អានហួយ,ចិនៈ ពាណិជ្ជកម្មទ្វេរភាគីរវាងខេត្ត អានហួយ (Anhui) របស់ប្រទេសចិន និងបណ្តាប្រទេសដែលជាសមាជិកអាស៊ានទាំង ១០ ក្នុងរយៈពេល ៤ ខែដំបូងក្នុងឆ្នាំនេះ បានកើនឡើងដល់ ២,០៥ ពាន់លានដុល្លារអាមេរិក ដែលមានកំណើន ២៤,៤ ភាគរយធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើយោងតាមតួលេខពីការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលខេត្ត អានហួយ។
ថ្លែងក្នុងព្រឹត្តិការណ៍ 2018 ASEAN 10 Nations Mainstream Media and Central Leading Oversea-targeted Media នៅទីក្រុង Hefei ក្នុងខេត្ត អានហួយ កាលពីថ្ងៃអាទិត្យ ដែលមានការចូលរួមពីអ្នកកាសែតជាង ៤០ នាក់មកពីបណ្តាប្រទេសអាស៊ាន និងសារព័ត៌មានចិន លោក Zheng Mingwu នាយកការិយាល័យព័ត៌មានរបស់រដ្ឋាភិបាលខេត្ត អានហួយ បានឲ្យដឹងថា បច្ចុប្បន្ននិន្នាការកំណើននេះកំពុងឆ្ពោះទៅរកកំណើនកាន់តែប្រសើរ។
លោកបានមានប្រសសាន៍ថា៖ «ជាមួយនឹងការអនុវត្តយ៉ាងសកម្មនូវគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទំនាក់ទំនងរវាងខេត្ត អានហួយ និងប្រទេសជាសមាជិកអាស៊ាន បានក្លាយជាប្រយោជន៍ទៅវិញទៅមកកាន់តែខ្លាំង។
យោងតាមទិន្នន័យ ពាណិជ្ជកម្មទ្វេរភាគីរវាងអាស៊ាន និង ខេត្ត អានហួយ នៅឆ្នាំ ២០១៧ បានកើនឡើង ១៧,៧ ភាគរយ ដល់ ៥,៩៥ ពាន់លានដុល្លារ ធៀបនឹងឆ្នាំ ២០១៦។
របាយការណ៍បង្ហាញថា មានសហគ្រាសមកពីខេត្ត អានហួយ ចំនួន ៩១ ក្រុមហ៊ុនបាននិងកំពុងប្រតិបត្តិការតាមប្រទេសជាសមាជិកអាស៊ានទាំង ១០ ដោយមានទំហំវិនិយោគចំនួន ៣៩០ លានដុល្លារអាមេរិកត្រឹមចុងឆ្នាំ ២០១៧។
យោងតាមទិន្នន័យដដែលនេះ ការវិនិយោគផ្ទាល់ពីបរទេសមកពីតំបន់អាស៊ានក្នុងខេត្ត អានហួយ មានទំហំ ៧២០ លានដុល្លារអាមេរិកក្នុងឆ្នាំ ២០១៧ កើនឡើង ៧,៥ ភាគរយធៀបនឹងឆ្នាំ ២០១៦។
ក្រៅពីវិស័យពាណិជ្ជកម្ម និងវិនិយោគ វិស័យទេសចរណ៍ក៏ដើរតួនាទីសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងខេត្ត អានហួយ និងតំបន់អាស៊ាន ក៏ដូចជាប្រទេសចិន និងតំបន់អាស៊ានផងដែរ។
ភ្ញៀវទេសចរ ជាង ៤៣ ម៉ឺននាក់ មកពីបណ្តាប្រទេសក្នុងតំបន់ អាស៊ាន បានមកទស្សនាខេត្ត អានហួយក្នុងឆ្នាំ ២០១៧ កើនឡើង ២៤ ភាគរយ។ ចំនួនភ្ញៀវទេសចរណ៍ទៅវិញទៅមកជិតរវាងចិន និងអាស៊ាន បានកើនដល់ ៥០ លាននាក់កាលពីឆ្នាំមុន។
លោក Vithit Powattanasuk នាយកនៃមជ្ឈមណ្ឌលព័ត៌មាន និងទំនាក់ទំនងសាធារណៈនៃមជ្ឈមណ្ឌលអាស៊ាន-ចិន ដែលជាអង្គការអន្តររដ្ឋាភិបាល ដែលត្រូវបានបង្កើតឡើងរួមគ្នាដោយប្រទេសជាសមាជិកអាស៊ាន និងប្រទេសចិន បានឲ្យដឹងថា ជាមួយនឹងទំនាក់ទំនងពិសេសនៃទីតាំងភូមិសាស្ត្រជិតគ្នា និងភាពទាក់ទាញផ្នែកវប្បធម៌ តំបន់អាស៊ាន និងប្រទេសចិន គឺជាប្រទេសជិតខាងល្អ និងជាដៃគូដ៏ល្អ។
លោក Powattanasuk បានមានប្រសាសន៍ថា ពាណិជ្ជកម្មទ្វេរភាគី អាស៊ាន-ចិន សរុបក្នុងឆ្នាំ ២០១៧ បានកើនឡើងដល់ ៥១៤,៨ ពាន់លានដុល្លារអាមេរិក ហើយការវិនិយោគផ្ទាល់ទ្វេរភាគី បានកើនឡើងដល់ ២០០ ពាន់លានដុល្លារអាមេរិក។
តំបន់អាស៊ាន គឺជាដៃគូពាណិជ្ជកម្មធំជាងគេទីបីរបស់ប្រទេសចិន៕ BP