
លោក John Yung (ឆ្វេង) កំពុងថ្លែងក្នុងសនិ្នសីទកាលពីម្សិលមិញ។ ហេង ជីវ័ន
ភ្នំពេញៈ ភាគហ៊ុនិកថ្មីរបស់ AMK ដែលជាគ្រឹះស្ថានមួយក្នុងចំណោមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលផ្ដោតលើកម្ចីខ្នាតតូចនៅតាមជនបទកាលពីម្សិលមិញបានបង្ហាញការប្ដេជ្ញាចិត្តរក្សាគំរូពាណិជ្ជកម្មរបស់ AMK នៅដដែល ដោយលើកឡើងថាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយនេះនឹងផ្ដោតការយកចិត្តទុកដាក់លើកម្ចីខ្នាតតូចបំផុត និងខ្នាតតូចសម្រាប់ទីផ្សារជនបទ។
ជាមួយនឹងទំហំកម្ចីជាមធ្យម ៧០០ ដុល្លារ AMK គឺជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ (MFI) មួយក្នុងចំណោម MFI មួយចំនួននៅកម្ពុជាដែលនៅតែផ្ដោតលើកម្ចីខ្នាតតូច។
សេចក្ដីប្រកាសពីភាគហ៊ុនិកថ្មីនេះបានធ្វើឡើង បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ AMK កាលពីខែសីហាឆ្នាំនេះបានប្រកាសលក់ភាគហ៊ុន ៨០ ភាគរយរបស់ខ្លួនជាផ្លូវការឲ្យធនាគារ Shanghai Commercial & Savings Bank (SCSB) មានមូលដ្ឋាននៅកោះតៃវ៉ាន់ក្នុងទឹកប្រាក់ដែលមិនត្រូវបានបង្ហើបឲ្យដឹង។
ថ្លែងក្នុងសន្និសីទព័ត៌មានមួយកាលពីម្សិលមិញស្តីពី «AMK ចូលជាសមាជិករបស់ធនាគារ SCSB» លោក John Yung អនុប្រធានប្រតិបត្តិរបស់ SCSB បានឲ្យដឹងថាបេសកកម្មនេះនឹងផ្ដល់សេវាហិរញ្ញវត្ថុកាន់តែប្រសើរដល់ប្រជាជនកម្ពុជានៅជនបទ។
លោកបានថ្លែងថា៖ «AMK ធ្វើបានយ៉ាងល្អដោយសារកម្ចីដែលពួកគេផ្តល់មិនមែនសម្រាប់ទំនិញប្រើប្រាស់ទេ តែថែមទាំងសម្រាប់ការបង្កើតសកម្មភាពសេដ្ឋកិច្ចផងដែរ»។
លោកបន្តថា៖ «យើងប្ដេជ្ញាចិត្តរក្សាអ្វីៗដែល AMK បានធ្វើឲ្យនៅដដែលដោយសារ AMK គឺជា MFI ធំមួយដែលជាក់ស្ដែងបានពង្រីកទៅដល់តំបន់ជនបទ។ វាគ្របដណ្តប់លើប្រជាជនតាមភូមិប្រហែល ៩០ ភាគរយដែលសូម្បីតែ [សា្ថប័ន] ធំៗមិនបានទៅដល់តំបន់ឆ្ងាយដូចនេះផង»។
លោក John បានឲ្យដឹងថាហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រង និងគំរូពាណិជ្ជកម្មរបស់ AMK នឹងរក្សានៅដដែល ខណៈរបៀបដែល SCSB នឹងជួយគឺជួយលើអភិបាលកិច្ចសាជីវកម្ម និងគ្រប់គ្រងមូលធន។
របាយការណ៍ប្រចាំឆ្នាំកាលពីចុងឆ្នាំមុនបានបង្ហាញថាកម្ចីសរុបរបស់ AMK មានចំនួន ២១៤ លានដុល្លារ ខណៈដែលប្រាក់បញ្ញើសរុបមានចំនួន ១២១,៦ លានដុល្លារ។ AMK មើលឃើញការធ្លាក់ចុះប្រាក់ចំណេញសុទ្ធកាលពីឆ្នាំមុនមកនៅត្រឹម ៥,២៧ លានដុល្លារធៀបនឹង ៦,៦៣ លានដុល្លារនៅឆ្នាំ ២០១៦។
លោក គា បូរាណ ប្រធាននាយកប្រតិបត្តិ AMK បានឲ្យដឹងកាលពីម្សិលមិញថា ការសម្រេចចិត្តធ្វើការងារជាមួយភាគហ៊ុនិកថ្មីដែលជាធនាគារបរទេស គឺជាការផ្លាស់ប្តូរធម្មតាក្នុងឧស្សាហកម្មនេះ ខណៈវិស័យនេះតែងតែមានរបត់ថ្មីមួយក្នុងរយៈពេលរៀងរាល់ ១០ ឆ្នាំ។
លោក បូរាណ បានឲ្យដឹងថាគ្រឹះស្ថានផ្ដល់កម្ចីទាំងអស់ត្រូវបានបង្កើតឡើងដោយមូលនិធិរបស់អង្គការមិនមែនរដ្ឋាភិបាល (NGO) និងប្រតិបត្តិការជាអង្គការ NGO ក្នុងអំឡុងទសវត្សរ៍ឆ្នាំ ១៩៩០។ ប៉ុន្តែមានការធ្វើឲ្យទៅជាលក្ខណៈពាណិជ្ជកម្មក្នុងវិស័យនេះក្នុងអំឡុងទសវត្សរ៍ឆ្នាំ ២០០០ ខណៈដែលគ្រឹះស្ថានជាច្រើនបានផ្លាស់ប្តូរទៅជាសហគ្រាសឯកជន។ លោកបន្ថែមថា ធនាគារបរទេសជាច្រើនកំពុងចូលមក និងទិញភាគហ៊ុន MFI សំខាន់ៗនៅពេលនេះដែលជារបត់ថ្មីមួយផ្សេងទៀត។
លោកបានបន្តថាភាគហ៊ុនរបស់ធនាគារ SCSB នៅក្នុង AMK នឹងអាចឲ្យ AMK ធ្វើការងារកាន់តែប្រសើរ ដោយសារតែធនាគារនេះនឹងអាចពង្រឹងធនធានមនុស្សប្រភពមូលនិធិ និងបច្ចេកវិទ្យាថ្មីមកពីធនាគារនេះ។
លោកបញ្ជាក់ថា៖ «ខ្ញុំជឿជាក់ថាការធ្វើការងារជាមួយ SCSB នឹងជួយពួកយើងឲ្យផ្ដល់សេវាហិរញ្ញវត្ថុកាន់ប្រសើរ និងទំនុកចិត្តរឹងមាំដល់ប្រជាជនកម្ពុជា ជាពិសេសអតិថិជននៅតំបន់ជនបទ»៕ LA