ភ្នំពេញៈ តំបន់​ឧទ្យាន​អង្គរ​​បាន​ស្វាគមន៍​ភ្ញៀវ​ទេសចរ​អន្តរ​ជាតិ​​ជិត​ ២,៦ ​លាន​នាក់​កាល​ពី​ឆ្នាំ ២០១៨ ដោយ​​​រក​​ប្រាក់​ចំណូល​បាន​ជាង ១១០ លាន​ដុល្លារ​។ នេះ​បើ​យោង​ទៅ​តាម​សេចក្ដី​ប្រកាស​​ព័ត៌មាន​ដែល​ចេញ​ផ្សាយ​ដោយ​​គ្រឹះស្ថាន​​អង្គរ​កាល​ពី​ម្សិល​មិញ។​

ឧទ្យាន​នេះ​ត្រូវ​បាន​មើល​ឃើញ​ពី​​កំណើន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៥,​៤៥ ​ភាគរយ​ដល់​​ចំនួន ២,​៥៩ ​លាន​នាក់​ធៀប​ទៅ​នឹង​ឆ្នាំ ២០១៧ ខណៈ​​ប្រាក់​ចំណូល​បាន​ពី​ការ​លក់​សំបុត្រ​​បាន​កើន​ឡើង​ ៨ ភាគរយ​ ដែល​រក​​ប្រាក់​ចំណូល​បាន​ ១១៦,​៦៤​ លាន​ដុល្លារ​។​

លោក ងូវ​​ សេងកាក់​ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀមរាប​​បាន​ឲ្យ​ដឹង​ថា​ តំបន់​ប្រាសាទ​របស់​កម្ពុជា​មួយ​នេះ​គឺ​ជា​កន្លែង​​ដ៏​សំខាន់​​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​ជា​ប្រភព​ប្រាក់​ចំណូល​​រាប់​លាន​ដុល្លារ​។

លោក សេងកាក់​ បាន​បន្ត​ថា ខណៈ​ដែល​ឧស្សាហកម្ម​​​ទេសចរណ៍​​មាន​ភាព​ទាក់ទាញ​ទេសចរ​រួច​ហើយ​​ជា​មួយ​នឹង​ប្រាសាទ​ជា​ច្រើន​របស់​ខ្លួន​នោះ​ ប្រតិបត្តិករ​ទេសចរណ៍​ត្រូវ​តែ​យក​​ចិត្ត​ទុក​ដាក់​​បន្ថែម​ទៀត​ដើម្បី​រួម​គ្នា​លើក​កម្ពស់​​ដល់​វិស័យ​នេះ​ដើម្បី​ទាក់​ទាញ​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​​ឲ្យ​ចូល​មក​ប្រទេស​នេះ​។ លោក​បន្ថែម ថា គុណភាព​សេវា​បដិសណ្ឋារ​កិច្ច​ គឺ​ជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​វិស័យ​នេះ​។​

លោក​ថ្លែង​ថា​៖ «​ប្រាសាទ​របស់​យើង​មាន​តម្លៃ​មិន​អាច​កាត់​ថ្លៃ​បាន​ គ្រាន់​តែ​កេរ្ដិ៍​ឈ្មោះ​ប្រាសាទ​របស់​យើង​បាន​ជួយ​នាំ​យក​ភ្ញៀវ​ទេសចរ​អន្តរជាតិ​រួច​ស្រេច​ទៅ​​ហើយ​​ដល់​កម្ពុជា»។

លោក​​បាន​បន្ត​ថា​៖ «​ជា​មួយ​នឹង​​សេវា​ប្រកប​ដោយ​​គុណ​ភាព និង​​បដិសណ្ឋារ​កិច្ច​ល្អ​ ភ្ញៀវ​ទេសចរ​នឹង​ត្រូវ​បាន​ទាក់ទាញ​​ឲ្យ​ស្នាក់​នៅ​ កាន់​តែ​យូរ និង​មាន​ផែន​ការ​វិល​ត្រឡប់​មក​វិញ​សម្រាប់​ការ​ធ្វើ​ដំណើរ​នៅ​ពេល​​ក្រោយ​»។​

លោក​បន្ថែម​ទៀត​ថា តំបន់​ទេសចរណ៍​ធម្មជាតិ និង​អេកូ​សហគមន៍ គឺ​ជា​កន្លែង​ដ៏​ល្អ​ផង​ដែរ សម្រាប់​ភ្ញៀវ​ទេសចរ​អន្តរជាតិ បន្ទាប់​ពី​ពួក​គេ​ទស្សនា​​តំបន់​អង្គរ​​។​

វិស័យ​ទេសចរណ៍​របស់​ប្រទេស​ កម្ពុជា កំពុង​​ទទួល​កំណើន​គួរ​ឲ្យ​កត់​សម្គាល់​ខណៈ​ ​​​ជន​បរទេស​សម្រុក​ចូល​មក​ទស្សនា​​​ភាព​ទាក់ទាញ​សម្រស់​ធម្មជាតិ និង​វប្បធម៌​​របស់​ព្រះ​រាជា​ណា​ចក្រ​មួយ​​នេះ។​

សម្រាប់​ខែ​ធ្នូ ឆ្នាំ ២០១៨ ប្រាក់​ចំណូល​បាន​ធ្លាក់​ចុះ​ ១,​៥៩ ភាគរយ​មក​នៅ​ត្រឹម​ប្រ​ហែល​ ១២,​១១ ​លាន​ដុល្លារ​ ខណៈ​​អ្នក​ធ្វើ​ដំណើរ​ដែល​ទៅ​ទស្សនា​តំបន់​ទេសចរណ៍​ដ៏​ល្បី​ល្បាញ់​របស់​ប្រទេស​ កម្ពុជា ​មួយ​​​បាន​កើន​ឡើង​ ០,​១៦ ភាគរយ​ដល់​ ២៦៧ ៦៤៧ ​នាក់។​ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​។

ក្នុង​ចំណោម​ប្រាក់​ចំណូល​សរុប​ពី​ការ​លក់​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​​​​ក្នុង​​ឆ្នាំ ២០​១៨ ប្រាក់​ចំនួន​ជាង ៥,១ លាន​​ដុល្លារ​ត្រូវ​បាន​ឧបត្ថម្ភ​ដល់​មូលនិធិ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា។

ក្នុង​អំឡុង​រយៈ​ពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៨ កម្ពុជា​បាន​សា្វគមន៍​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ជាង ៤,​៨២ ​លាន​នាក់ ខណៈ​ដែល​​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ ៥,៦ លាន​នាក់ បាន​មក​ទស្សនា​​កម្ពុជា​​​កាល​ពី​ឆ្នាំ ២០១៧​។ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន​ជាប់​លំដាប់​ថ្នាក់​លើ គេ​បន្ទាប់​មក​ភ្ញៀវ​ទេសចរ​ជនជាតិ​វៀត​ណាម ឡាវ ថៃ និង​កូរ៉េ​ខាង​ត្បូង​។ នេះ​បើ​យោង​តាម​​ទិន្នន័យ​​បាន​ពី​​ក្រសួង​ទេសចរណ៍​។

រដ្ឋាភិបាល​កំណត់​ទិសដៅ​ភ្ញៀវ​ទេសចរ​ដល់​ ៧ ​លាន​នាក់​ក្នុង​ឆ្នាំ ២០២០​៕ ​LA