ភ្នំពេញៈ Ooctane ជាមូលធនវិនិយោគរួមក្នុងស្រុកគ្រប់គ្រងដោយ Worldbridge កាលពីម្សិលមិញបានប្រកាសការដំណើរការសាកល្បងជាមួយនឹងការវិនិយោគ ៥ លានដុល្លារសម្រាប់ការជំរុញក្រុមហ៊ុនបង្កើតថ្មី និងសហគ្រាសធុនតូច និងមធ្យម (SME) នៅប្រទេសកម្ពុជា។
លោក ស៊ា រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Group បានថ្លែងថា ការដាក់ដំណើរការក្រុមហ៊ុន OOCTANE នឹងជួយផ្តល់ហិរញ្ញប្បទានដល់សហគ្រិនវ័យក្មេងនៅកម្ពុជាដែលចាប់ផ្តើមអាជីវកម្មថ្មីផ្តោតលើការបង្កើតថ្មី។
លោកថ្លែងថាក្រុមហ៊ុន Ooctane នឹងនាំយកនូវក្រុមមានឥទ្ធិពល និងហិរញ្ញប្បទានព្រមទាំងក្រុមជំនាញបច្ចេកវិទ្យា ដើម្បីធ្វើការងារជាមួយសហគ្រិនវ័យក្មេង និងក្រុមហ៊ុនបង្កើតថ្មី។
លោកថ្លែងថា៖ «យើងនៅទីនេះដើម្បីធ្វើឲ្យប្រាកដថាមានទុនវិនិយោគរួមគ្រប់គ្រាន់ដែលអាចរកបានសម្រាប់ការជំរុញក្រុមហ៊ុនបង្កើតថ្មី និងការនាំយកប្រទេសកម្ពុជាទៅក្នុងសតវត្សរ៍ឌីជីថល»។
ក្រុមហ៊ុន OOCTANE នឹងផ្ដល់ការគាំទ្រនៅក្នុងវិស័យ ដឹកជញ្ជូន ពាណិជ្ជកម្មអេឡិចត្រូនិក បច្ចេកវិទ្យាហិរញ្ញវត្ថុ បច្ចេកវិទ្យាកសិកម្ម បច្ចេកវិទ្យាអប់រំ សុខភាព និងទេសចរណ៍។ នេះបើយោងតាមលោក ស៊ា រិទ្ធី។
សម្រាប់អាជីវកម្មបង្កើតថ្មីលក្ខណៈបុគ្គលមូលនិធិនេះនឹងចាប់ផ្ដើមពី ៥ ០០០ ដុល្លារ ទៅ ១០ ០០០ ដុល្លារ ខណៈអាជីវកម្មដែលបង្កើតបានជាផលិតផលហើយនោះការផ្ដល់មូលនិធិនឹងចាប់ផ្តើមពី ២៥ ០០០ ដុល្លារ ។
លោកស្រី ព្រឺន បញ្ញារី ដែលកំពុងចាប់ផ្ដើមអាជីវកម្មបង្កើតថ្មីនៃគេហទំព័រឌីជីថល សម្រាប់ការភ្ជាប់ទំនាក់ទំនងភ្ញៀវទេសចរជាមួយទីភ្នាក់ងារទេសចរណ៍ក្នុងស្រុក និងសហគមន៍ទេសចរណ៍បានថ្លែងថា វាជាឱកាសដ៏ល្អសម្រាប់អាជីវកម្មបង្កើតថ្មីដូចជាលោកស្រី។
លោកស្រី ព្រឺន បញ្ញារី បានថ្លែងថាក្រុមរបស់លោកស្រីនឹងដាក់ពាក្យសុំហិរញ្ញប្បទានពីក្រុមហ៊ុន Ooctane។
លោកស្រីថ្លែងថា៖ «វាជាឱកាសសម្រាប់ពួកយើងដែលមិនមានធនធានគ្រប់គ្រាន់ក្នុងការធ្វើឲ្យវាដំណើរការបានខ្ញុំនឹងនាំយកគំនិតអាជីវកម្មនេះ ជាមួយក្រុមរបស់ខ្ញុំដើម្បីពិភាក្សាជាមួយក្រុមហ៊ុន Ooctane»។
លោកស្រី ព្រឺន បញ្ញារី ដែលបានចូលរួមក្នុងការបើកមូលនិធិ Ooctane បានបន្តថា៖ «សំខាន់បំផុតគឺថា ក្រុមហ៊ុន Ooctane នឹងនៅជាមួយពួកយើង បណ្ដុះបណ្ដាលពួកយើង និងបង្កើតការពង្រឹងប្រតិបត្តិការអាជីវកម្មរបស់យើង ដើម្បីសម្រេចបានតាមទិសដៅកំណត់»៕LA