ក្រុងបាងកកៈ ​ភ្នាក់ងារ​រដ្ឋ​ចំនួន​ប្រមាណ​ ៧០០០ ​​នឹងដាក់​ឲ្យ​​ប្រើប្រាស់​ទាំង​ស្រុង​នូវ​ប្រព័ន្ធ​ប្រតិបត្តិការ​តាម​​អេឡិចត្រូនិក​សម្រាប់​ការ​ផ្ទេរ​ប្រាក់ ​និង​ការ​ចំណាយ​លើ​​សុខុមាលភាព​សង្គម​ដល់​ប្រជាពលរដ្ឋ​ចាប់​ពី​ ខែ​មិថុនា​ខាង​មុខ​នេះ​។ ​នេះ​បើ​​តាម​នាយកដ្ឋាន​គ្រប់គ្រង​ការ​កត់ត្រា​បញ្ជី​របស់​ថៃ​។

លោកស្រី Suttirat ​Rattanachot នាយក​នៃ​នាយកដ្ឋាន​នេះ​បាន​ឲ្យ​ដឹង​ថា ​ក្រសួង​ហិរញ្ញវត្ថុ​បាន​កំណត់​អាណត្តិ​ឲ្យ​​ភ្នាក់ងារ​រដ្ឋ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​គ្រឿង​អេឡិចត្រូនិក​ជំនួស​ឲ្យ​ការ​ទូទាត់​ជា​សាច់​​ប្រាក់ ​និង​មូលប្បទានបត្រ​ចាប់​ពី​ថ្ងៃ​ទី​ ២៧ ខែ​មីនា​តទៅ​។

លោកស្រី Suttirat ​Rattanachot បាន​អះអាង​​​ថា មាន​​ភ្នាក់ងារ​រដ្ឋ​​ចំនួន​ ​៧០០០ ​កន្លែង​បាន​​ដំឡើង​​ជា​បណ្តើរៗ​នូវ​ម៉ាស៊ីន​ចាប់​ទិន្នន័យ​អេឡិច​ត្រូនិក​ (EDC)​ ហើយ​ពួកគេ​​អាច​ធ្វើការ​ទូទាត់​តាមរយៈ​កូដ QR ​បាន​»។

លោកស្រី​បន្ត​ថា​ប្រព័ន្ធ​​ទូទាត់​ប្រាក់​ទៅ​មក​សម្រាប់​ការ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ​និង​សាច់ប្រាក់​ត្រូវ​បាន​អនុញ្ញាត​ក្នុង​ជំហាន​ដំបូង​ តែ​ភ្នាក់ងារ​រដ្ឋ​ទាំងអស់​ត្រូវ​ទទួល​បាន​ទាំង​ស្រុង​​ និង​បង្កើត​ល្បឿន​ទូទាត់​តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​ត្រឹម​ខែ​មិថុនា​ខាង​មុខ​នេះ។

លោកស្រី​លើក​ឡើង​ថា​ក្រៅពី​ការ​ទទួល​បាន​ និង​ធ្វើការ​ទូទាត់​ប្រាក់​ជាមួយ​ពលរដ្ឋ​នោះ ការ​ប្រើប្រាស់​ទាំង​ស្រុង​​នូវ​ប្រព័ន្ធ​អេឡិចត្រូនិក​សម្រាប់​ការ​ផ្ទេរ​ប្រាក់​រវាង​ភ្នាក់ងារ​រដ្ឋ​ផ្សេង​គ្នា និង​ការ​ផ្ទេរ​ប្រាក់​ពន្ធ​ទៅ​កាន់​មន្ទីរ​រតនាគារ​ខេត្ត ​ក៏​នឹង​ត្រូវ​ប្រើប្រាស់​ប្រព័ន្ធ​ទូទាត់​តាម​អេឡិចត្រូនិក​នេះ​ផង​ដែរ​។

លោកស្រី​បាន​បន្ត​ថា​នាយកដ្ឋាន​គ្រប់គ្រង​ការ​កត់ត្រា​បញ្ជី​នឹង​បើក​ប្រាក់ សុខុមាលភាព​សង្គម​ដល់​ចាស់​ជរា​ និង​ជនពិការ​នៅ​ខែ​ក្រោយ​នេះ​តាម​ប្រព័ន្ធ​អនឡាញ​។ ​ប្រតិបត្តិការ​នេះ​នឹង​ចាប់ផ្តើម​ប្រើប្រាស់​ជាមួយ​នឹង​អ្នក​ទទួល​​ផល​ចំនួន​​ ១ ​លាន​នាក់​នៅ​ទីក្រុង​បាងកក ​ហើយ​​ ៩ ​លាន​នាក់​នៅ​ទូទាំង​ប្រទេស​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ជំហាន​​បន្ទាប់។

លោក Payong ​Srivanich ​ប្រធាន​ និង​​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន ​Krung thai Bank បាន​ឲ្យ​ដឹង​ថា ​ម៉ាស៊ីន ​EDC ​ចំនួន​ ៦ ​ពាន់​គ្រឿង​ត្រូវ​បាន​ដំឡើង​នៅ​តាម​ភ្នាក់ងារដ្ឋ​ទូទាំង​ប្រទេស ​ដោយ​ភ្នាក់ងារ​រដ្ឋ​ភាគច្រើន​មាន​ម៉ាស៊ីន ​EDC ​មួយ​គ្រឿង​នៅ​តាម​កន្លែង​នីមួយៗ​។

ក៏​ប៉ុន្ដែ​ភ្នាក់ងារ​មួយ​ចំនួន​បាន​ស្នើសុំ​ដំឡើង​ម៉ាស៊ីន ​EDC ​ច្រើន​ជាង ១ ​ដើម្បី​បង្កើន​ល្បឿន​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​។​ លោក ​Payong បន្ត​ថា​ពលរដ្ឋ​ថៃ​អាច​ធ្វើការ​ទូទាត់​ដោយ​ប្រើប្រាស់​កាតឥណ​ពន្ធកាត​ឥណទាន​ និង​កូដ QR ​ចេញ​ពី​ធនាគារ​នានា​ក៏​ដូច​ជា​កាត​សុខុមាលភាព​សង្គម​ផង​ដែរ​។

ក្រុមហ៊ុន Krungthai Bank ​បាន​ចេញ​កាត​ KTB​ ដែល​មាន​តាម​ប្រភេទ​នៃ​ចំនួន​​ប្រាក់​ដែល​មាន​ទឹកប្រាក់​ចំនួន ​១០០ ​បាត ៥០០ ​បាត​ ឬ​​ ១០០០ ​បាត​ជាមួយ​នឹង​កាត​បញ្ចូល​ប្រាក់​ដែល​មាន​​កំណត់​សាច់​ប្រាក់​ចំនួន​ ២០ ម៉ឺន​បាត​ផង​ដែរ​។ លោក​បន្ត​ថា​កាត​នេះ​អាច​ប្រើប្រាស់​នៅ​តាម​ម៉ាស៊ីន ​EDC ​ដោយ​ឥត​គិត​ថ្លៃ​​។

ដោយឡែក​លោក ​Somchai ​Sujjapongse ​លេខាធិការ​អចិន្រៃ្តយ៍​នៃ​ក្រសួង​ហិរញ្ញ​វត្ថុ​លើក​ថា មាន​ការ​ធ្លាក់​​ចុះ​នៃ​ការ​ប្រើប្រាស់​សាច់​ប្រាក់​ ១០ ទៅ​ ២០ ​ភាគរយ​ចាប់​តាំងពី​រដ្ឋាភិបាល​បាន​ផ្តួចផ្តើម​គម្រោង​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ​ទូទាំង​ប្រទេស​មក។

លោក Somchai ​បាន​និយាយ​​ទៀត​​ថា ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​ឆ្លុះ​បញ្ចាំង​តាម​រយៈ​ការ​ទូទាត់​​កាន់តែ​ច្រើន ​ដែល​ត្រូវ​បាន​ធ្វើ​ឡើង​តាម​​ម៉ាស៊ីន ​EDC ​ការ​ផ្ទេរ​ប្រាក់​តាម PromptPay និង​​កាត​ឥណពន្ធ។

លោក​បាន​បញ្ជាក់​ឲ្យ​ដឹង​​ទៀត​ថា ប្រទេស​ថៃ​​សង្ឃឹម​ថា ការ​ប្រើប្រាស់​សាច់​ប្រាក់​នៅ​ប្រទេស​ថៃ​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ ៥០ ​ភាគរយ​នៅពេល​មណ្ឌល​​ចំនួន​ ៤ នៃ​គម្រោង​ទូទាត់​ប្រាក់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ទូទាំង​ប្រទេស​ត្រូវ​បាន​អនុវត្ត​ទាំង​​​ស្រុង​៕ BP