ភ្នំពេញ: ជា​ផ្នែក​មួយ​នៃ​ការពង្រីក​អាជីវកម្ម​ដើម្បី​ឆ្លើយតប​នឹង​កំណើន​នៅពេល​ជំងឺ​កូវីដ​ ១៩​ ត្រូវ​បាន​ទប់ស្កាត់ Cambodia Airports ជា​ក្រុមហ៊ុន​ដែល​អភិវឌ្ឍ និង​គ្រប់គ្រង​បណ្ដាញ​ព្រលានយន្តហោះ​អន្តរជាតិ​របស់​ប្រទេស​កម្ពុជា​កាលពី​ថ្ងៃ​អង្គារ​បាន​ប្រកាស​បញ្ចប់​នូវ​ការពង្រីក និង​កែលម្អ​ផ្លូវ​រត់​របស់​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុង​ព្រះសីហនុ​ដែល​អនុញ្ញាត​ស្វាគមន៍​ការហោះហើរ​ត្រង់​ពី​រយៈ​ចម្ងាយ​ឆ្ងាយ​ឆាប់ៗ​នេះ​។

យោងតាម​សេចក្ដី​ប្រកាស​ពី​ក្រុមហ៊ុន​មួយ​នេះ​ផ្លូវ​រត់​ត្រូវបាន​ធ្វើឱ្យ​ប្រសើរ​ឡើង​ទាំងស្រុង ដែល​រួមទាំង​ការពង្រីក​ពី​ ២ ៥០០ ​ម៉ែត្រ​ដល់​ ៣ ៣០០ ​ម៉ែត្រ ការពង្រឹក​ទីតាំង​ចុះចត​នៅពេល​បច្ចុប្បន្ន និង​ការដំឡើង​ប្រព័ន្ធ​អំពូល​ភ្លើង LED នៅលើ​ព្រលាន​យន្តហោះ ដើម្បី​កាត់បន្ថយ​កម្រិត​កាបូន​។

ការដាក់ឱ្យ​ដំណើរការ​ផ្លូវ​រត់​ដែល​ស្ថិត​ក្នុង​កម្មវិធី​វិនិយោគ​ US$ ៥៨ ​លាន ​គ្រោង​បញ្ចប់​គម្រោង​ផ្សេងៗ​ទៀត​នៅ​ត្រីមាស​ចុងក្រោយ​ឆ្នាំ​ ២០២០​។ ក្នុង​បរិបទ​នៃ​កំណើន​ការធ្វើ​ចរាចរណ៍​ដ៏រឹងមាំ គម្រោង​ផ្លូវ​រត់​នេះ​ត្រូវបាន​ដាក់ឱ្យ​ដំណើរការ​កាលពី​ខែ​កក្កដា ឆ្នាំ​ ២០១៨ និង​មាន​គោលបំណង​សម្រួល​ដល់​យន្តហោះ​ធុន​ធំ (Code E) ដូចជា​យន្តហោះ B-777-300ER ឬ​យន្តហោះ A-350-1000 ដែល​ប្រតិបត្តិការ​ជើងហោះហើរ​ត្រង់​ចម្ងាយ​ឆ្ងាយ​ទៅ និង​មក​ព្រលានយន្តហោះ​អន្តរជាតិ​ក្រុងព្រះសីហនុ​។

លោក Alain BRUN អគ្គនាយក​ក្រុមហ៊ុន Cambodia Airports បានឱ្យដឹងថា ការកែលម្អ​ផ្លូវ​រត់​នេះ​មាន​សារៈសំខាន់​យ៉ាងខ្លាំង ដែល​អាច​ឱ្យ​យន្តហោះ​ចម្ងាយ​ឆ្ងាយ​អាច​ហោះហើរ​ត្រង់​មក​ខេត្ត​ជាប់​ឆ្នេរ សមុទ្រ​របស់​ប្រទេស​កម្ពុជា​មួយ​នេះ​។

លោក Alain ថ្លែងថា​៖ «​ដើម្បី​គាំទ្រ​ដល់​ការអភិវឌ្ឍ​ក្រុង​ព្រះសីហនុ ប្រព័ន្ធ​ព្រលាន​យន្តហោះ​ប្រកប​ដោយ​ប្រសិទ្ធភាព និង​ការបង្កើន​ការតភ្ជាប់​ផ្លូវ អាកាស​មាន​សារៈសំខាន់​។ ការកែលម្អ​សមត្ថភាព​ផ្លូវ​រត់​នេះ​ផ្ដល់​ឱកាស​កំណើន​ថ្មី ដោយសារ​តែ​ក្រុមហ៊ុន​អាកាសចរណ៍​អាច​ប្រតិបត្តិការ​យន្តហោះ​ធំៗ ដែល​ហោះ​ទៅ និង​មកពី​ទីផ្សារ​ឆ្ងាយៗ ដូចជា​សហភាព​អឺរ៉ុប​ជាដើម​»​។

លោក ខែក នរិន្ទដា នាយក​ផ្នែក​ទំនាក់ទំនង និង​ទំនាក់ទំនង​សាធារណៈ​នៅ​ក្រុមហ៊ុន Cambodia Airports បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ថា ផ្លូវ​រត់​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​ក្នុង​រយៈពេល​ប៉ុន្មាន​សប្ដាហ៍​ខាងមុខនេះ​។ លោក​បន្ថែមថា ព្រលាន​យន្តហោះ​នៅ​ក្រុងព្រះសីហនុ​ទទួល​ជើង​ហោះហើរ​ក្នុងស្រុក និង​ក្រៅ​ស្រុក​ប្រចាំ​សប្ដាហ៍​ប្រហែល​ ២០ ​ជើង​ហោះហើរ​កាលពី​ខែកញ្ញា​មុន ធ្លាក់ចុះ​ជាង​ ៩៥ ​ភាគរយ​ បើ​ធៀប​នឹង​ខែកញ្ញា ​ឆ្នាំ​ ២០១៩​។ ជើង​ហោះហើរ​ទៀងទាត់ តភ្ជាប់​ព្រលាន​​យន្តហោះ​នេះ​ទៅ​ទីក្រុង​ជាច្រើន​របស់​ប្រទេស​ចិន ទីក្រុង​ភ្នំពេញ និង​សៀមរាប​។

លោក តាំង សុចិត្តគ្រឹស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ ភ្នំពេញ ប៉ុស្ដិ៍ ​ថា ការ​ដំណើរការ​នៃ​ការពង្រីក​របស់​ព្រលានយន្តហោះ​នេះ​គឺជា​ការឆ្លើយតប​យ៉ាងខ្លាំង​ទៅនឹង​ការកើនឡើង​ការធ្វើ​ចរាចរណ៍​អ្នកដំណើរ នៅពេល​ជំងឺ​កូវីដ​ ១៩ អាច​ទប់ស្កាត់​បាន​។

លោក​ថ្លែងថា​៖ «​យើង​រីករាយ​ដែល​មើលឃើញ​ការកែលម្អ​ព្រលានយន្តហោះ​នេះ ខណៈ​ដែល​ចំណត​អ្នកដំណើរ​ថ្មី​កំពុង​សាងសង់​។ នៅពេល​នេះ ព្រលានយន្តហោះ​អាច​ទទួល​ជើងហោះហើរ​ត្រង់​ចម្ងាយ​ឆ្ងាយ​ដែល​ពិត​ជា​មាន​សារៈសំខាន់ ដែល​មិន​ត្រឹមតែ​បម្រើ​ដល់​វិស័យ​ទេសចរណ៍​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ដើម្បី​ទាក់ទាញ​ការវិនិយោគ និង​ក្រុមហ៊ុន​កាន់តែ​ច្រើន​ចូលមក​ខេត្ត​នេះ​ផងដែរ​»​។

នៅ​ចន្លោះ​ឆ្នាំ​ ២០១៥ និង​ឆ្នាំ​ ២០១៩ ចំនួន​អ្នកដំណើរ​បាន​កើនឡើង​ពី​ ៩៤ ០០០ ដល់​ជាង ១,៦ ​លាន​នាក់ ហើយ​ព្រលាន​យន្តហោះ​នេះ​ទទួល​បាន​កំណើន ៣ ​ខ្ទង់​ស្ទើរតែ​រៀងរាល់ឆ្នាំ​។ ក្នុង​រយៈពេល​ ៥ ​ឆ្នាំ​ចុងក្រោយ​នេះ ក្រុង​ព្រះសីហនុ​បាន​ក្លាយជា​ទិសដៅ​មួយ​នៅក្នុង​ទីផ្សារ​ជាមួយ​នឹង​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ និង​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​របស់​ខេត្ត​នេះ ទាក់ទាញ​ទាំង​វិនិយោគិន​អាជីវកម្ម និង​ភ្ញៀវទេសចរ​។ នេះ​បើ​យោងតាម​ក្រុមហ៊ុន Cambodia Airports៕ LA