ភ្នំពេញៈ អ្នកផលិតសូត្រនៅកម្ពុជានឹងមានជម្រើសក្នុងការទទួលបានពូជដង្កូវនាងចេញពីមន្ទីរពិសោធន៍បង្កាត់ពូជត្រឹមត្រូវនាពេលឆាប់ៗស្របពេលថ្នាក់ដឹកនាំសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) បានរៀបចំក្រុមការងារជំនាញមួយដើម្បីប្រែក្លាយឧស្សាហកម្មសូត្រកម្ពុជាដែលស្ទើរតែផុតជីវិតឲ្យរស់ឡើងវិញ។
RUPP កំពុងសាងសង់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍សូត្រនៅក្នុងបរិវេណសាកលវិទ្យាល័យ ហើយបានរៀបចំក្រុមការងារដើម្បីពង្រឹងគុណភាពចង្វាក់ផលិតកម្មសូត្ររាប់ចាប់ពីដំណាក់កាលបន្សុទ្ធពូជដង្កូវនាង រហូតដល់ការផលិតសូត្រ និងការកែច្នៃសូត្រជាផលិតផលផ្សេងៗ។
សាកលវិទ្យាល័យ RUPP កាលពីថ្ងៃអង្គារបានរៀបចំការចែកចាយដង្កូវនាងមានសុខភាពល្អជានិមិត្តរូបដល់អ្នកផលិតសហគមន៍សូត្រ ៣ ខណៈសាកលវិទ្យាល័យនេះកំពុងបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវសូត្រនៅក្នុងបរិវេណរបស់ខ្លួន ហើយរំពឹងថានឹងផលិតចែកចាយដង្កូវនាងមានសុខភាពពិតប្រាកដនៅឆ្នាំនេះ។
លោក ម៉ី កល្យាណ ប្រធានក្រុមប្រឹក្សាភិបាល RUPP បានថ្លែងកាលពីម្សិលមិញថាបច្ចុប្បន្នផលិតផលសូត្ររបស់កម្ពុជាមិនមែនជាចង្វាក់ការផលិតពេញលេញនោះទេ ដោយសារប្រទេសនេះពឹងផ្អែកទាំងស្រុងលើការនាំចូលសូត្រមកពីប្រទេសផ្សេងទៀតដើម្បីផលិតទៅជាផលិតផលសម្រេច។
លោក ម៉ី កល្យាណ បានថ្លែងថាកសិករកម្ពុជាជាច្រើនចិញ្ចឹមដង្កូវនាងតាមបែបប្រពៃណីចាស់ដោយមិនមានមជ្ឈមណ្ឌល បង្កាត់ពូជនោះទេដែលនឹងធ្វើឲ្យពួកគេផលិតនៅក្នុងទិន្នផលទាបបំផុត។
លោកបន្ថែមថា ជាលទ្ធផល កម្ពុជាអាចផលិតប្រហែល ១ ភាគរយប៉ុណ្ណោះក្នុងចំណោមតម្រូវការសូត្រសរុប ៤០០ តោនក្នុង ១ ឆ្នាំដែលចំណាយជាង ៣០ លានដុល្លារលើការនាំចូល។
លោកថ្លែងថា៖ «ទិសដៅរបស់យើងនឹងលើកកម្ពស់ផលិតផលសូត្រសម្រេចដែលផលិតទាំងស្រុងនៅក្នុងប្រទេសកម្ពុជា»។
លោកបន្តថា៖ «យើងចង់ឲ្យសាកលវិទ្យាល័យរបស់យើងក្លាយជាមជ្ឈមណ្ឌលស្រាវជ្រាវជំនាញ ដើម្បីផ្គង់ផ្គង់ដង្កូវនាងមានសុខភាពល្អ និងជួយកសិករក្នុងការផលិតសូត្រមានគុណភាពខ្ពស់»។
តាមលោក ម៉ី កល្យាណ បើកសិករចិញ្ចឹមដង្កូវនាង ១០០ ក្បាលដោយដៃ អត្រារស់មានប្រហែល ២០ ភាគរយប៉ុណ្ណោះ។ លោកបន្ថែមថា ក្រុមជំនាញមកពី RUPP មានបទពិសោធក្នុងការចិញ្ចឹមដង្កូវនាង តាមរយៈបច្ចេកទេសជំនាញ ហើយអត្រារស់រានមានជាង ៩០ ភាគរយ។
សហគមន៍ ៣ ដែលទទួលបានការចែកចាយដង្កូវនាងមានសុខភាពល្អជានិមិត្តរូបមកពី RUPP រួមមានស្ថានីយស្រាវជ្រាវកសិកម្មបន្ទាយដែកនៅខេត្តកណ្ដាល វិទ្យាស្ថានវាយនភ័ណ្ឌប្រពៃណីខ្មែរនៅខេត្តសៀមរាប និងសហគមន៍សូត្រឱរ៉ាល់នៅខេត្តកំពង់ស្ពឺ។
លោក ហួត សុខា តំណាងសហគមន៍សូត្រឱរ៉ាល់ថ្លែងថាសហគមន៍លោក បច្ចុប្បន្នដាំដុះដើមមនលើផ្ទៃដី ១២ ហិកតា ហើយនឹងត្រូវការដង្កូវនាងប្រហែល ១៨០ ០០០ ក្បាលក្នុងមួយវដ្ដ (មានប្រហែល ៤ វដ្ដក្នុង ១ ឆ្នាំ) ដើម្បីផលិតសូត្របានប្រហែល ៨ គីឡូក្រាមក្នុង ១ វដ្ដ។
លោកថ្លែងថា៖ «នៅពេលយើងមានដើមមន និងដង្កូវនាងមានសុខភាពល្អ ជំហានបន្ទាប់យើងនឹងប្រតិបត្តិការរោងសិប្បកម្ម ឬរោងចក្រខ្នាតតូចដើម្បីផលិតសូត្រ»៕LA