ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​អូស្ត្រាលី​មាន​ចំនួន ៥៣៥ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦ ដែល​ក្នុង​នោះ​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជា​ទំនិញ​មាន ២៥៨ លាន​ដុល្លារ ខណៈ​ទឹកប្រាក់​ ២៧៧ លាន​ដុល្លារ​ផ្សេង​ទៀត​ជា​ការ​ដោះដូរ​ពាណិជ្ជកម្ម​ជា​សេវាកម្ម​។ នេះ​បើ​យោង​តាម​របាយការណ៍​មួយ​ស្តីពី​ឱកាស​ពាណិជ្ជកម្ម​អូស្ត្រាលី​នៅ​តាម​បណ្តា​ប្រទេស​នៅ​អាស៊ាន​។

របាយការណ៍​មិន​បាន​បញ្ជាក់​ពី​ទឹកប្រាក់​នាំ​ចេញ និង​នាំ​ចូល​របស់​ប្រទេស​នីមួយៗ​ទេ ហើយ​ក៏​មិន​បាន​បង្ហាញ​ពី​ទំហំ​ពាណិជ្ជកម្ម​កាលពី​ឆ្នាំ​ ២០១៥ ឬ និន្នាការ​នៃ​ការ​ធ្វើ​ពាណិជ្ជកម្ម​នៅ​ឆ្នាំ​ចុង​ក្រោយ​នោះ​ទេ​។

ខណៈ​របាយការណ៍​បញ្ជាក់​ថា​ប្រជាជន​កម្ពុជា​បាន​ធ្វើការ​វិនិយោគ​នៅ​អូស្ត្រាលី​ដោយ​មាន​តម្លៃ​ជា​ទឹកប្រាក់ ៨៨៦ លាន​ដុល្លារ​កាលពី​ឆ្នាំ​ ២០១៦ របាយការណ៍​ដដែល​មិន​បាន​បញ្ជាក់​ពី​ទំហំ​វិនិយោគ​អូស្ត្រាលី​នៅ​កម្ពុជា​នោះ​ទេ​។

របាយការណ៍​ដដែល​បាន​បញ្ជាក់​ថា​កម្ពុជា​ជា​ប្រទេស​ដែល​មាន​ស្ថិរភាព​កំណើន​សេដ្ឋកិច្ច និង​ឆ្លង​កាត់​កំណើន​សេដ្ឋកិច្ច​យ៉ាង​លឿន​រហ័ស​ដែល​គាំទ្រ​ដោយ​កំណើន​ប្រជាសាស្ត្រ​ដែល​មាន​ប្រជាជន​វ័យក្មេង ការ​កែលម្អ​គុណភាព​វិស័យ​អប់រំ និង​កំណើន​ប្រជាជន​ថ្នាក់​កណ្តាល​។

ប្រទេស​អូស្ត្រាលី​វិញ​គឺជា​ទីតាំង​ល្អ​សម្រាប់​ទទួល​បាន​គុណភាព​អប់រំ​ល្អ សេវាកម្ម​ហិរញ្ញវត្ថុ​ដែល​មាន​វិជ្ជាជីវៈ និង ផលិតកម្ម​ក្នុង​វិស័យ​កសិកម្ម​។

នេះ​ជា​លើក​ដំបូង​ដែល​ទិន្នន័យ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អូស្ត្រាលី​ត្រូវ​បាន​បង្ហាញ​៕