ភ្នំពេញៈ សកម្មភាពអាជីវកម្មលក់រាយភាគច្រើននៅរាជធានីភ្នំពេញបានបង្ហាញពីការធ្លាក់ចុះគួរឱ្យកត់សម្គាល់ចាប់តាំងពីការផ្ទុះឡើងនៃព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ដែលបាននិងកំពុងបន្តការឆ្លងរីករាលដាលដល់ខេត្ត-ក្រុងមួយចំនួន ដោយមានអ្នកឆ្លងរហូតដល់ ៨១០ នាក់ ដែលនាំឱ្យកម្ពុជាមានអ្នកផ្ទុកវីរុសកូវីដ ១៩ សរុបចំនួន ១ ៣២៥ នាក់។
លោក ហេង សេងលី នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន ផាក កាហ្វេ អេនបេវើរីច ដែលជាម៉ាកយីហោអាហារក្នុងស្រុកបានកត់សម្គាល់ថា ករណីឆ្លងជំងឺកូវីដ ១៩ ចូលសហគមន៍ក្នុងព្រឹត្តិការណ៍ ២០ កុម្ភៈ បានធ្វើឱ្យប្រជាជននៅទីក្រុងកាន់តែមានភាពភ័យខ្លាចក្នុងការធ្វើដំណើរជាងមុនៗដែលការណ៍នេះបាននាំឱ្យចំនួនភ្ញៀវចូលហាងផាកកាហ្វេធ្លាក់ចុះគួរឱ្យកត់សម្គាល់ក្នុងអំឡុងពេលនេះ។
លោកប្រាប់ទៀតថា ការបញ្ជាទិញតាមអនឡាញដោយមានការដឹកជញ្ជូនដល់ទីតាំងផ្ទាល់ក៏មានការធ្លាក់ចុះតិចតួចដែរបើធៀបនឹងពេលមុន។
លោកថ្លែងថា៖ «ការលក់ធ្លាក់ចុះពីច្រើន។ ខ្ញុំអាចនិយាយបានថា ធ្លាក់ចុះប្រហែល ៦០ ភាគរយ»។
លោក សេងលី បន្ថែមថា ក្រុមហ៊ុនរបស់លោកក៏មានផែនការបម្រើតែសេវាកម្មដឹកជញ្ជូនដល់ទីកន្លែង និងខ្ចប់ប៉ុណ្ណោះ ប្រសិនបើការរីករាលដាលជំងឺកូវីដ ១៩ កាន់តែធ្ងន់ធ្ងរ។ លោកអះអាងថា៖ «ប្រសិនបើករណីធ្ងន់ធ្ងរដូចករណីនៅចិន និងអ៊ីតាលី យើងមានជម្រើសចុងក្រោយ ១ គឺបិទហាង តែយើងទទួលការកុម្ម៉ង់តែតាមដឹកជញ្ជូន ឬខ្ចប់មានន័យថា ក្នុងហាងយើងអត់ទទួលភ្ញៀវចូលទេ»។
ផាក កាហ្វេ ត្រូវបានបង្កើតឡើងនៅឆ្នាំ ២០០៤ ដោយមកដល់ពេលនេះផាក កាហ្វេ មានសាខាចំនួន ២០ នៅទីក្រុងភ្នំពេញ និងខេត្តកំពង់ចាម។
លោក ជី សិលា ពាណិជ្ជករដែលបានទទួលសិទ្ធិផ្តាច់មុខយីហោ Tous Les Jours មកកម្ពុជាបានសម្គាល់ថា ក្នុងអំឡុងពេលការរីករាលជំងឺកូវីដ ១៩ អាជីវកម្មផ្នែកអាហារដ្ឋានស្ទើរតែទាំងអស់រងផលប៉ះពាល់អាជីវកម្ម។
លោក សិលា បានឱ្យដឹងថា ហាងរបស់លោកក៏មានការធ្លាក់ចុះនៃចំនួនភ្ញៀវដែរ ដែលបានធ្វើឱ្យប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុន។ លោក បន្តថា៖ «ឥឡូវនេះយើងកំពុងតែបន្តជំរុញបន្ថែមទៀតក្នុងការផ្តល់សេវាកម្មដឹកជញ្ជូនដល់ទីកន្លែង។ ខ្ញុំសង្ឃឹមថាស្ថានភាពនេះនឹងមានភាពល្អប្រសើរឡើងវិញឆាប់ៗនេះ»។
ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈក៏បានធ្វើឱ្យប៉ះពាល់អាជីវកម្មខ្នាតតូចបំផុតផងដែរ កញ្ញា សុភ័ក្រ លាភ បុគ្គលិកហាងកាហ្វេ អិល អ៊ិន នៅទីក្រុងភ្នំពេញ បានឱ្យដឹងថា ប្រាក់ចំណូលរបស់កញ្ញាបានធ្លាក់ចុះប្រហែលពាក់កណ្តាលបើធៀបនឹងមុនពេលមានព្រឹត្តិការណ៍នេះ។ កាលពីមុនព្រឹត្តិការណ៍ ២០ កុម្ភៈ កញ្ញាអាចលក់កាហ្វេបានជាមធ្យម ៨០ កែវក្នុង ១ ថ្ងៃ ប៉ុន្តែពេលនេះលក់មិនដល់ ៤០ កែវផង។
កញ្ញានិយាយថា៖ «ករណីផ្ទុះជំងឺកូវីដ ១៩ ឆ្លងចូលសហគមន៍ថ្មីៗនេះ បានធ្វើឱ្យហាងស្ងាត់ឈឹង អត់ភ្ញៀវដែល ២ ថ្ងៃចុងក្រោយនេះអត់មានភ្ញៀវសោះតែម្តង»។
អ្នកស្រី ថុង សោភ័ណ្ឌ ជាអ្នកលក់សម្ភារផ្ទះបាយនៅទីក្រុងភ្នំពេញ ១ រូបទៀត បាននិយាយថា តាំងពីផ្ទុះព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈមក ហាងរបស់អ្នកស្រីលក់មិនសូវដាច់ទេ ដោយហេតុថា ប្រជាជនភាគច្រើនមាននិន្នាការក្បិតក្បៀតក្នុងការចាយវាយជាងពេលមុនៗ។
អ្នកស្រី សោភ័ណ្ឌ និយាយថា៖ «ខ្ញុំលក់អត់សូវដាច់ទេមួយរយៈពេលចុងក្រោយនេះ បើខ្ញុំគិតទៅកាលពីមុនអីវ៉ាន់ខ្ញុំ ២០ ទៅ ៣០ កេស លក់តែ ២ សប្តាហ៍អស់ហើយ ប៉ុន្តែឥឡូវជិត ២ ខែហើយលក់មិនទាន់អស់ទៀត។ ខ្ញុំកំពុងបារម្ភថា បើលក់អត់ដាច់អ៊ីចឹងខ្ញុំមានលុយមកពីណាបង់ទឹកភ្លើងបន្ទប់ជួល និងធនាគារ»៕ LA