ទីកុ្រង​តូក្យូៈ ផ្សារហ៊ុន​នៅ​ទីក្រុង​តូក្យូ​បើក​ដំណើរ​ការ​ជាមួយ​តម្លៃ​កើន​ឡើង​នៅ​ថ្ងៃ​ពុធ​នេះ គាំទ្រ​ដោយ​ការ​កើន​ឡើង​រឹងមាំ​នៅ​ផ្សារហ៊ុន Wall Street ​មុន​ពិធី​ស្បថ​ចូល​កាន់​តំណែង​ប្រធានាធិបតី​អាមេរិក របស់​លោក Joe Biden ហើយ​បាន​រំពឹង​ថា នឹង​មាន​ការ​ចំណាយ​ជំរុញ​សេដ្ឋកិច្ច​កាន់តែ​ធំ​ពី​សំណាក់​រដ្ឋាភិបាល។

សន្ទស្សន៍​ភាគហ៊ុន​ Nikkei 225 បាន​កើន​ឡើង​​ ០,៥០ ភាគរយ​ ឬ មាន​ ១៤២,៦៤​ ពិន្ទុ ​ដល់​ ២៨ ៧៧៦,១០ យ៉េន​ ក្នុង​ការ​ជូញដូរ​ពេល​បើក​ភ្លាម​ៗ​ ខណៈ​សន្ទស្សន៍​ភាគ​ហ៊ុន ​ក្រុមហ៊ុន Topix​ ដែល​ធំ​ជាង​​បាន​កើន​ឡើង ០,០៩​ ភាគរយ​ ឬ​ ១,៦៦ ​ពិន្ទុ​ នៅ​តម្លៃ​ ១​៨៥៧,៥០​ យ៉េន​ ក្រុមហ៊ុន​មូលបត្រ​ Okasan Online បាន​ឲ្យ​ដឹង​​នៅ​ក្នុង​ការ​អត្ថា​ធិប្បាយ​ថា៖ «​​ភាគហ៊ុន​ជប៉ុន​ត្រូវ​បាន​គេ​មើល​ឃើញ​កើន​ឡើង​ជាមួយ​ការ​គាំទ្រ​ពី​ដៃគូ​ក្នុង​ទីផ្សារ​អាមេរិក ​ប៉ុន្តែ​ឥរិយាបថ​«រង់ចាំមើល» ​នឹង​កើន​ឡើង​មុនពិធី​ឡើង​កាន់​តំណែង​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក»។

ប្រាក់​ដុល្លារ​មាន​តម្លៃ​ ១០៣,៨៩ ​យ៉េន ​ក្នុង​ជំនួញ​អាស៊ី​ដំបូង​ធៀប​នឹង ​១០៣,៩០ យ៉េន ​ក្នុង​ទីក្រុង​ញូវយ៉ក​កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ។

ក្នុង​ចំណោម​ភាគហ៊ុន​ធំ​ៗ​ នៅ​ទី​ក្រុង​តូក្យូ​ក្រុមហ៊ុន​សូនី​បាន​កើន​ឡើង​ ០,៦១ ​ភាគរយ ​ស្មើ​នឹង ១០.៦៧០ ​យ៉េន ​ក្រុមហ៊ុន​ Panasonic ​បាន​កើន​ឡើង​ ១,២៦​ ភាគរយ​ ស្មើ​នឹង ​១.៣២៦ យ៉េន​ ហើយ​ក្រុមហ៊ុន​ផលិត​រ៉ូបូត​ Fanuc ​បាន​កើន​ឡើង ​១,៣៣ ​ភាគរយ ​ស្មើ​នឹង​ ២៧ ៤៩០ យ៉េន​។

ក្រុមហ៊ុន​អាកាសចរណ៍​ ANA ​Holdings ​បាន​ធ្លាក់​ចុះ ​២,១៨​ ភាគរយ ​ស្មើ​នឹង ​២,២៥៩​,៥ យ៉េន ​បន្ទាប់​ពី​មាន​របាយការណ៍​មួយ​បាន​និយាយ​ថា​ក្រុមហ៊ុន​អាកាសចរណ៍​បង្ហាញ ខាតបង់​ទឹក​ប្រាក់​ជាង ៣០០​ ពាន់​លាន​យ៉េន​ (២,៨ ពាន់​លាន​ដុល្លារ​) សម្រាប់​រយៈពេល​ ៩​ ខែ​ ដែល​បាន​បញ្ចប់​នៅ​ក្នុង​ខែ​ធ្នូ៕ AFP/RR