ភ្នំពេញៈ ការជួសជុល និង​ពង្រីក​ផ្លូវជាតិ​លេខ​ ៣ មាន​ចម្ងាយ​សរុប ១៣៤,៨២ ​គីឡូម៉ែត្រ​ក្រោម​ហិរញ្ញប្បទាន​ពី​រដ្ឋាភិបាល​ចិន​រហូត​មក​ដល់​ពេលនេះ​សម្រេច​បាន​ប្រមាណ​ ៤៥​ ភាគរយ​ហើយ​ដោយ​គ្រោង​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែតុលា ឆ្នាំ​ ២០២២ ខាងមុខ​។ នេះ​បើ​យោងតាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​។

ផ្លូវជាតិ​លេខ​ ៣ ដែល​តភ្ជាប់​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​ខេត្តកំពត​ត្រូវ​បាន​បើក​ការដ្ឋាន​ជួសជុល និង​ពង្រីក​ពី​ ២ ​គន្លង​ទៅ​ ៤ ​គន្លង ​កាលពី​ពាក់កណ្តាល​ខែតុលា ឆ្នាំ​ ២០១៨ និង​គ្រោង​បញ្ចប់​នៅ​ខែតុលា ឆ្នាំ​ ២០២២ ដោយ​ប្រើ​រយៈពេល ៤៨ ​ខែ សាងសង់​ដោយ​ក្រុមហ៊ុន China Road and Bridge Corporation និង​ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រុមហ៊ុន Guangzhou Wanan Construction Supervision Co., Ltd​។

លោក ហេង រត្នពិសិដ្ឋ អគ្គនាយក​សាធារណការ​នៃ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ការសាងសង់​ផ្លូវជាតិ​លេខ​ ៣ ពី​ភ្នំពេញ​ទៅ​កំពត​មក​ដល់​ពេល​នេះ​សម្រេច​បាន​ ៤៥ ​ភាគរយ ​ហើយ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ការសាងសង់​ផ្លូវជាតិ​លេខ​ ៣ ពី​ភ្នំពេញ-កំពត​កំពុង​ដំណើរការ​ទៅមុខ​យ៉ាង​រលូន ហើយ​នឹង​អាច​បញ្ចប់​ក្នុង​ខែតុលា ឆ្នាំ​ ២០២២ តាម​ផែនការ​ដែល​បានគ្រោង​ទុក​»​។

លោក ស៊ិន ចន្ធី ប្រធាន​សមាគម​ភ្នាក់ងារ​បញ្ជូន​ទំនិញ​កម្ពុជា​បាន​និយាយថា ផ្លូវជាតិ​លេខ​ ៣ ពិតជា​មាន​សារៈសំខាន់​ណាស់​សម្រាប់​វិស័យ​ដឹកជញ្ជូន ព្រោះ​មិន​ត្រឹមតែ​ជា​ផ្លូវ​ដឹកជញ្ជូន​ទំនិញ និង​ភ្ញៀវ​ទៅកាន់​ខេត្តកំពត​ប៉ុណ្ណោះ​ទេ តែ​វា​ថែម​ទាំង​ជា​ផ្លូវ​វាង​ចរាចរណ៍​ពី​ភ្នំពេញ​ទៅកាន់​ខេត្ត​ព្រះសីហនុ​ផងដែរ ពិសេស​នៅពេល​មាន​ទឹកជំនន់​លិច​ផ្លូវជាតិ​លេខ​ ៤​។

លោក​បន្តថា ដោយសារ​ខេត្តកំពត​ជា​ទីតាំង​មាន​ចម្ងាយ​ជិត​ជាង​គេ​ពី​រាជធានី​ភ្នំពេញ​ទៅកាន់​កំពង់ផែ​សមុទ្រ​ផ្សេង​ទៀត​នោះ ហេតុនេះ​នៅពេល​ផ្លូវ​នេះ​សាងសង់​រួចរាល់ វា​នឹង​រួមចំណែក​យ៉ាង​ច្រើន​ក្នុង​ការអភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​។ លោក​អះអាង​ថា​៖ «​ខណៈ​បច្ចុប្បន្ន​ខេត្តកំពត​កំពុងធ្វើការ​អភិវឌ្ឍ​កំពង់ផែ​សមុទ្រ​ទឹក​ជ្រៅ​បន្ថែម​នោះ ដូច្នេះ​កំណើន​ដឹកជញ្ជូន​តាមផ្លូវ​នេះ​នឹងមាន​កំណើន​ខ្ពស់​ក្នុង​រយៈពេល​ ២-៣ ​ឆ្នាំ​ខាងមុខ​»​។

បើ​តាម​លោក ចន្ធី ដោយសារ​ផ្លូវ​កំពុង​ជួសជុល និង​មាន​ទំហំ​តូច​នោះ បច្ចុប្បន្ន​ការធ្វើ​ដំណើរ​រវាង​កំពត និង​ភ្នំពេញ គេ​ត្រូវ​ចំណាយពេល​រហូត​ដល់​ជាង ៤ ​ម៉ោង​។

លោក ហូ វណ្ឌី ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ប្រាប់ថា ផ្លូវជាតិ​លេខ​ ៣ មិន​ត្រឹម​តែមាន​សក្តានុពល​ក្នុង​ការទាក់ទាញ​កំណើន​ភ្ញៀវទេសចរ និង​ការវិនិយោគ​ទៅក្នុង​ទឹកដី​ខេត្តកំពត​ប៉ុណ្ណោះ​ទេ តែ​វា​ថែមទាំង​មាន​ឥទ្ធិពល​ដល់​ខេត្ត​កែប​ផងដែរ​។ លោក​បន្តថា ខណៈ​ខេត្ត​ទាំង​ ២ ជា​តំបន់​ដែល​ប្រមូលផ្តុំ​ទៅដោយ​តំបន់​ទេសចរណ៍​បែប​ធម្មជាតិ​ជាច្រើន និង​មាន​ឆ្នេរសមុទ្រ​ដ៏ស្រស់ស្អាត​នោះ​ផ្លូវ​នេះ​នឹង​ជួយ​ច្រើន​ដល់​វិស័យ​ទេសចរណ៍​។

លោក សំ សុខនឿន អគ្គនាយក​ក្រុមហ៊ុន​អចលនទ្រព្យ KW សែនសុខ បាន​និយាយថា វិស័យ​អចលនទ្រព្យ​ក្នុង​ខេត្តកំពត​បាន​ស្ទុះ​ឡើង​យ៉ាង​លឿន​ចាប់​តាំងពី​ឆ្នាំ​ ២០១៨ ​មក​ដោយ​តម្លៃ​ដី​កន្លែង​ខ្លះ​កើនឡើង​លើសពី​ជាង ៥០ ​ភាគរយ​ ​កាលពី​ចុងឆ្នាំ​ ២០១៩ ធៀប​នឹង​ចុងឆ្នាំ​ ២០១៨​។ លោក​បន្តថា បច្ចុប្បន្ន​ខេត្តកំពត​កំពុង​ទាក់ទាញ​បាន​នូវ​ចំណាប់អារម្មណ៍​ពី​អ្នកវិនិយោគ​ជាច្រើន​ឲ្យ​ចូលទៅ​បណ្តាក់ទុន​លើ​វិស័យ​ជាច្រើន ពិសេស​ការសាងសង់​កន្លែង​កម្សាន្ត​។

កាលពី​ចុងខែ​ធ្នូ ឆ្នាំ​ ២០១៩ កន្លងមក​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ក្នុង​ពេល​ចុះទៅ​ពិនិត្យ​ការដ្ឋាន​ផ្លូវជាតិ​លេខ​ ៣ បាន​លើកឡើងថា​៖ «​ក្រសួង​ក៏ដូចជា​រាជរដ្ឋាភិបាល​គឺ​ទទួល​យកតែ​ផ្លូវ​មានគុណ​ភាពរឹងមាំ​ជាប់​បានយូរ​តែប៉ុណ្ណោះ​។ ដូចនេះ​ក្រុមហ៊ុន​សាងសង់​ត្រូវ​អនុវត្តតាម​បទដ្ឋាន​បច្ចេកទេស​ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត បើ​មិន​ចង់​បញ្ចប់​កិច្ចសន្យា​មុនពេល​កំណត់​»៕LA