ភ្នំពេញៈ​ រដ្ឋ​មន្ដ្រី​មហា​អនុ​តំបន់​ទន្លេ​មេគង្គ (GMS) បង្ហា​ញ​ការ​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​បង្កើន​កិច្ច​សហ​ប្រ​តិបត្តិ​ការ​​ក្នុង​តំបន់​ ក្នុង​ការ​ត​ភ្ជាប់​ឌី​ជី​ថល ​និង​​កិច្ច​ព្រម​ព្រៀង​ដឹក​ជញ្ជូន​ឆ្លង​កាត់​ព្រំដែន​ (CBTA) ដើ​ម្បី​លើក​កម្ពស់​ការ​ផ្លាស់​​ប្តូរ​ពាណិជ្ជ​​កម្ម និង​ទេស​ចរណ៍​នៅ​ក្នុង​តំបន់​។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌​មាន​​បាន​ពី​​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​​កម្ពុជា ​(CDC)​ ដែល​បាន​ចេញ​​ផ្សាយ​កាល​ពី​ម្សិល​មិញ​។​

សេចក្ដី​ប្រកាស​ព័ត៌​មាន​នេះ​បាន​ឲ្យ​ដឹង​ថា ​លោក ​សុក ​ចិន្តា​សោភា​ អគ្គ​លេ​ខា​ធិការ​ CDC ដែល​ មាន​តួនាទី​ជា​រដ្ឋ​មន្ដ្រី ​GMS ​របស់​​ កម្ពុជា ក៏​បាន​ឡើង​ថ្លែង​ក្នុង​​វេទិ​កា​ច្រក​របៀង​សេដ្ឋ​កិច្ច​ GMS ​លើក​ទី​ ១០ ​នៅ​ទី​ក្រុង​ណៃ​ពិ​ដោ​​ ​ប្រទេស​ មី​យ៉ាន់​ម៉ា ​ផង​ដែរ​។​

សេ​​ចក្ដី​ប្រកាស​ព័ត៌​មាន​របស់​ CDC ​បង្ហាញ​ថា ​លោក ​ចិន្តា​សោភា ​បាន​បញ្ជាក់​ពី​សមិទ្ធ​ផល​ ចាប់​តាំង​ពី​ការ​ចាប់​ផ្ដើម​​កិច្ច​សហ​ប្រតិ​បត្តិ​ការ​សេដ្ឋ​កិច្ច ​GMS និង​​ផែន​ការ​ឆ្ពោះ​ទៅ​មុខ ​ដើ​ម្បី​ពង្រឹង​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ក្នុង​ចំណោម​បណ្ដា​ប្រទេស GMS ដើ​ម្បី​ដោះ​ស្រាយ​​ការ​បារម្ភ​ផ្នែក​សេដ្ឋ​កិច្ច​ពិ​ភព​លោក​នៅ​ពេល​បច្ចុប្បន្ន​​។​​

CDC បាន​ឲ្យ​ដឹង​ថា​៖ «​រដ្ឋ​មន្ដ្រី​​ GMS ក៏​បាន​បញ្ជាក់​ពី​សារៈ​​សំខាន់​នៃ​ការត​ភ្ជាប់​វិស័យ​​ឧស្សាហ​កម្ម ​តាមរ​យៈ​ច្រក​របៀង​សេដ្ឋ​កិច្ច​ GMS ដើ​ម្បី​​ធានា​សមត្ថ​ភាព​ប្រកួត​ប្រជែង​ដ៏​រឹង​មាំ​​​ក្នុង​ចង្វាក់​ផលិត​​ក្នុង​តំបន់​ និង​ពិ​ភព​លោក​»​។​​

CDC ក៏​បា​ន​បង្ហាញ​ដែរ​​ថា វេទិ​កា​​នេះ​​បាន​ជំរុញ​ការ​ពង្រឹង​ការ​​​សហ​ការ​បន្ថែម​​ពី​ដៃគូ​ការ​អភិវឌ្ឍ​ និង​ក្រុម​វិនិ​យោ​គិន​ឯកជន​ ដើ​ម្បី​មើល​ឃើញ​​ការ​ផ្ដល់​ហិរញ្ញប្ប​ទាន​ ដែល​អាច​រក​​បាន​​កាន់​តែ​ច្រើន​ ដើ​ម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ខ្ពស់​នៃ​ការ​ផ្ដល់​ហិរញ្ញប្បទាន​សម្រាប់​ហេដ្ឋា​រចនា​សម្ព័ន្ធ​នៅ​ក្នុង​តំបន់​ ​GMS ៕​ LA