ក្រុង​ញូវយ៉កៈ បន្ទាប់​ពី​មាន​គ្រោះ​មហន្តរាយ​ធ្លាក់​យន្តហោះ​ទី២ ពាក់ព័ន្ធ​​នឹង​យន្តហោះ​ម៉ូដែល 737 MAX 8 ក្រុមហ៊ុន​ Boeing របស់​អាមេរិក​ បាន​ធ្លាក់​ចូល​ក្នុង​វិបត្តិ ដោយ​បាន​បាត់បង់​មូលធនីយកម្ម​ទីផ្សារ​​ចំនួន ២៥ ពាន់​លាន​ដុល្លារ និង​​រង​ការ​វាយ​ប្រហារ​ធ្ងន់ធ្ងរ​ដល់​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន។

យោង​តាម​ក្រុម​អ្នក​ជំនាញ​ក្នុង​ឧស្សាហកម្ម​នេះ​បាន​ឲ្យ​ដឹង​ថា បញ្ហា​នេះ​ត្រូវ​បាន​ធ្វើ​ឲ្យ​កាន់​តែ​អាក្រក់​ឡើង​ដោយសារ​ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន​ទៅ​នឹង​បញ្ហា​នេះ ដែល​ក្រុម​អ្នក​ជំនាញ​ទាំង​នេះ​បាន​ពិពណ៌នា​​កិច្ច​ប្រឹងប្រែង​​ក្នុង​ការ​ឆ្លើយ​តប​​របស់​ក្រុមហ៊ុន​ទៅ​នឹង​បញ្ហា​​នេះ​ថា «គួរ​ឲ្យ​ខ្លាច» និង «មិន​ច្បាស់​លាស់»។

សោកនាដកម្ម​នៃ​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Ethiopian Airlines កាល​ពី​ថ្ងៃ​ទី ​១០ ខែ ​មីនា ដែល​បណ្តាល​ឲ្យ​មនុស្ស ១៥៧ នាក់​បាន​ស្លាប់ បាន​បង្ក​ឲ្យ​មាន​ក្តី​បារម្ភ​ជា​ថ្មី​អំពី​សុវត្ថិភាព​របស់​យន្តហោះ​នេះ និង​បាន​ឈាន​ទៅ​រក​ការ​ហាម​ឃាត់​យន្តហោះ​ម៉ូដែល​នេះ​មិន​ឲ្យ​ហោះហើរ​នៅ​ទូទាំង​ពិភព​លោក បើ​ទោះ​ជា​អាមេរិក​បាន​​សម្រេច​ហាម​ឃាត់​​​​ ៣ថ្ងៃ​ក្រោយ​គេ​ក៏​ដោយ។

លោក Matt Yemma អ្នក​ឯកទេស​ខាង​ទំនាក់ទំនង​ពេល​មាន​វិបត្តិ​ប្រចាំ​ក្រុមហ៊ុន Peaks Strategies ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​ Connecticut បាន​ថ្លែង​ថា៖ «វា​ជា​សប្តាហ៍​មួយ​ដ៏​តានតឹង​សម្រាប់​ពួក​គេ»។

លោក​ថ្លែង​ថា ក្រុមហ៊ុន Boeing ដែល​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ដំបូង​បន្ទាប់​ពី​ឧប្បត្តិហេតុ​បាន​ឲ្យ​ដឹង​ថា យន្តហោះ 737 MAX អាច​ទុក​ចិត្ត​បាន និង​មាន​សុវត្ថិភាព​នោះ [នៅ​ពេល​​នោះ] អាច​ប្រកាស​ថា ក្រុមហ៊ុន​នឹង​ចត​​​យន្តហោះ​ចោល​​ដោយ​ស្ម័គ្រ​ចិត្ត​នៅ​ថ្ងៃ​អាទិត្យ ដើម្បី​ស្តារ​ទំនុក​ចិត្ត និង​ធានា​ថា​ ការ​ហោះហើរ​របស់​សាធារណជន ​គឺ​ជា​បញ្ហា​សំខាន់​បំផុត»។

លោក​ថ្លែង​ថា៖ «ជំនួស​មក​វិញ ពួក​គេ [ក្រុមហ៊ុន Boeing] ​ត្រឹម​តែ​ទុក​ឲ្យ​រឿង​រ៉ាវ​បន្ត​កើត​មាន ហើយ​ពួក​គេ​បាន​បញ្ចប់​ជា​មួយ​នឹង​ការ​ខាតបង់​មូលធនីយកម្ម​ទីផ្សារ​យ៉ាង​ច្រើន និងខាតបង់​យ៉ាង​ច្រើន​ចំពោះ​អាជីវកម្ម​»។

ក្រុមហ៊ុន​មិន​បាន​ធ្វើ​អ្វី​នោះ​ទេ រហូត​ទាល់​តែ​ដល់​ថ្ងៃ​ពុធ​សប្តាហ៍​មុន [៣ ថ្ងៃ​ក្រោយ​ឧប្បត្តិហេតុ] បន្ទាប់​ពី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​នៅ​ទូទាំង​ពិភព​លោក បាន​ហាម​ឃាត់​​ការ​ហោះហើរ​យន្តហោះ​នេះ​រួច​ហើយ​នោះ ទើប​ក្រុមហ៊ុន Boeing បាន​ធ្វើ​តាម​ក្រោយ។

នេះ​គឺ​ជា​ឧប្បត្តិហេតុ​លើក​ទី២ ហើយ​​ក្នុង​រយៈពេល​តិច​ជាង ៥ ខែ​ពាក់ព័ន្ធ​នឹង​យន្តហោះ​ម៉ូដែល​នេះ ដែល​បាន​ដំណើរការ​ហោះហើរ​ដំបូង​ក្នុង​ខែ​ឧសភា ឆ្នាំ ២០១៧។ ការ​ធ្លាក់​ដំបូង​កើត​មាន​ចំពោះ​យន្តហោះ​ដែល​ប្រតិបត្តិការ​​ដោយ​​ក្រុមហ៊ុន Lion Air កាល​ពី​ខែ​តុលា ឆ្នាំ​មុន ដែល​បាន​សម្លាប់​មនុស្ស ១៨៩ នាក់។

កំហុស​ប្រព័ន្ធ​ទប់ស្កាត់​ការ​រលត់​ម៉ាស៊ីន​ឈ្មោះ​ថា MCAS ដែល​បំពាក់​ក្នុង​យន្តហោះ MAX មាន​ការ​ពាក់ព័ន្ធ​ក្នុង​ការ​ធ្លាក់​យន្តហោះ​របស់​ក្រុមហ៊ុន Lion Air នៅ​ឥណ្ឌូនេស៊ី។

អាជ្ញាធរ​អាកាសចរណ៍​អាមេរិក (F​A​A) បាន​ឲ្យ​ដឹង​ថា មាន​ភ័ស្តុតាង និង​ទិន្នន័យ​ដែល​ធានា​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​បន្ថែម​ទៀត​ពី​ភាព​អាច​កើត​មាន​​បុព្វហេតុ​រួម​គ្នា​នេះការ​ធ្លាក់​យន្តហោះ​ទាំង ​២ នេះ។

បើ​ទោះ​ជា​មាន​ការ​កើន​ឡើង​ការ​ប្រើប្រាស់​យន្តហោះ MAX នៅ​ទូទាំង​ពិភព​លោក​ក៏​ដោយ​ជា​ពិសេស​នៅ​ប្រទេស ​ចិន និង​អឺរ៉ុប​ក្តី ក៏​ក្រុមហ៊ុន Boeing ត្រឹមតែ​ចេញ​ផ្សាយ​សេចក្តី​ថ្លែង​ការណ៍​​ខ្លី​ៗ ហើយ​ទន្ទឹម​នឹង​នេះ​ដែរ ទំនង​ជា​ប៉ុនប៉ង​ទប់ស្កាត់​អាជ្ញាធរ​អាមេរិក​មិន​ឲ្យ​ហាម​ឃាត់​​ការ​ហោះហើរ​​យន្តហោះ​នេះ​ទៀត​ផង។

FAA បាន​បញ្ជា​ឲ្យ​ក្រុមហ៊ុន Boeing ជួសជុល​សូហ្វវែរ​ MCAS របស់​ខ្លួន ដែល​អ្នក​បើកបរ​យន្តហោះ​មួយ​ចំនួន​ក៏​បាន​ជួប​បញ្ហា​នេះ​ដែរ ដោយ​បាន​លើក​ជា​ចម្ងល់​អំពី​ថា ​តើ​ក្រុមហ៊ុន​​ផលិត​យន្តហោះ​នេះ​ធ្វើ​ការ​បាន​គ្រប់គ្រាន់​ដែរ​ឬ​ទេ​ ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ។

ប្រភព​មួយ​ដែល​ស្និទ្ធ​នឹង​ក្រុមហ៊ុន​ផលិត​យន្តហោះ​មួយ​នេះ​បាន​ប្រាប់ AFP ថា៖ «វា​ជា​ភាព​ក្រអឺត​ក្រទម​របស់​​អាមេរិក ដែល​បង្ក​គ្រោះ​ថ្នាក់ ពី​ព្រោះ​វា​បង្ហាញ​ថា ការងារ​នេះ​មិន​ត្រូវ​បាន​ធ្វើ​សម​ស្រប​ទេ»​ ដោយសារ​ទំនុក​​ចិត្ត​ជ្រុល​ហួសហេតុ។

អ្នក​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន Boeing គួរ​តែ​ចាត់​វិធានការ​ឲ្យ​បាន​លឿន​ជាង​នេះ និង​​ចេញ​មុខ​មុន​គេ​​ចំពោះ​បញ្ហា​នេះ។

លោក Yemma ថ្លែង​ថា៖ «ជា​ធម្មតា​ក្នុង​ស្ថានភាព​បែប​នេះ អ្នក​ចង់​ផ្តល់​ព័ត៌មាន​ឲ្យ​បាន​ច្រើន​​តាម​ដែល​អាច​​ធ្វើ​បាន»​ ជា​ពិសេស​ដោយសារ​ព័ត៌មាន​បាចសាច​យ៉ាង​លឿន​នៅ​ទូទាំង​ពិភព​លោក។

លោក​បន្ថែមថា៖ «អ្នក​ចង់​ធ្វើ​ឲ្យ​អតិថិជន អ្នកដំណើរ និង​អារម្មណ៍​សាធារណជន​ធូរស្រាល​អំពី​ការ​ហោះហើរ​លើ​យន្តហោះ​របស់​អ្នក។ ហើយ​ទីផ្សារ និង​វិនិយោគិន​ចាំបាច់​ត្រូវ​ដឹង​ថា តើ​មាន​អ្វី​ខុស​ដែរ​ឬ​យ៉ាង​ណា ហើយ​បើ​មាន​អ្វី​ខុស​នោះ ត្រូវ​តែ​ជួសជុល»។

លោក Michael Priem មក​ពី​ក្រុមហ៊ុន​ទំនាក់ទំនង Modern Impact នៅ​ទីក្រុង Minneapolis បាន​យល់​ស្រប​ថា ក្រុមហ៊ុន Boeing គួរ​ចាត់​វិធានការ​ឲ្យ​បាន​លឿន​ជាង​នេះ ដើម្បី​ធានា​ទំនុក​ចិត្ត​សាធារណជន​ទូទៅ​ឡើង​វិញ។

លោក​ប្រាប់ AFP ថា សាធារណជន​រំពឹង​ «ការ​ឆ្លើយ​តប​យ៉ាង​រហ័ស​ ហើយ​ខ្ញុំ​គិត​ថា ក្រុមហ៊ុន Boeing មិន​​បាន​ចូលរួម​ក្នុង​សន្ទនា​ឆាប់​រហ័ស​គ្រប់គ្រាន់​នោះ​ទេ»។

ប្រភព​ពី​ឧស្សាហកម្ម​នេះ​ចំនួន ២ បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន AFP កាល​ពី​ថ្ងៃ​សុក្រ​ថា ក្រុមហ៊ុន​ Boeing នឹង​ដាក់​បង្ហាញ​ការ​ធ្វើ​បច្ចុប្បន្នភាព​សូហ្វវែរ​សម្រាប់​ប្រព័ន្ធ MCAS ក្នុង​រយៈពេល ១០ ថ្ងៃ​ទៀត ដែល​បាន​ជួយ​ឲ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​ឡើង​ថ្លៃ​មក​វិញ។

ចំពោះ​លោក​ Chesley Sullenberger បរិបាល (Captain) ​អ្នក​បើកបរ​យន្តហោះ​ ដែល​ត្រូវ​បាន​គេ​​ស្គាល់​ដោយសារ​​ការ​ចុះចត​ប្រកប​ដោយ​សុវត្ថិភាព​​នៃ​យន្តហោះ​ដែល​ខូចខាត​​របស់​លោក​ក្នុង​ទន្លេ Hudson River ក្នុង​ទីក្រុង​ញូវយ៉ក​ដោយ​គ្មាន​មនុស្ស​ស្លាប់​នោះ បាន​ចោទ​សួរ​ចំពោះ​ការ​ឆ្លើយ​តប​របស់​ក្រុមហ៊ុន Boeing ផង​ដែរ។

លោក​ថ្លែង​ថា៖ « ចាប់​​ពី​ការ​ធ្លាក់​​យន្តហោះ Lion Air វា​ច្បាស់​ណាស់​ថា ការ​រចនា​ឡើង​​វិញ​ចំពោះ​យន្តហោះ 737 MAX 8 ត្រូវ​ធ្វើ​ឡើង​បន្ទាន់​ជា​ចាំបាច់ [...] ហើយ​ការ​ជួសជុល​ដែល​ត្រូវ​បាន​ស្នើ និង​ប្រកាស​ឡើង​មិន​បាន​ទៅ​ឆ្ងាយ​គ្រប់គ្រាន់​ទេ»។

ក្រុមហ៊ុន​ផលិត​យន្តហោះ Boeing អាច​ត្រូវ​បើក​យុទ្ធនាការ​ទំនាក់ទំនង​សាធារណៈ​មួយ ដើម្បី​ព្យាយាម​ស្តារ​ទំនុក​ចិត្ត​ឡើង​វិញ​ចំពោះ​យន្តហោះ​របស់​ខ្លួន៕ AFP/KC