ភ្នំពេញ: ផែនការនៃការចាប់ផ្តើមធ្វើអាជីវកម្មប្រេងជាលើកដំបូងក្នុងឆមាសទី ១ ឆ្នាំនេះរបស់ក្រុមហ៊ុន KrisEnergy នឹងទទួលរងប៉ះពាល់ដោយសារការរីករាលដាលវីរុសកូរ៉ូណានៅតែបន្តអូសបន្លាយនឹងការធ្លាក់ថ្លៃប្រេងអន្តរជាតិ។ នេះបើតាមការអះអាងរបស់មន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាតរបស់ក្រសួងរ៉ែ និងថាមពលបានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃចន្ទថា ការរាតត្បាតវីរុសកូរ៉ូណាជាសកលបានធ្វើឲ្យប៉ះពាល់ដល់ការអភិវឌ្ឍនៅតំបន់ប្រេងអប្សរាក្នុងប្លុក A របស់កម្ពុជា។ ប៉ុន្តែក្រុមហ៊ុនដំណើរការអភិវឌ្ឍគម្រោងនេះជាធម្មតានាពេលបច្ចុប្បន្ន។
លោកថ្លែងថា៖ «ក្រុមហ៊ុននៅតែខិតខំអនុវត្តការងាររបស់ខ្លួន ប៉ុន្តែវាមានការលំបាកសម្រាប់គាត់ដោយសាររឿងកូវីដ១៩ ហើយ សូម្បីការបញ្ជូនអ្នកបច្ចេកទេសទៅកន្លែងសាងសង់ platform សាងសង់នាវាផលិតប្រេង ក៏មានការរាំងស្ទះខ្លះដែរ ហើយការដំណើរការនៅការដ្ឋានក៏មានការលំបាក»។
លោក ជៀប សួរ អះអាងថា ក្រសួងមិនទាន់អាចវាយតម្លៃបាននោះទេថាតើក្រុមហ៊ុននឹងផលិតប្រេងតាមផែនការឬយ៉ាងណានោះទេ ដោយលោកបញ្ជាក់ថា៖ «រឿងដំណើរការបូមប្រេងលើកដំបូងរបស់កម្ពុជា យើងមិនទាន់អាចវាយតម្លៃបានទេ ព្រោះយើងក៏មិនទាន់បានជួបប្រជុំផ្ទាល់ជាមួយគាត់ ដើម្បីពិភាក្សាឲ្យបានជាក់លាក់នោះទេ»។
លោកបន្តថា៖ «ដោយសារបញ្ហាកូវីដ១៩នៅតែបន្ត ជាពិសេសនៅសិង្ហបុរីចំនួនឆ្លងវីរុសនេះកើនឡើងច្រើន ការបិទប្រទេសនៅតែបន្ត ដូច្នេះគាត់នៅមិនទាន់អាចវាយតម្លៃអ្វីបានទេ។ ជាការចាប់អារម្មណ៍ឥឡូវនេះមានការប៉ះពាល់ដល់ការអនុវត្តគម្រោង ប៉ុន្តែអ្វីដែលគាត់អាចធ្វើបានគាត់នៅតែខំប្រឹងធ្វើ»។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុននេះបានឲ្យដឹងថា ការធ្លាក់ចុះតម្លៃប្រេងក្នុងរយៈពេល ៤ ខែដំបូង នៃឆ្នាំ ២០២០ ដែលជាកម្រិតទាបបំផុតក្នុងរយៈពេល ២ ទសវត្សរ៍ដោយសារការរីករាលដាលនៃជំងឺរាតត្បាតកូវីដ ១៩ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរទៅលើតម្រូវការប្រេង និងឧស្ម័ន និងការផ្គត់ផ្គង់ដែលមិនធ្លាប់មានពីមុនមកបានបង្ហាញពីបញ្ហាប្រឈមដល់ប្រតិបត្តិករប្រេង និងឧស្ម័ន។
ក្រុមហ៊ុននេះក៏បានអះអាងដែរថាទោះបីមានឧបសគ្គច្រើន ការអភិវឌ្ឍ ប្រេងនៅប្លុកអប្សរានៅតែបន្តតាមការគ្រោងទុកដែលនឹងទាញយកធ្វើអាជីវកម្មឲ្យបាននៅក្នុងឆ្នាំ ២០២០នេះ ហើយប្លុកនេះត្រូវគេរំពឹងថានឹងឈានដល់កម្រិតខ្ពស់បំផុត ៧ ៥០០ bopd។
ក្រុមហ៊ុន KrisEnergy បានថ្លែងយ៉ាងដូច្នេះថា៖ «ដោយពិចារណាលើកត្តាទាំងអស់ និងរួមទាំងការរៀបចំរចនាសម្ព័ន្ធហិរញ្ញវត្ថុដែលនឹងកើតមានក្នុងពេលឆាប់ៗនេះការអភិវឌ្ឍ Mini Phase 1A ដំណាក់កាលទី ១ នឹងផ្តល់នូវព័ត៌មានអំពីដំណើរការដ៏សំខាន់ៗបន្ថែមលើលំហូរសាច់ប្រាក់ និងអាចឈានទៅដល់ដំណាក់កាលអភិវឌ្ឍន៍នាពេលអនាគត»។
បច្ចុបន្ន Cambodia Resource Energy Development Co ltd ជាក្រុមហ៊ុនគ្រប់គ្រងដោយវិនិយោគិនជនជាតិបរទេសត្រូវបានផ្តល់អាជ្ញាប័ណ្ណឲ្យរុករកប្រេងរយៈពេល ៣ ឆ្នាំនៅប្លុក D ដែលមានទំហំ ៥ ៥០០ គីឡូម៉ែត្រការ៉េក្នុងតំបន់ឈូងសមុទ្រ ហើយក្រុមហ៊ុនគ្រោងនឹងចាប់ផ្តើមការរុករកប្លុក D នៅឆ្នាំនេះ។
បើយោងតាមលោក ជៀប សួរ ប្រទេសកម្ពុជាបានបែងចែកតំបន់សម្រាប់រុករកប្រេងកាតចំនួន ៦ ប្លុកនៅក្នុងតំបន់សមុទ្រ និង ១៩ ប្លុកនៅដែនដីគោក៕