ភ្នំពេញៈ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​ ១ ​កន្លែង​ក្នុង​ក្រុងព្រះសីហនុ​ដែល​មាន​ឈ្មោះថា​ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដារា​សំណាង​» វិនិយោគ​ដោយ​ក្រុមហ៊ុន​ក្នុងស្រុក​ក្នុង​តម្លៃ​ជាង​ $១,៥ ​លាន​ បាន​សម្ពោធ​បើក​ដំណើរការ​ផ្លូវការ​ហើយ​កាលពី​ចុង​សប្តាហ៍​មុន ជាមួយ​ក្តី​រំពឹងថា​នឹង​រួមចំណែក​លើក​កម្ពស់​សក្តានុពល​ខេត្ត​ព្រះសីហនុ​។

«​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដារា​សំណាង​» ស្ថិត​នៅ​តាម​បណ្តាយ​ផ្លូវជាតិ​លេខ​ ៤ ទល់មុខ​រោងចក្រ​ស្រាបៀរ​អង្គរ​ក្នុង​សង្កាត់​លេខ​ ១ ក្រុង​ព្រះសីហនុ (​អតីត​ឃ្លាំង​ស្រូវ និង​ឃ្លាំង​អំបិល​គ្រប់គ្រង​ដោយ​ក្រសួង​ពាណិជ្ជកម្ម ហើយ​ត្រូវបាន​ក្រុមហ៊ុន​ជួល​យក​មក​វិនិយោគ​)​។ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​សាងសង់​លើ​ផ្ទៃដី ១២ ៨៨៦ ម៉ែត្រការ៉េ​ ដោយ​ចំណាយ​ថវិកា​សាងសង់​ជាង ១,៥៣ ​លាន​ដុល្លារ និង​មាន​តូប និង​ស្តង់​សម្រាប់​ជួល​សរុប ៤០៨ ដែល​ត្រូវ​បាន​បែង​ចែកជា​តំបន់​អាជីវកម្ម​ដោយឡែក​ពី​គ្នា​មាន​ដូចជា​ទីតាំង​លក់​សម្ភារ​ប្រើប្រាស់​ប្រចាំថ្ងៃ គ្រឿងសម្អាង អាហារដ្ឋាន និង​តំបន់​លក់ទំនិញ​ផលិតផល​ជាច្រើន​ទៀត​។

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ​ដែល​បាន​ចូលរួម​ក្នុង1​ពិធី​បើក​ដំណើរការ «​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដារា​សំណាង​» បាន​សាទរ​ចំពោះ​ការបើក​ដំណើរការ​នៃ​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ ដោយ​លោក​លើកឡើង​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​មិន​ត្រឹមតែ​ជួយ​លើកកម្ពស់​មុខមាត់​ក្រុង​ព្រះសីហនុ និង​ការបង្កើត​ឱកាស​ការងារ​បន្ថែម​សម្រាប់​ប្រជាជន​នៅក្នុង​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជា​ការបញ្ជាក់​ពី​ទំនុកចិត្ត​របស់​អ្នកវិនិយោគ​លើ​ស្ថានភាព​នយោបាយ និង​កំណើន​សេដ្ឋកិច្ច​រឹងមាំ​របស់​កម្ពុជា​ផងដែរ​។

លោក​ថ្លែងថា​៖ «​នេះ​ជា​សក្ខីភាព​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ការជឿជាក់​របស់​អ្នកវិនិយោគទុន​មកលើ​រាជរដ្ឋាភិបាល​កម្ពុជា​។ ការបង្កើត​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថី្ម​នេះ​នឹង​រួមចំណែក​ដល់​ការអភិវឌ្ឍ​ប្រទេសជាតិ​»​។

ក្នុង​ឱកាស​នោះ​លោក​ក៏បាន​ប្រាប់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​វិនិយោគ​ត្រូវ​យកចិត្ត​ទុកដាក់​ឲ្យ​បាន​ខ្លាំង​ទៅលើ​ការងារ​សណ្តាប់ធ្នាប់ សន្តិសុខ សុវត្ថិភាព អនាម័យ បរិស្ថាន​នៅក្នុង​មជ្ឈមណ្ឌល និង​ទីតាំង​ជុំវិញ​ផងដែរ​។

លោក មុំ តារា តំណាង​ក្រុមហ៊ុន តារា ស៊ីណា ប្រូឃ័រ ដែលជា​ក្រុមហ៊ុន​វិនិយោគ​លើ​គម្រោង​ខាងលើ​កាលពី​ថ្ងៃ​ចន្ទ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​នេះ​ត្រូវ​បាន​ក្រុមហ៊ុន​ធ្វើការ​វិនិយោគ​ក្នុង​បំណង​ដើម្បី​ឆ្លើយតប​នឹង​តម្រូវការ​កន្លែង​លក់ដូរ​ទំនិញ​ដែល​មាន​សណ្តាប់ធ្នាប់​មាន​សុវត្ថិភាព និង​អនាម័យ​។

លោក​បាន​បន្ថែមថា ស្ថានភាព​នៅ​ក្រុង​ព្រះសីហនុ​កំពុងមាន​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ពិសេស​បន្ទាប់ពី​អាជ្ញាធរ​បាន​ធ្វើ​ការស្ថាបនា​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ដើម្បី​ទាក់ទាញ​កំណើន​ភ្ញៀវទេសចរ និង​អ្នក​វិនិយោគ​។

លោក​អះអាង​ថា​៖ «​សក្តានុពល​នៃ​ទីតាំង និង​ការរៀបចំ​រចនា បច្ចុប្បន្ន​តូប និង​ស្តង់​ទាំងអស់​ក្នុង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ដារា សំណាង ត្រូវបាន​អតិថិជន​ជួល​អស់​ ១០០ ​ភាគរយ​»​។

ខេត្ត​ព្រះសីហនុ​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​កំណត់ថា ជា​ប៉ូល​សេដ្ឋកិច្ច​ដ៏សំខាន់​ ១ ​របស់​កម្ពុជា ខណៈ​ទីនោះ​ជា​តំបន់​កំពង់ផែ​ទឹក​ជ្រៅ​តែ​ ១ ​គត់​នៅ​កម្ពុជា​។ កន្លង​មក​រដ្ឋាភិបាល​បាន​បញ្ចេញ​នូវ​ថវិកា​ជាច្រើន​សម្រាប់​ការជួសជុល និង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ជាច្រើន ដើម្បី​ប្រែក្លាយ​ក្រុង​ព្រះសីហនុ ទៅជា​ទីក្រុង​ដ៏ទំនើប ពោរពេញ​ដោយ​សោភណភាព បរិស្ថាន​ល្អ​សម្រាប់​ការរស់នៅ ទេសចរណ៍ និង​ការវិនិយោគ​។

លោក អ៊ឹម សេងហួ ប្រធាន​សាខា​ក្រុមហ៊ុន​អចលនទ្រព្យ Century 21 Zillion Holding ប្រចាំខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា បន្ទាប់ពី​ធ្លាក់ចុះ​សកម្មភាព​ពាណិជ្ជកម្ម​មួយរយៈ បច្ចុប្បន្ន​សកម្មភាព​ពាណិជ្ជកម្ម និង​ការវិនិយោគ​ក្នុង​ខេត្ត​ព្រះសីហនុ​បាន​ចាប់ផ្តើម​មាន​កំណើន​ឡើងវិញ​បណ្តើរៗ​ហើយ​។ លោក​បន្ថែមថា បច្ចុប្បន្ន​គេ​សង្កេត​ឃើញ​ថា ចំនួន​វិនិយោគិន និង​ភ្ញៀវទេសចរ​ទាំង​ក្នុងស្រុក និង​ជនបរទេស ធ្វើដំណើរ​មក​ខេត្ត​ព្រះសីហនុ បាន​កើនឡើង​ជា​បន្តបន្ទាប់​។

លោក​និយាយថា​៖ «​ការបើក​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថ្មី​នេះ គឺជា​សញ្ញា​វិជ្ជមាន​មួយ​ដែល​បញ្ជាក់ថា ខេត្ត​ព្រះសីហនុ​ចាប់ផ្តើម​មាន​ការវិនិយោគ​កើនឡើង​វិញ​ហើយ​»​។

លោក​បាន​ប្រាប់​ទៀត​ថា នៅពេល​ពាណិជ្ជកម្ម​មាន​កំណើន សកម្មភាព​នៃ​ការទិញ លក់ និង​ជួល​អចលនទ្រព្យ​ក៏កើនឡើង​ទៅតាម​នោះដែរ​។

បើ​យោងតាម​លោក សេងហួ ទីផ្សារ​ជួល​អគារ​បើក​អាជីវកម្ម និង​កន្លែង​ស្នាក់​នៅក្នុង​ក្រុង​ព្រះសីហនុ នៅពេល​នេះ​បាន​កើនឡើង​ប្រមាណ ៤០ ​ភាគរយ បើ​ធៀប​នឹង​ដើម​ឆ្នាំ​ ២០២០​។

ទោះយ៉ាងណា​លោក​ប្រាប់ថា តម្លៃ​អចលនទ្រព្យ​ក្នុង​ក្រុងព្រះសីហនុ​នាត្រីមាស​ទី​ ៣ ធៀប​នឹង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២០ នេះ​មិនមាន​ការប្រែប្រួល​គួរ​ឲ្យ​កត់សម្គាល់​ទេ ដោយ​តំបន់​ពាណិជ្ជកម្ម​កណ្តាល​ក្រុង​មាន​តម្លៃ​ជា​មធ្យម​ពី ៣ ៥០០-៥ ០០០ ​ដុល្លារ​ ក្នុង​ ១ ​ម៉ែត្រការ៉េ និង​តំបន់​ជាយក្រុង​មាន​តម្លៃ​ពី ៤០០-៨០០ ​ដុល្លារ​៕ LA