ភ្នំពេញៈ វិស័យ​ទេសចរណ៍​នៅ​ខេត្ត​ភូមិភាគ​ឦសាន ពិសេស​ខេត្ត​មណ្ឌលគិរី ត្រូវ​រំពឹងថា​នឹងមាន​សម្ទុះ​កើនឡើង​ខ្លាំង​នៅពេល​ខាងមុខ ខណៈ​រដ្ឋាភិបាល​កម្ពុជា​កាលពី​សប្តាហ៍​មុន​បាន​សម្រេច​ជាគោលការណ៍​ឱ្យ​ក្រុមហ៊ុន​របស់​ចិន សិក្សា និង​អភិវឌ្ឍ​សំណើ​សាងសង់​ព្រលានយន្តហោះ​ថ្មី​ខ្នាត​តំបន់​ក្នុង​ខេត្តមណ្ឌលគិរី​។ នេះ​បើ​តាម​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​កម្ពុជា​។

កាលពី​ថ្ងៃ​ ៣១ ខែធ្នូ ឆ្នាំ​មុន​ទីស្តីការ​គណៈរដ្ឋមន្ត្រី​បានចេញ​លិខិត​មួយ​ដែល​ចុះហត្ថលេខា​ដោយ​លោក ហ៊ីង ថូរ៉ាក់ស៊ី រដ្ឋលេខាធិការ​ប្រចាំការ ដើម្បី​ផ្ញើ​ទៅជូន​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ព្រមទាំង​អភិបាលខេត្ត​មណ្ឌលគិរី​ថា រដ្ឋាភិបាល​បានសម្រេច​ជាគោលការណ៍​ជ្រើសរើស​ក្រុមហ៊ុន Powerchina International Group ជា​ដៃគូ​ឯកជន​ក្នុង​ការសិក្សា និង​អភិវឌ្ឍ​សំណើ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​ថ្មី​ខ្នាត​តំបន់ នៅ​ខេត្តមណ្ឌលគិរី​ដោយ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​ទទួល​រ៉ាប់រង​លើ​ចំណាយ​នៃ​ការសិក្សា​សមិទ្ធ​លទ្ធភាព​គម្រោង​ដោយ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​។

ជាមួយគ្នានេះ​រដ្ឋ ក៏​អនុញ្ញាត​ឱ្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល ដឹកនាំ​រៀបចំ​កិច្ចព្រមព្រៀង​ក្របខ័ណ្ឌ (Framework Agreement) ជាមួយ​ក្រុមហ៊ុន Powerchina International Group តាម​នីតិវិធី​ជា​ធរមាន​ដូច​បាន​អនុវត្ត​កន្លងមក​។

លោកស្រី ស៊ិន ចាន់សុភាព ម្ចាស់​បាងហ្គាឡូ ចំការតែ ដែល​ស្ថិតក្នុង​ក្រុង​សែនមនោរម្យ ខេត្ត​មណ្ឌលគិរី​បាន​ឱ្យ​ដឹងថា ព្រលានយន្តហោះ​ថ្មី​នឹង​រួមចំណែក​ដល់​ការទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​កម្សាន្ត​នៅ​មណ្ឌលគិរី ខណៈ​ក្នុង​រយៈពេល​ ៣ ​ថ្ងៃ​មកនេះ​ (​ថ្ងៃទី ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២ ខែ មករា ឆ្នាំ​ ២០២១) លោកស្រី​សង្កេតឃើញ​ចំនួន​ភ្ញៀវទេសចរ​ក្នុង​ស្រុក​ជា​លក្ខណៈ​គ្រួសារ​ជាច្រើន​បានមក​កម្សាន្ត​ខេត្តមណ្ឌលគិរី​។ លោកស្រី​បន្ថែមថា ការធ្វើដំណើរ​មក​កម្សាន្តរ​បស់​អ្នកទេសចរ​ក្នុងស្រុក​គឺ​មាន​ទាំង​ការស្នាក់នៅ​ផ្ទះសំណាក់ សណ្ឋាគារ និង​មាន​មួយចំនួន​តាម​តង់​ផ្ទាល់ខ្លួន​ផងដែរ​។

លោកស្រី​បាន​ថ្លែងថា​៖ «​នៅពេល​ព្រលាន​យន្តហោះ​ខេត្តមណ្ឌលគិរី បើក​ដំណើរការ ខ្ញុំ​ជឿថា​ភ្ញៀវទេសចរ ពិសេស​ជនបរទេស​នឹង​មាន​កំណើន​ខ្ពស់​មកកាន់​ទីនេះ ដែល​ជា​កន្លែង​ទេសចរណ៍​បែប​ធម្មជាតិ​»​។

ជាមួយ​គ្នា​នេះដែរ លោកស្រី ដាលី ជំនួយការ​អ្នកគ្រប់គ្រង​ផ្ទះសំណាក់ Mayura Hill Resort បាន​ប្រាប់ថា ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មី និង​គម្រោង​សាងសង់​ព្រលានយន្តហោះ​ខ្នាត​តំបន់​នឹង​ជួយ​ឱ្យ​ខេត្ត​មណ្ឌលគិរី កាន់តែ​មាន​ភាពទាក់ទាញ​សម្រាប់​ការធ្វើដំណើរ​មក​កម្សាន្ត ដោយ​សព្វថ្ងៃ​ចំនួន​ភ្ញៀវទេសចរ​មាន​ច្រើន​គួរសម ប៉ុន្តែ​ភាគច្រើន​ជា​ទេសចរ​ក្នុងស្រុក​។

លោកស្រី​អះអាង​ថា​៖ «​ខ្ញុំ​រំពឹងថា នៅពេល​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន និង​មាន​ព្រលានយន្តហោះ​ទៀត​នោះ ភ្ញៀវទេសចរ​មក​មណ្ឌលគិរី​នឹងមាន​កំណើន​ខ្ពស់ ខណៈ​ទីនេះ​មាន​កន្លែង​កម្សាន្ត​ច្រើន និង​មាន​ធម្មជាតិ​ស្រស់បំព្រង​បែប​ធម្មជាតិ​»​។

លោក ងិន សុវិមាន ប្រធាន​មន្ទីរទេសចរណ៍​ខេត្តមណ្ឌលគិរី​បាន​និយាយថា បើទោះបី​ជំងឺ​កូវីដ​ ១៩ កំពុង​បន្ត​ធ្វើឱ្យ​ភ្ញៀវទេសចរ​បរទេស​មក​កម្សាន្ត​នៅ​កម្ពុជា​ធ្លាក់ចុះ​ជា​គំហុក ប៉ុន្តែ​ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ដែល​មកលេង​នៅ​មណ្ឌលគិរី​នា​ថ្ងៃ​ឆ្លង​ឆ្នាំកន្លងមក មិន​បាន​ធ្លាក់ចុះ​ទេ ដោយមាន​កំណើន​ប្រមាណ ២,៧ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។

លោក​ថ្លែងថា​៖ «​មណ្ឌលគិរី​ជា​តំបន់​ទេសចរណ៍​ធម្មជាតិ ហេតុនេះ​ទោះបី​ចំនួន​ភ្ញៀវ​បរទេស​ធ្លាក់ចុះ​ខ្លាំង ប៉ុន្តែ​ជារួម​ក្នុង​រយៈពេល ៣ ​ថ្ងៃ​ចាប់ពី​ថ្ងៃទី​ ៣១ ខែ ធ្នូ ឆ្នាំ​ ២០២០ ដល់​ថ្ងៃទី​ ២ ខែ មករា ឆ្នាំ​ ២០២១ ខេត្តមណ្ឌលគិរី​បាន​ទទួល​ភ្ញៀវ​សរុប ១១ ០០៤ ​នាក់​»​។

អភិបាលខេត្ត​មណ្ឌលគិរី​លោក ស្វាយ សំអ៊ាង កាលពី​ពាក់កណ្តាល​ឆ្នាំ​ ២០២០ បាន​និយាយ​ថា អាជ្ញាធរខេត្ត​កំពុងធ្វើការ​កំណត់​ព្រំដី​ព្រលានយន្តហោះ​ថ្មី​ដែល​មាន​ផ្ទៃក្រឡា​ប្រមាណ ៦០០ ​ហិកតា​ស្ថិតនៅ​ចម្ងាយ​ជាង ២០ ​គីឡូម៉ែត្រ​ពី​ក្រុង​សែនមនោរម្យ​។

លោក​ថ្លែងថា​៖ «​ទីតាំង​ថ្មី​នេះ គឺ​ឃ្លាត​ពី​ក្រុង​សែនមនោរម្យ​ទៅ​ឃុំ​សែនមនោរម្យ ស្រុក​អូររាំង​ប្រមាណ ២២ ​គីឡូម៉ែត្រ​ ដែល​វា​ជា​ការងារ​មួយ​ក្នុង​ការពង្រីក​ព្រលានយន្តហោះ​ខ្នាត​ធំ​នៅក្នុង​ស្រុក និង​អន្តរជាតិ ដោយ​អាស្រ័យ​លើ​ការសិក្សា​របស់​អ្នក​បច្ចេកទេស និង​ក្រសួង​ពាក់ព័ន្ធ​»៕ LA