី​បង្ហាញ​ពី​ទំនាក់ទំនង​មិត្តភាព​រយៈពេល​ ៦០ ​ឆ្នាំ​រវាង​ប្រទេស​ឥណ្ឌូនេស៊ី និង​កម្ពុជា​។ ការតភ្ជាប់​ផ្លូវអាកាស​មាន​សារៈសំខាន់​សម្រាប់​ការបង្កើន​ទំនាក់ទំនង​សេដ្ឋកិច្ច និង​ទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន​»​។

លោក លុន យ៉េង អគ្គលេខាធិការ​សមាគម​ស្រូវ​អង្ករ​កម្ពុជា (CRF) បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ទោះបី​ជា​ប្រទេស​កម្ពុជា និង​ឥណ្ឌូនេស៊ី​បាន​ចុះ​កិច្ចព្រមព្រៀង​លើ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​ (MoU) ស្ដីពី​ការ​នាំចូល​អង្ករ​របស់​ប្រទេស​កម្ពុជា​កាលពី​ឆ្នាំមុន​ក៏ដោយ ​ក៏​រហូត​មក​ដល់ពេល​នេះ​ប្រទេស​កម្ពុជា​មិនបាន​ធ្វើការ​នាំចេញ​ណាមួយ​នោះទេ ដោយសារ​តែ​មិនមាន​ការបញ្ជាទិញ​ពី​ប្រទេស​ឥណ្ឌូនេស៊ី​។

លោក​ថ្លែងថា​៖ «​ចាប់តាំងពី MoU បាន​ធ្វើ​ឡើង​រហូត​មក​ដល់​ពេលនេះ​យើង​មិន​ទទួល​បាន​ការបញ្ជាទិញ​ណាមួយ​នោះទេ​ពី​ពួកគេ ដោយសារ​តែ​ការចរចា​តម្លៃ​មិនទាន់​សម្រេចបាន​»​។

របាយការណ៍​របស់​ក្រសួង​ទេសចរណ៍​បាន​ចេញ​ផ្សាយ​ថា ប្រទេស​កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​ឥណ្ឌូនេស៊ី​សរុប ៦៦ ៨០៤ ​នាក់​កាលពី​ឆ្នាំមុន​។

ប្រទេស​កម្ពុជា​បាន​នាំចេញ​ផលិតផល​សរុប​មានតម្លៃ​ ១៤,-៦៣ ​ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំមុន​កើនឡើង​ ១២,៧ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។ នេះ​បើ​យោងតាម​របាយការណ៍​របស់​ធនាគារជាតិ​នៃ​កម្ពុជា​។ កម្ពុជា​បាន​នាំចូល​ក្នុងតម្លៃ ២២,៣៤ ពាន់​លាន​ដុល្លារ​កើនឡើង​ ១៨,៦ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៨៕LA