ភ្នំពេញៈ ទំ​ហំ​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី កម្ពុជា​-វៀត​ណាម ​បាន​បង្ហាញ​ពី​កំ​ណើន​ខ្ពស់​​នា​រយៈ​ពេល ៧ ខែ​ដំ​បូង​ឆ្នាំ ២០១៨​ នេះ​ ដែល​ជា​និ​ន្នា​ការ​​​នៃ​ការ​​ងើប​ឡើង​វិញ​បន្ទាប់​ពី​​ធ្លាក់​ចុះ ៣ ឆ្នាំ​ជាប់​ៗ​គ្នា​ពី​ឆ្នាំ ២០១៤ ដល់ ២០១៦​។

ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី កម្ពុជា​ និង​វៀត​ណាម នៅ​អំ​ឡុង​ចាប់​ពី​ខែ​មករា ​ដល់​ខែ​កក្កដាឆ្នាំ​នេះ​ បាន​កើន​ឡើង​ដល់ ២,៧ ពាន់​លាន​ដុល្លារ ​កើន​ឡើង​ជិត ១៩ ភាគ​រយ​ ធៀប​នឹង​រយៈ​ពេល​​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន​។​ នេះ​​បើ​យោង​តាម​​របាយ​ការណ៍​មួ​យ​បាន​ពី​​ប្រ​ព័ន្ធ​ព័ត៌​មាន​គ្រប់​គ្រង​ដោយ​រដ្ឋ​របស់​​​វៀត​ណាម ​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​សៅរ៍​។​

ទំ​ហំ​ពា​ណិជ្ជ​កម្ម​រវាង​​ប្រ​ទេស​ទាំង ២ បាន​ធ្លាក់​ចុះ​​ក្នុង​រយៈ​ពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ ធ្លាក់​ចុះ​ពី ៣,៣ ពាន់​លាន​ដុល្លារ ​កាល​ពី​ឆ្នាំ​ ២០១៤ មក​នៅ​ត្រឹម ៣ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ២០១៥ និង​​មក​នៅ​ត្រឹម ២,៨ ពាន់​លា​ន​ដុល្លារ​កាល​ពី​ឆ្នាំ ២០១៦ ប៉ុន្តែ ​បាន​ចាប់​ផ្ដើម​ស្ទុះ​​ងើប​ឡើង​វិញ​​កាល​ពី​ឆ្នាំ​មុន​ ដោយ​សារ​តែ​ប្រ​ទេស​ទាំង​ ២ ទទួល​​បាន​​ពា​ណិជ្ជ​កម្ម​ទ្វេ​ភា​គី ៣,៨ ពាន់​លាន​ដុល្លារ​​កាល​ពី​ឆ្នាំ ២០១៧ ដែល​កើន​ឡើង​ ៣៥ ភាគ​រយ​ធៀប​នឹង​ឆ្នាំ ២០​១​​៦​។​

​អ្នក​នាំ​ពាក្យ​​ស្ថាន​ទូត​វៀត​ណាមប្រ​ចាំ​ទី​ក្រុង​ភ្នំ​ពេញ ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថា​ធិ​ប្បា​យ​​បាន​ទេ​​កាល​ពី​ម្សិល​មិញ ​ប៉ុន្តែ​​លោក Vũ Quang Minh អគ្គ​រដ្ឋ​ទូត​វៀត​ណាម​​ប្រ​ចាំ​​កម្ពុជា​ បាន​ថ្លែង​​ក្នុង​វេទិ​កា​លើក​កម្ពស់​ពា​ណិជ្ជ​កម្ម ​និង​​ការ​វិនិ​យោគ​កម្ពុជា​ និង​វៀត​ណាម​ នៅ​ទី​ក្រុង​ភ្នំ​ពេញ​​កាល​ពី​ថ្ងៃ​សុក្រ​​ថា​ សហ​គ្រាស​របស់​ប្រ​ទេស​ទាំង​២​ មាន​សក្ដានុ​ពល​កាន់​តែ​ច្រើន​ ក្នុង​ការ​អភិ​វឌ្ឍ​​ពា​ណិជ្ជ​កម្ម​​ ដោយ​សារ​តែ​​ប្រ​ទេស​កម្ពុជា​ រក្សា​កំ​ណើន​សេដ្ឋ​កិច្ច​ប្រ​កប​ដោយ​ស្ថិរ​ភាព​។

លោក Minh ថ្លែង​ថា៖ «​សហ​គ្រាស​របស់​ប្រ​ទេ​ស​​ទាំង ២ នឹង​មាន​ឱ​កាស​​ក្នុង​ការ​រៀន​សូត្រ​ ផ្លាស់​ប្តូរ ​និង​ភ្ជាប់​ទំ​នាក់​ទំ​នង​ជា​មួយ​ដៃ​គូ​ ប្រែ​ក្លាយ​​សក្ដានុ​ពល និង​ភាព​ខ្លាំង​របស់​​ប្រ​ទេស​នី​មួយ​ៗ​ ទៅ​ជា​គម្រោង​ពិត​ប្រា​កដ​នៅ​ពេល​ខាង​មុខ​»​។​

ទោះបី​យ៉ាង​នេះ​ក្តី ​របាយ​ការណ៍​​នេះមិន​បាន​បង្ហាញ​តួ​លេខ​លម្អិត​​ថា​ តើ​ការ​នាំ​ចេញ​របស់​កម្ពុជា​​មាន​ប៉ុន្មាន​ទៅ​​ប្រ​ទេស​វៀត​ណាម ​និង​ពី​វៀត​ណាម​មក​កម្ពុជា​ប៉ុន្មាន​នោះ​ទេ​។ ​

​ទិន្ន​​ន័យ​ពាណិជ្ជ​​កម្ម​ ​បាន​ពី​អគ្គ​នា​យក​ដ្ឋាន​​គយ​របស់​វៀត​ណាម ​កាល​​ពី​ឆ្នាំ ​២០១៧ ​បាន​បង្ហា​ញ​​​ថា​ វៀត​ណាម​នាំ​ចេញ​ទំនិញ​​សំខា​ន់​​​ៗ មក​កម្ពុជា​កាល​​ពី​ឆ្នាំ​មុន​ រួម​មាន​​ ​ដែក​ថែប ​ដែក ​ប្រេង​ ប្រេង​សាំង ​និង​ទំ​និញ​​ប្រើ​ប្រាស់​ផ្សេង​​ទៀត​។​ ទន្ទឹម​នឹង​នេះ​ វៀត​ណាមបាន​នាំ​ចូល​ពី​ប្រ​ទេស​កម្ពុជា​ភាគ​ច្រើន​​ ​​ឈើ និង​ផលិត​ផល​ធ្វើ​ពី​ឈើ​ ស្វាយ​ចន្ទី​ កៅ​ស៊ូ ​និង​ផលិត​ផល​កសិ​កម្ម​ផ្សេង​ទៀត​។​

​លោក ​លឹម​ ហេង ​អនុ​ប្រធាន​​សភា​ពាណិជ្ជ​កម្ម​កម្ពុជា​ឲ្យ​ដឹង​ថា ​ពា​ណិជ្ជ​កម្ម​កម្ពុជា​ ជា​មួយ​ដៃគូ​ពា​ណិជ្ជ​កម្ម​​ដ៏​មាន​សក្ដានុ​ពល​ជា​ច្រើន​ បាន​មើល​ឃើញ​កំណើន​ មិន​គ្រាន់​តែ​ជា​មួយ​ប្រ​ទេស​ វៀត​ណាម ​​​នោះ​ទេ​ ប៉ុន្តែ​ថែម​​ទាំង​បណ្ដា​ប្រ​ទេស​ជា​ច្រើន​ផ្សេង​ទៀត​ ដោយ​សារ​តែ​កំ​ណើន​សេដ្ឋ​កិច្ច​​ប្រ​កប​ដោយ​ស្ថិរ​ភាព​។

ខណៈ​ប្រ​ទេស​ទាំង ២ មិន​អាច​​សម្រេ​ច​​បាន​​ទិស​ដៅ​​​ពា​ណិជ្ជ​កម្ម​ទ្វេ​ភាគី ៥ ពាន់​លាន​ដុល្លារ​​ក្នុង​ ១ ​ឆ្នាំ ​ដែល​បាន​កំ​ណត់​ត្រឹម​​ឆ្នាំ ២០១៥ ​នោះ​ លោក​ លឹម ​ហេង ​​ឲ្យ​ដឹង​ថា​ និន្នា​ការ​​​នៅ​រយៈ​ពេល​​ ៧ ​ខែ​ដំ​បូង​ឆ្នាំ​នេះ​ បង្ហាញ​​សញ្ញា​វិជ្ជ​មាន​ ដែល​ធ្វើ​ឲ្យ​មាន​សុទិដ្ឋិ​និយម​ថា ការ​កំ​ណត់​ទិស​ដៅ​នេះ​នឹង​សម្រេច​បាន​នៅ​ឆ្នាំ​នេះ​។​

លោក​ថ្លែង​ថា​៖ «​តម្រូវ​​ការ​ដែក​ថែប​ និង​សម្ភារ​សំ​ណង់​ផ្សេង​ទៀត​កំពុង​កើន​ឡើង​ ហើយ​​កត្តានេះ​​គឺ​ជា​ការ​រួម​​ចំ​ណែក​ដ៏​សំ​ខាន់​​ ដើ​ម្បី​សម្រេច​បាន​ទិស​ដៅ​នេះ»៕​LA