ភ្នំពេញ: ក្រសួងកសិកម្ម និងវិស័យឯកជនជំរុញឲ្យកសិករពង្រីកការដាំបន្លែសរីរាង្គសម្រាប់ផ្គត់ផ្គង់នៅតាមផ្សារទំនើប និងភោជនីយដ្ឋាននានាក្នុងទីក្រុងភ្នំពេញ ខណៈកសិករដាំបន្លែសរីរាង្គនៅមានចំនួនតិចនៅឡើយ។
លោក ដួង គឹមឈាន ទីប្រឹក្សាតាមដាន និងវាយតម្លៃ កម្មវិធីគម្រោង ASPIRE នៃមន្ទីរកសិកម្មខេត្តកណ្តាល ដែលកសិករក្នុងខេត្តនេះអាចផ្គត់ផ្គង់បន្លែសរីរាង្គ ទីផ្សារក្នុងស្រុកចំនួន ១៣៤ ៤០០ គីឡូក្រាម កាលពីឆ្នាំ ២០១៨ បានឲ្យដឹងថា ការផ្គត់ផ្គង់បន្លែសរីរាង្គនឹងកើនឡើងប្រមាណ ២០ ភាគរយ នៅដំណាច់ឆ្នាំនេះ។
ការជំរុញនេះធ្វើឡើងនៅក្នុងពេលនៃដំណើរទស្សនកិច្ចរបស់ប្រធានអង្គការ IFAD កាលពីសប្តាហ៍មុនទៅកាន់ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល ដែលកសិករកំពុងអនុវត្តការដាំបន្លែមិនប្រើគីមីក្រោមគម្រោងរបស់ IFAD។
លោក ដួង គឹមឈាន បានឲ្យដឹងថា៖ «បន្លែដាំក្នុងផ្ទះសំណាញ់មានតម្លៃខ្ពស់ កសិករអាចដាំបានពេញ ១ ឆ្នាំ ការពារសត្វល្អិតចង្រៃ និងកាត់បន្ថយថ្លៃដើមផលិតព្រោះមិនប្រើថ្នាំគីមីទេ»។
លោកបន្ថែមថា កសិករទាំងនោះ ទទួលបានវគ្គបណ្តុះបណ្តាលពីមន្ទីរកសិកម្មខេត្តក្រោមគម្រោងអភិវឌ្ឍន៍កសិកម្ម និងជំរុញកំណើនសេដ្ឋកិច្ច (PADEE) និងការពង្រីកសមាជិកបណ្តុំដោយកម្មវិធីផ្សព្វផ្សាយកសិកម្មថ្មី ASPIRE។ ស្រុកស្អាង ខេត្តកណ្តាល ជាតំបន់ដាំដុះបន្លែដ៏ធំមួយសម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក។
លោក គឹមឈាន បានឲ្យដឹងថា ចាប់តាំងពីបង្កើតគម្រោងដាំបន្លែសរីរាង្គដំបូងមក មានកសិករចូលជាសមាជិកបានកើនឡើង ១៣ គ្រួសារ ដល់ ៥០ គ្រួសារ គិតមកដល់ពេលនេះ។
កញ្ញា ប៊ុន សៀង ប្រធានក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ ជាក្រុមហ៊ុនទិញបន្លែសរីរាង្គបានឲ្យដឹងថា ការផ្គត់ផ្គង់បន្លែសរីរាង្គបច្ចុប្បន្នមានប្រមាណ ៥០០ គីឡូក្រាម ក្នុង ១ ថ្ងៃៗ នៅតាមផ្សារទំនើប និងភោជនីយដ្ឋាននៅរាជធានីភ្នំពេញ។ ប៉ុន្តែកញ្ញាបន្ថែមថា៖ «ចំនួននេះមិនទាន់អាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅផ្សារទំនើប ដូចជា AEON Mall ឡាក់គី ភោជនីយដ្ឋាននានានៅភ្នំពេញទេ»។
ទោះបីយ៉ាងនេះក្តី ប៊ុន សៀង បានឲ្យដឹងថា ដើម្បីពង្រីកការផ្គត់ផ្គង់ក្រុមហ៊ុនបានសហការជាមួយសហករណ៍ សម្រាប់ទិញបន្លែសុវត្ថិភាព ដែលជាបន្លែដាំប្រើថ្នាំគីមីក្នុងកម្រិតតិចតាមស្តង់ដាក្រសួងកសិកម្មដើម្បីផ្គត់ផ្គង់ក្នុងទីផ្សារ។
កាលពីថ្ងៃចន្ទ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកដាក់ឲ្យដំណើរការមជ្ឈមណ្ឌលប្រមូលផ្តុំ ពិនិត្យគុណភាព និងចែកចាយបន្លែរបស់មន្ទីរកសិកម្មខេត្តកណ្តាលតម្លៃ ១០ ម៉ឺនដុល្លារ ជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន។
លោក ហ៊ាន វណ្ណហន រដ្ឋលេខាធិកាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា៖ «មជ្ឈមណ្ឌលខាងលើពិតជាធាតុចូលចាំបាច់មួយក្នុងសកម្មភាពជំរុញផលិតកម្មបន្លែធានាសុវត្ថិភាព តាំងពីផលិតកម្ម ប្រមូលទិញ វេចខ្ចប់ និងដាក់បញ្ចូលដល់ក្នុងទីផ្សារ»។
បើតាមកញ្ញា ប៊ុន សៀង ក្រុមហ៊ុនភូមិកសិកម្មធម្មជាតិ នឹងធ្វើការពង្រីកការផ្គត់ផ្គង់បន្លែសរីរាង្គ និងបន្លែសុវត្ថិភាពឲ្យបាន ២០ តោន ត្រឹមដំណាច់ឆ្នាំ ២០១៩ និង ១០០ តោន នៅឆ្នាំ ២០២០។ លោក គឹមឈាន បានឲ្យដឹងថា ផ្ទៃដីនៅស្រុកស្អាងសរុប ៣ ៥៧០ ហិកតា ក្នុងនោះផ្ទៃដីដាំដំណាំកសិកម្មមានចំនួន ១ ៤៤៣ ហិកតា ដែលភាគច្រើនជាដំណាំបន្លែ។
កាលពីឆ្នាំ ២០១៨ តម្រូវការប្រើប្រាស់បន្លែនៅកម្ពុជាមានចំនួន ៥០០ តោន ក្នុង ១ ថ្ងៃ ដែលមានតម្លៃចន្លោះពី ២០០ ០០០ ទៅ ៣០០ ០០០ ដុល្លារ។ ជាងពាក់កណ្តាលនៃការផ្គត់ផ្គង់ត្រូវបាននាំចូលពីប្រទេស វៀតណាម៕ LA