ភ្នំពេញៈ គណៈប្រតិភូជាន់ខ្ពស់នៃក្រសួងពាណិជ្ជកម្មចិនបានជួបពិភាក្សាជាមួយថ្នាក់ដឹកនាំនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដើម្បីពិភាក្សាពីផលប៉ះពាល់មួយចំនួនទាក់ទងនឹងកង្វះការផ្គត់ផ្គង់វត្ថុធាតុដើមក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការផ្នែកពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំង ២ ឲ្យបានកាន់តែប្រសើរ។
ក្នុងជំនួបកាលពីថ្ងៃសុក្រនៅទីស្នាក់ការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាលោក Yang Weiqun អគ្គនាយករងនៃអគ្គនាយកដ្ឋានកិច្ចការអាស៊ីនៃក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា គោលបំណងចម្បងក្នុងដំណើរទស្សនកិច្ចនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំង ២ ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគដែលកើតឡើងបន្ទាប់ពីជំនួបពិភាក្សាការងាររវាងលោក ស៊ី ជីនពីង ប្រធានាធិបតីចិនជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅទីក្រុងប៉េកាំងកាលពីដើមខែកុម្ភៈ។
លោក Yang Weiqun ថ្លែងថា៖ «ខណៈប្រទេស កម្ពុជា កំពុងប្រឈមមុខនឹងបញ្ហាកង្វះវត្ថុធាតុដើមជាច្រើននៅក្នុងវិស័យកាត់ដេរដោយសារមេរោគ COVID-19 និងផលប៉ះពាល់មួយចំនួនពីការព្យួរផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA នោះរដ្ឋាភិបាលប្រទេសចិនបាននិងកំពុងពិនិត្យលទ្ធភាពដើម្បីជួយដល់ប្រទេសកម្ពុជា»។
លោកបន្តថា ជាមួយគ្នានេះរដ្ឋាភិបាលចិនក៏នឹងលើកទឹកចិត្តដល់វិនិយោគិនចិនឲ្យចូលមកបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ។
លោក ជា វុទ្ធី អគ្គលេខាធិការរងនៃគណៈកម្មាធិការវិនិយោគកម្ពុជាបាននិយាយថា ការផ្ទុះឡើងនៃវីរុស COVID-19 ចាប់ផ្តើមមានផលប៉ះពាល់ជាបណ្តើរៗសម្រាប់មកកម្ពុជាតាមរយៈការខ្វះខាតវត្ថុធាតុដើមសម្រាប់វិស័យកាត់ដេរ។ លោកក៏បានស្នើឲ្យរដ្ឋាភិបាលចិនជួយសម្រួលដល់ការផ្គត់ផ្គង់វត្ថុធាតុដើមដល់រោងចក្រនៅកម្ពុជាឲ្យបានកាន់តែច្រើន និងទាន់ពេលវេលា ខណៈកម្ពុជាចង់ឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសចិន កើតមានឆាប់ៗ។ លោកថ្លែងថា៖ «កម្ពុជាក៏សូមស្នើឲ្យភាគីចិនជួយជំរុញការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំង ២ ឲ្យកើតមានកាន់តែឆាប់រហ័ស»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍មុនបានអះអាងថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនរំពឹងថានឹងសម្រេចបាននៅចុងឆ្នាំនេះ។ កិច្ចព្រមព្រៀងនេះនឹងផ្តល់ឲ្យកម្ពុជានូវភាពកាន់តែសម្បូរបែបក្នុងការនាំចេញផលិតផលរបស់ខ្លួនទៅទីផ្សាររបស់ចិនទាំងបរិមាណ និងមុខទំនិញតាមរយៈការផ្តល់ការអនុគ្រោះពន្ធប្រសើរជាងមុន៕ LA