ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​រដ្ឋាភិបាល​បាន​ឲ្យ​ដឹងថា ពិធីបុណ្យ​ទន្លេ​នឹង​រៀបចំ​នៅក្នុង​ខេត្ត​បាត់ដំបង​នៅ​ឆ្នាំនេះ ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ក្នុង​ខេត្តបាត់ដំបង​។

ពិធីបុណ្យ​ទន្លេ​នឹង​ត្រូវបាន​ប្រារព្ធ​ឡើង​ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ ១៥ ខែ​មីនា ក្រោម​ប្រធានបទ​ «​ទន្លេ​នៃ​សន្តិភាព ទន្លេ​នៃ​វិបុលភាព​»​។

លោក សឿន ប៊ុនរិទ្ធិ អភិបាលរង​ខេត្តបាត់ដំបង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា អាជ្ញាធរ​កំពុង​រៀបចំ​ដំឡើង​ស្តង់​ពិព័រណ៍​នៅតាម​ស្ទឹង​សង្កែ ដែល​កម្មវិធី​នេះ​នឹង​ប្រព្រឹត្ត​ទៅ​នៅ​សប្តាហ៍​ក្រោយ​។ លោក​បន្តថា បច្ចុប្បន្ន​មាន​ស្តង់​ពិព័រណ៍​សរុប ៣៣០ ដែល​ធ្វើឡើង​ដើម្បី​លើកកម្ពស់​ផលិតផល​ក្នុង​ស្រុក​របស់​ខេត្ត​នេះ​។

លោក​ថ្លែងថា​៖ «​ផលិតផល​ក្នុងស្រុក និង​ផលិតផល​កែច្នៃ​ពី​សហគ្រាស​ធុន​តូច និង​មធ្យម​នឹង​តាំង​បង្ហាញ​នៅក្នុង​កម្មវិធី​នេះ​។ កម្មវិធី​នេះ​ធ្វើឡើង​ក្នុង​គោលដៅ​ទាក់ទាញ​ទេសចរ​ក្នុង​ស្រុក និង​បង្ហាញ​ពី​សក្តានុពល​ផលិតផល​របស់​ខេត្ត​»​។

លោក ប៊ុនរិទ្ធិ បាន​ប៉ាន់ប្រមាណ​ថា ពិធីបុណ្យ​ទន្លេ​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ជាង​ ១ ​លាន​នាក់​ក្នុង​រយៈពេល​ ៣ ​ថ្ងៃនេះ​។ លោក​បន្តថា ស្តង់​ពិព័រណ៍​របស់​ប្រទេស​ថៃ ៣០០ ក៏​នឹង​ចូល​តាំង​បង្ហាញ​ផលិតផល​ពួកគេ​ក្នុង​កម្មវិធី​នេះ​ផងដែរ​។

លោក តុប សុភ័ក្ត អ្នក​នាំពាក្យ​ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹងថា ក្នុងចំណោម​ស្តង់​សរុប​ក្រសួង​ទេសចរណ៍​បានរៀបចំ​ស្តង់​របស់ខ្លួន​ចំនួន​ ២៩៩ ក្នុង​នោះ​ ៥០ ​ស្តង់​នឹង​តាំងបង្ហាញ​អាហារ​តាម​ដងផ្លូវ​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​មាន​ប្រសាសន៍​ថា កម្មវិធី​នេះ​នឹង​ជួយ​ជំរុញ​ផ្សព្វផ្សាយ​ពី​សក្តានុពល​ពី​វិស័យ​ទេសចរណ៍​របស់​ខេត្ត​នេះ​។

លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ថ្លែង​ក្នុង​កម្មវិធី​បិទសន្និបាទ​ក្រសួង​សុខាភិបាល​កាលពី​ថ្ងៃ​ម្សិលមិញ​ដោយបាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​ចូលរួម​ទស្សនា​កម្មវិធី​បុណ្យ​ទន្លេ​លើក​ទី​ ៦ នៅ​ខេត្តបាត់ដំបង​ឲ្យ​បាន​ច្រើន​៕LA