ភ្នំពេញៈ យ៉ាង​ហោចណាស់​កាស៊ីណូ​ ១០ បានចាប់ផ្ដើម​ប្រតិបត្តិការ​របស់ខ្លួន​ឡើងវិញ​ចាប់តាំងពី​កាស៊ីណូ​ទាំងអស់​ត្រូវ​បាន​ផ្អាក​ប្រតិបត្តិការ​របស់​ពួកគេ​កាលពី​ថ្ងៃទី​ ១ ​ខែ​មេសា​ តាម​វិធាន​របស់​រដ្ឋាភិបាល​ ដើម្បី​បង្ការ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក រស់ ភារុណ អនុប្រធាន​នាយកដ្ឋាន​ឧស្សាហកម្ម​ហិរញ្ញវត្ថុ​នៅ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​កាលពី​ថ្ងៃអាទិត្យ​ថា គិត​ត្រឹម​ថ្ងៃទី​ ២៧ ​ខែ​កញ្ញា​ មាន​កាស៊ីណូ ៨ បើក​ដំណើរការ​ឡើងវិញ​នៅ​ក្រុង​ព្រះសីហនុ និង​ ២ ​ទៀត​នៅ​ទីក្រុង​ភ្នំពេញ និង​នៅ​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ហើយ​វា​នឹង​ធ្វើ​តាម​ដោយ​កាស៊ីណូ​មួយចំនួន​ទៀត​នៅ​ក្រុង​បាវិត ខេត្តស្វាយរៀង​។

លោក ភារុណ បាន​ថ្លែងថា​៖ «​កាស៊ីណូ​ទាំងនេះ​បាន​កម្រិត​ប្រតិបត្តិការ និង​គម្លាត​សង្គម ស្អាត និង​ធានា​សុវត្ថិភាព​បុគ្គលិក និង​ភ្ញៀវ​។ យើង​រំពឹងថា នឹង​មាន​ការបើក​ដំណើរការ​ឡើងវិញ​កាន់តែ​ច្រើន​ទៀត​ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ​»​។

លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យ​កាស៊ីណូ​ទាំងនោះ ប្រតិបត្តិការ​ជាថ្មី​ម្ដងទៀត​កាលពី​ថ្ងៃទី​ ៣ ​ខែ​កក្កដា ប៉ុន្តែ​តុ​លេង​ល្បែង​ភ្នាល់ ត្រូវ​តែ​ដាក់​ចម្ងាយ​យ៉ាងហោច​ណាស់​ ១ ​ម៉ែត្រ​ពីគ្នា ដោយ​ឡែក​ល្បែងភ្នាល់​ជា​ក្រុម​ត្រូវ​បាន​ហាមឃាត់​។

យោង​តាម​ក្រសួង​សេដ្ឋកិច្ច​កម្ពុជា​មាន​កាស៊ីណូ​ជាង​ ១០០ ​កន្លែង ​ធ្លាប់​ប្រតិបត្តិការ​អាជីវកម្ម​ដោយ​ភាគច្រើន​នៅតាម​ច្រកព្រំដែន​សំខាន់ៗ​៕LA