ភ្នំពេញៈ ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល ១១ ​ខែ ឆ្នាំ​ ២០២០ នេះ​មាន​តម្លៃ​ប្រមាណ ៨១៣ ​លាន​ដុល្លារ​ ធ្លាក់ចុះ​ជាង​ ១៧ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​ ២០១៩ ខណៈ​ការធ្លាក់ចុះ​នេះ​ត្រូវគេ​ដឹងថា​បណ្តាល​មកពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​អូសបន្លាយ​រយៈពេល ១ ​ឆ្នាំ​កន្លង​មក​នេះ​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម​បង្ហាញ​ថា ក្នុង​រយៈពេល ១១ ​ខែ​ ឆ្នាំ​ ២០២០ នេះ ការធ្វើ​ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​អង់គ្លេស​មាន​តម្លៃ​សរុប ៨១៣,២ ​លាន​ដុល្លារ ធ្លាក់ចុះ ១៧,៦១ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០១៩ ដែលមាន​ចំនួន ៩៨៧ ​លាន​ដុល្លារ​។ សម្រាប់​រយៈពេល ១១ ​ខែ ​ឆ្នាំ​ ២០២០ នេះ​ការនាំចេញ​របស់​កម្ពុជា​មាន​តម្លៃ ៧៦៦,៧ ​លាន​ដុល្លារ និង​ការនាំ​ចូល​ពី​អង់គ្លេស​មាន​តម្លៃ​ជាង ៤៦,៤ ​លាន​ដុល្លារ​។

កាលពី​ឆ្នាំ​ ២០១៩ ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ មាន​តម្លៃ ១ ០៥៧ លាន​ដុល្លារ​ដោយ​ការនាំចេញ​របស់​កម្ពុជា​ទៅ​អង់គ្លេស​មាន​តម្លៃ​ជាង ៩៧៧ ​លាន​ដុល្លារ និង​អង់គ្លេស​នាំមក​កម្ពុជា​មាន​តម្លៃ​ជិត ៨០ ​លាន​ដុល្លារ​។ ភាគច្រើន​ទំនិញ​ដែល​កម្ពុជា​នាំទៅ​អង់គ្លេស​មានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិតផល​កសិកម្ម​។ ចំណែក​ផលិតផល​ដែល​អង់គ្លេស​នាំមក​កម្ពុជា មាន​ដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម​។

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​បាន​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ ​កាលពី​ថ្ងៃ​ចន្ទ​ថា ការរីករាលដាល​ជំងឺ​កូវីដ​ ១៩ បាន​ធ្វើឱ្យ​ការធ្វើ​ពាណិជ្ជកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ធ្លាក់ចុះ​ស្ទើរ​គ្រប់​វិស័យ​លើកលែងតែ​វិស័យ​ម្ហូបអាហារ និង​កសិកម្ម​។ ហេតុនេះ​កម្ពុជា​ដែល​នាំចេញ​ផលិតផល​ភាគច្រើន​ដូចជា​សម្លៀកបំពាក់ សម្ភារ​ធ្វើដំណើរ និង​ផលិតផល​វាយនភណ្ឌ​ទៅ​អង់គ្លេស​នោះ ការធ្លាក់ចុះ​ប្រាកដ​ជា​កើតមាន​។ លោក​បន្តថា ទោះយ៉ាងណា​ការនាំចេញ​របស់​កម្ពុជា​ទៅ​អង់គ្លេស​មិនបាន​ធ្លាក់ចុះ​ជា​គំហុក​ទេ​។

លោក​បន្ថែមថា​៖ «​ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​បន្តិចបន្តួច​នៅពេល​នេះ​វា​មិនមែន​ជា​រឿង​ចម្លែក​ទេ ព្រោះ​ការធ្វើ​ពាណិជ្ជកម្ម​នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក​សុទ្ធតែ​បែប​នេះ​»​។ លោក​បន្តថា​៖ «​ប្រទេស​ដែល​មិនមាន​ផលប៉ះពាល់​នៃ​ការធ្វើ​ពាណិជ្ជកម្ម​ជា​អន្តរជាតិ​នៅក្នុង​អំឡុង​ពេលនេះ គឺ​មាន​តែ​ប្រទេស​នាំចេញ​ផលិតផល​ម្ហូបអាហារ និង​កសិកម្ម​ប៉ុណ្ណោះ​»​។

ខណៈ​កាលពី​សប្តាហ៍​មុន​នៅក្នុង​ជំនួប​ជាមួយ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស និង​អៀរឡង់​ខាងជើង ប្រចាំ​កម្ពុជា​បាន​និយាយ​ថា ចាប់ពី​ថ្ងៃទី​ ០១ ខែ ​មករា ឆ្នាំ​ ២០២១ ចក្រភព​អង់គ្លេស​នឹង​អនុវត្ត​នូវ​គោលនយោបាយ​ពាណិជ្ជកម្ម​ឯករាជ្យ​ដោយ​ខ្លួនឯង ដោយ​នឹងមិន​បន្ត​អនុវត្ត​ការព្យួរ​មួយផ្នែក​នៃ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប​ក្នុង​ក្របខ័ណ្ឌ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខទំនិញ​ទាំងអស់​លើកលែងតែ​សព្វាវុធ EBA ពី​កម្ពុជា​នោះ​លោក ហេង បាន​និយាយថា ការនាំចេញ​ទំនិញ​ពី​កម្ពុជា​ទៅ​ប្រទេស​អង់គ្លេស​នឹង​កើនឡើង​ច្រើន​នៅ​ឆ្នាំក្រោយ​។

លោក​បញ្ជាក់ថា​៖ «​នេះ​ជា​សញ្ញា​ល្អ​មួយ​សម្រាប់​ទីផ្សារ​នាំចេញ​កម្ពុជា ព្រោះ​តាមរយៈ​ប្រទេស​អង់គ្លេស​ផលិតផល​មួយចំនួន​ដែល​យើង​ធ្លាប់​នាំទៅ​ទីផ្សារ​សហគមន៍​អឺរ៉ុប​អាច​បែរ​ទិសដៅ​ទៅកាន់​ប្រទេស​អង់គ្លេស​សិន​មុន​នឹង​មាន​ការចែកចាយ​បន្ត​ទៅកាន់​ទីផ្សារ​សហគមន៍​អឺរ៉ុប​»​។

លោក ស៊ាង ថៃ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​បាន​និយាយថា ហេតុផល​ចម្បង​ដែល​ធ្វើឱ្យ​ធ្លាក់ចុះ​ទំហំ​ពាណិជ្ជកម្ម​ទ្វេភាគី​នៅពេល​នេះ​គឺ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែល​ធ្វើឱ្យ​ការនាំចេញ នាំចូល និង​ការដឹកជញ្ជូន​ជួប​ការលំបាក ខណៈ​សេដ្ឋកិច្ច​ពិភពលោក​ក៏​ធ្លាក់ចុះ​ដូចគ្នា​។ លោក​បាន​ថ្លែងថា​៖ «​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ពិភពលោក​ធ្វើឱ្យ​កម្លាំង​ទិញ​ក៏​មាន​ការថមថយ ដែល​ជះឥទ្ធិពល​ដល់​ការនាំចេញ​របស់​យើង​»​។

ទាក់ទង​នឹង​ការមិន​អនុវត្ត​ការព្យួរ​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​អនុគ្រោះ EBA របស់​អង់គ្លេស​លោក​ប្រាប់ថា នឹង​ផ្ដល់​ផលវិជ្ជមាន​ច្រើន​ដូចជា បង្ហាញ​ពី​ទំនាក់ទំនង​កិច្ចសហប្រតិបត្តិការ​ល្អ​លើ​គ្រប់​វិស័យ​រវាង​កម្ពុជា និង​អង់គ្លេស និង ផលប្រយោជន៍​សេដ្ឋកិច្ច ដោយ​ការនាំចេញ​របស់​កម្ពុជា​នឹង​នៅតែ​ទទួលបាន​ភាពអនុគ្រោះ​។ លោក​បាន​អះអាង​ថា​៖ «​តាម​ការគណនា កម្ពុជា​នឹង​ចំណេញ​ពី​ការ​មិន​បង់ពន្ធ​ប្រមាណ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ឆ្នាំ​»​។

ក្រោយពី​សម្រេច​បាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​ចិន បច្ចុប្បន្ន​កម្ពុជា​កំពុង​ចរចា FTA ជាមួយ​ប្រទេស​មួយចំនួន​ទៀត​ដូចជា កូរ៉េ​ខាងត្បូង អង់គ្លេស អាមេរិក ម៉ុងហ្គោលី ជប៉ុន ឥណ្ឌា និង​សហភាព​សេដ្ឋកិច្ចអឺរ៉ាស៊ាន (EAEU)៕ LA