ភ្នំពេញៈ​ ភាគ​ហ៊ុន​ធនាគារ​ អេស៊ីលីដា ​២៥​ ភាគ​រយ​ ដែល​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន ​ASA ​គ្រោង​នឹង​ចុះ​បញ្ជី​ក្នុង​ផ្សារ​​ហ៊ុន​កម្ពុជា​ក្នុង​ពេល​ឆាប់ៗ​នេះ ​ ដែល​នឹង​បើក​ផ្លូវ​ឲ្យ​ប្រ​ជា​ជន​កម្ពុជា​ទូ​ទៅ​​​អាច​ទិញ​ហ៊ុន​ និង​ក្លាយ​ជា​ផ្នែក​មួយ​នៃ​ម្ចាស់​ភាគ​ហ៊ុន​​ធ​នាគារ​ដ៏​ធំ​ជាង​គេ​នៅ​កម្ពុជា​មួយ​នេះ​។ នេះបើ​យោង​តាម​សេចក្តី​ជូន​ដំណឹង​កាល​​ពី​ល្ងាច​ថ្ងៃ​ពុធ​។

ក្រុម​ហ៊ុន ​ASA Plc ​បាន​បង្កើត​ឡើង​នៅ​ឆ្នាំ ២០០០ ​ដែល​មាន​ភាគ​ហ៊ុនិក​ភាគ​ច្រើន​​ជា​បុគ្គលិ​ក និង​​​និយោជិត​​របស់​ធនាគារ ​អេស៊ីលីដា ​ភីអិលស៊ី។​

ភាគ​ហ៊ុនិក​សរុប​នា​ពេល​នេះ​មាន​ជាង​១ម៉ឺន​នាក់ ហើ​យ​បាន​កាន់​កាប់​​ភាគ​ហ៊ុន​ក្នុង​ធនាគារ​ អេស៊ីលីដា ​ភីអិលស៊ី ​ចំនួន ​២៥ ​ភាគ​រយ​​។

ក្នុង​សេច​ក្តី​ជូន​ដំ​ណឹង​ដដែល​ ក្រុម​ហ៊ុន ASA Plc បាន​ឲ្យ​ដឹង​ថា​ ខ្លួន​កំ​ពុង​​រៀប​ចំនី​តិ​វិ​ធី និង​លក្ខខណ្ឌ​តម្រូវ​តាម​បទ​ប្ប​ញ្ញាត្តិ​ ដើម្បី​ស្នើសុំ​ការ​អនុ​ញ្ញាតពី​គណៈ​កម្ម​កា​រ​មូល​បត្រ​កម្ពុជា​ (SECC) និង​ក្រុម​ហ៊ុន​ផ្សារមូល​បត្រ​កម្ពុជា​ (CSX) ដើម្បី​ចុះ​បញ្ជី​លក់​ភាគ​ហ៊ុន​របស់​ខ្លួន​ជា​សា​ធារណៈ​នៅ​CSX​។

ក្រុមហ៊ុន ASA Plc ​រំពឹង​ថា ​ដំណើរការ​រៀបចំ​ចុះ​បញ្ជី​នៅ CSX នឹង​អាច​​បញ្ចប់​នា​ពេល​ដ៏ខ្លី។

ក្រុ​ម​ហ៊ុន Pestech Cambodia ដែល​មាន​បំ​ណង​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន​ដែរ​នោះ​ កាល​ពី​ខែ​មិថុនា​​ ទើ​ប​បាន​ទទួល​ការ​អនុ​ញ្ញាតបោះ​ផ្សាយ​ពី SECC និង​ការ​អនុ​ញ្ញាតលើ​លទ្ធភាព​ចុះ​បញ្ជី​ពី CSX រួ​ច​រាល់​ ដែលត្រូវ​បាន​គេ​រំ​ពឹង​ថា​អាច​ឲ្យ​ក្រុ​ម​ហ៊ុននេះ​អាច​ចុះ​បញ្ជី​ជួញ​ដូរ​នៅ​ចុង​ឆ្នាំ​នេះ។

លោក ​ល្មុន សូ​ឡី ប្រ​ធាន​នាយក​ដ្ឋាន​​ចុះ​បញ្ជី​ និង​ផ្តល់​ព័ត៌​មាន​នៃ​ក្រុម​ហ៊ុន​ CSX រំ​ពឹង​ថា​ វត្ត​មាន​ក្រុមហ៊ុន​កាន់​តែ​ច្រើន​ចុះ​បញ្ជី​ ជា​ពិ​សេស​វត្ត​មាន​ធនាគារ​ធំ​ជាង​គេនៅ​កម្ពុជា​​ដូច​ជា​ អេស៊ី​លី​ដា នឹង​រួម​ចំ​ណែក​ធ្វើ​ឲ្យសកម្ម​ភាព​ជួញ​ដូរភាគ​ហ៊ុន​​កាន់​តែ​កើន​ឡើង​ជា​ង​បច្ចុប្បន្ន។​

សូម​រង់ចាំ​អានព័ត៌មាន​លម្អិត​ក្នុង​កាសែត​ភ្នំពេញ​ ប៉ុស្តិ៍