ភ្នំពេញៈ មជ្ឈមណ្ឌលពាណិជ្ជកម្ម និងតាំងពិព័រណ៍លំដាប់អន្តរជាតិ B2B Park ដែលជាការវិនិយោគដោយវិនិយោគិនក្នុងស្រុកស្ថិតតាមមហាវិថីហាណូយក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញគ្រោងនឹងបើកដំណើរការក្នុងត្រីមាសទី ១ ឆ្នាំ ២០២០ ខាងមុខ ខណៈការសាងសង់គម្រោងទាំងមូលនឹងរួចរាល់នៅចុងឆ្នាំនេះ។
មជ្ឈមណ្ឌល B2B Park សាងសង់លើផ្ទៃដីជាង ២ ហិកតាដោយមានអគារធំមួយដែលមានកម្ពស់ ៦ ជាន់ដែលនឹងត្រូវប្រើប្រាស់ជាកន្លែងលក់ទំនិញទូទៅ ឧបករណ៍អេឡិចត្រូនិក កន្លែងតាំងពិព័រណ៍ រោងភាពយន្ត និងការិយាល័យជួលជាដើម។ ចំណតរថយន្តក្នុងគម្រោងនេះអាចចតបានរថយន្តជាង ៥០០ គ្រឿង។
លោក ធួន ស៊ីណាន អគ្គនាយក B2B Park បានប្រាប់ថា បច្ចុប្បន្នក្នុងរាជធានីភ្នំពេញក្រៅពីកោះពេជ្រ គេនៅមិនទាន់ឃើញមានកន្លែងណាដែលមានភាពស័ក្តិសមសម្រាប់រៀបចំពិព័រណ៍លំដាប់អន្តរជាតិនៅឡើយទេ។ លោកបន្តថា B2B Park នឹងក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងការផ្តល់កន្លែងលក់ទំនិញ និងកន្លែងតាំងពិព័រណ៍លំដាប់អន្តរជាតិនៅប៉ែកខាងជើងរាជធានីភ្នំពេញ។
ដោយបដិសេធបង្ហាញទំហំវិនិយោគ លោកថ្លែងថា៖ «កង្វះខាតកន្លែងរៀបចំពិព័រណ៍ជាលក្ខណៈអន្តរជាតិគឺជាមូលហេតុចម្បងដែលជំរុញឲ្យខ្ញុំបណ្តាក់ទុនលើគម្រោងនេះ»។ លោកបន្ថែមថាដោយសារប្រភេទទីផ្សារ និងទីតាំងរបស់ B2B Park មានលក្ខណៈផ្សេងពីគេ និងមិនប្រកួតប្រជែងជាមួយផ្សារទំនើបដែលមានស្រាប់ ដូច្នេះគម្រោងនេះនឹងអាចទាក់ទាញអតិថិជនបានច្រើន។
បើតាមលោក ស៊ីណាន បច្ចុប្បន្នមានអតិថិជនជាច្រើនបានមកទាក់ទងក្រុមហ៊ុនដើម្បីស្វែងរកទីតាំងសម្រាប់ដាក់លក់ផលិតផលរបស់ខ្លួន។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាកាលពីម្សិលមិញបាននិយាយថា កំណើនប្រាក់ចំណូល និងការចង់ស្វែងរកផលិតផលថ្មី ទំនើបៗរបស់ប្រជាជនខ្មែរបានធ្វើឲ្យមជ្ឈមណ្ឌលពាណិជ្ជកម្ម និងកន្លែងតាំងពិព័រណ៍មានទីផ្សារល្អជាបន្តបន្ទាប់។ លោកបន្តថា ការមកដល់ផ្សារលំដាប់អន្តរជាតិ Aeon 2, Macro និង Global House បានធ្វើឲ្យស្ថានភាពនៃតំបន់ភ្នំពេញថ្មីមានការផ្លាស់ប្តូរយ៉ាងលឿនដែលមិននឹកស្មានដល់។
លោកបានឲ្យដឹងទៀតថា ខណៈការធ្វើដំណើរពីតំបន់ជាយក្រុងមកកាន់កណ្តាលក្រុងកាន់តែពិបាកដោយសារតែការកកស្ទះចរាចរណ៍នោះ ដូច្នេះវាកំពុងធ្វើឲ្យឥរិយាបថរបស់ប្រជាជនងាកទៅរកទីតាំងណាដែលនៅជិតកន្លែងលំនៅឋាន និងកន្លែងធ្វើការវិញ។
លោកថ្លែងថា៖ «សម្រាប់គម្រោងមានភាពចម្រុះនេះ ខ្ញុំគិតថានឹងអាចទាក់ទាញអតិថិជនបានច្រើន ព្រោះទីនោះកំពុងក្លាយជាកន្លែងដែលមានមនុស្សរស់នៅច្រើននាពេលនេះ»។ លោកបន្ថែមថាបច្ចុប្បន្នដីតាមបណ្តោយផ្លូវហាណូយមានតម្លៃពី ២ ០០០-២ ៥០០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ៕ LA