ក្រុងហុងកុងៈ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Alibaba ដែលជា​ក្រុមហ៊ុន​លក់រាយ​អនឡាញ​ឈានមុខ​គេ​របស់​ប្រទេស ​ចិន បាន​កើនឡើង​ជិត ៨ ភាគរយ​នៅ​ថ្ងៃ​ជួញដូរ​ដំបូង​នៅ​ផ្សារហ៊ុន​ហុងកុង​កាលពី​ថ្ងៃ​អង្គារ បន្ទាប់ពី​ការប្រមូល​មូលនិធិ​បាន​យ៉ាង​ហោចណាស់ ១១ ​ពាន់​លាន​ដុល្លារ​ នៅក្នុង​ការបោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង (IPO) ធំជាងគេ​របស់​ទីក្រុង​នេះ​ក្នុង​រយៈពេល​ជិត​ ១ ​ទសវត្សរ៍​។

ការបោះ​ផ្សាយ​ដែល​មាន​ទំហំ​ច្រើន​បំផុត​នេះ​បាន​ធ្វើឡើង​បន្ទាប់ពី​ពិធី​ដ៏គួរ​ឲ្យ​ទាក់ទាញ​មួយ​នៅ​ផ្សារហ៊ុន​របស់​ទីក្រុង​នេះ ដែល​បាន​ចូលរួម​ដោយ​លោក Daniel Zhang អគ្គនាយក​ក្រុមហ៊ុន Alibaba លោក Paul Chan លេខាធិការ​ហិរញ្ញវត្ថុ​ទីក្រុង​ហុងកុង និង​លោក Tung Chee-hwa អតីត​ប្រធាន​ប្រតិបត្តិ​ទីក្រុង​ហុងកុង​។

ក្រុមហ៊ុន​នេះ​បានចាប់ផ្ដើម​ដំណើរការ​នៅ​ថ្ងៃ​ជួញដូរ និង​បាន​មើលឃើញ​ភា្លមៗ​នូវ​ការកើនឡើង​តម្លៃ​ភាគហ៊ុន​របស់​ខ្លួន​។ ក្រុមហ៊ុន​នេះ​បាន​កំណត់​តម្លៃ​សម្រាប់​ភាគហ៊ុន​នីមួយៗ​ក្នុង​តម្លៃ ១៧៦ ​ដុល្លារ​ហុងកុង ប៉ុន្តែ​តម្លៃ​ភាគហ៊ុន​នេះ​បាន​កើនឡើង​ភ្លាមៗ ៧,៦៧ ភាគរយ​ ដល់ ១៨៩,៥ ដុល្លារ​ហុងកុង ​ក្នុង​រយៈពេល​ ២-៣ ​នាទី​ដំបូង​។

ក្រុមហ៊ុន Alibaba បាន​ហៅ​ការចុះបញ្ជី​នេះ​ជា​ការបោះឆ្នោត​ផ្តល់​ទំនុកចិត្ត​នៅ​ទីក្រុង​នេះ​ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការតវ៉ា​ប្រឆាំង​ដោយ​អំពើហិង្សា​រយៈពេល​ជាច្រើន​ខែ និង​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ ចិន និង​អាមេរិក ដែល​បាន​បណ្ដាល​ឲ្យ​សេដ្ឋកិច្ច​របស់​ទីក្រុង​នេះ​ធ្លាក់ចូល​ទៅក្នុង​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​។

ក្នុង​សញ្ញា​មួយ​នេះ​ភាព​តានតឹង​ដែល​នៅតែ​រីករាលដាល​នៅ​ទីក្រុង​ហុងកុង បន្ទាប់ពី​អំពើហិង្សា​កាន់តែ​អាក្រក់​មួយ​ចំនួន​នៃ​ភាពចលាចល​នេះ នគរបាល​ប្រឆាំង​កុបកម្ម​ត្រូវ​ឈរជើង​នៅ​ខាង​ក្រៅ​ផ្សារហ៊ុន​កាលពី​ថ្ងៃ​អង្គារ​។

ក្រុមហ៊ុន​ដែល​មាន​តម្លៃ​បំផុត​របស់​អាស៊ី​ដែល​ក៏​ត្រូវបាន​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ញូវយ៉ក​ផងដែរ​នោះ​បាន​ឲ្យ​ដឹង​កន្លងមក​ថា ខ្លួន​អាច​ប្រមូល​មូលនិធិ​បាន​ជិត ១៣ ​ពាន់​លាន​ដុល្លារ​ តាមរយៈ​ការបោះ​ផ្សាយ​មូលបត្រ​សាធារណៈ​លើកដំបូង ដែល​ត្រូវ​បាន​គ្រោងទុក​ដំបូង​នៅ​រដូវក្ដៅ ប៉ុន្តែ​ត្រូវ​បាន​ផ្អាក​ដោយសារ​តែ​ឧបសគ្គ​ដែល​វាយប្រហារ​លើ​ទីក្រុង​នេះ​។

ជាមួយ​នឹង​ភាគហ៊ុន ៥០០ ​លាន​ ដែល​បាន​លក់​ជូន​ក្រុម​វិនិយោគិន ក្រុមហ៊ុន​នេះ​បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ប្រមូល​មូលនិធិ ៨៨ ពាន់​លាន​ដុល្លារ​ហុងកុង (១១ ពាន់​លាន​ដុល្លារ​)​។

ក្រុមហ៊ុន Alibaba អាច​ប្រមូល​មូលនិធិ​បាន​ចំនួន ១០១,២ ពាន់​លាន​ដុល្លារ​ហុងកុង (១២,៩ ពាន់​លាន​ដុល្លារ​) បើ​ក្រុមហ៊ុន​នេះ​សម្រេច​ជ្រើស​យក​ជម្រើស​បោះផ្សាយ​ភាគហ៊ុន​បន្ថែម ៧៥ ​លាន​បន្ថែមទៀត​។

ទោះ​ក្នុង​តម្លៃ​ទាប​បំផុត​ក្តី ការបោះផ្សាយ​នេះ​នឹង​នៅតែ​ជា IPO ច្រើន​បំផុត​របស់​ផ្សារហ៊ុន​ហុងកុង​ដែរ​ចាប់ពី​ឆ្នាំ​ ២០១០ មក ៕ LA