បាងកកៈ ក្រុម​មេ​ដឹកនាំ​ប្រទេស​អាស៊ី​អាគ្នេយ៍​បាន​ជួប​គ្នា​នៅ​ទីក្រុង​បាងកក​កាល​ពី​ថ្ងៃ​សៅរ៍​ ដោយ​បាន​ប្ដេជ្ញា​ចិត្ត​ក្នុង​​ការ​​​ជំរុញ​ឆ្ពោះ​ទៅ​មុខ​នូវ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ឈាន​មុខ​គេ​របស់​ពិភព​​លោក​ ដោយសារ​តែ​សង្គ្រាម​​ពាណិជ្ជកម្ម​រវាង​​អាមេរិក ​និង​ប្រទេស ​ចិន ​ធ្វើ​ឲ្យ​មាន​​​ភាព​មិន​ច្បាស់លាស់​ដល់​ចក្ខុ​វិស័យ​​សម្រាប់​សេដ្ឋកិច្ច​ ដែល​នាំ​​មុខ​​ដោយ​ការ​​នាំចេញ​របស់​ពួក​គេ​នេះ។​

បញ្ហា​ពាណិជ្ជកម្ម​បាន​ធ្វើ​ឲ្យ​មាន​ការ​ចាប់​អារម្មណ៍​ច្រើន​ដោយ​​ក្រុម​មេ​ដឹកនាំ​អាស៊ាន ដែល​ចង់​ប្រញាប់​ការ​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដែល​ព្រាង​ដោយ​​​ប្រទេស ​ចិន ដែល​គ្រប​ដណ្ដប់​ប្រហែល​ជា​ពាក់​កណ្ដាល​​នៃ​ប្រជាជន​ពិភព​លោក​។​

កិច្ច​ព្រមព្រៀង​ភាព​ជា​ដៃគូ​សេដកិច្ច​ដ៏​ទូលំទូលាយ​​ក្នុង​តំបន់​ (RCEP) រួមមាន​​ប្រទេស​អាស៊ាន​ទាំង ​១០ បូក​នឹង​​ប្រទេស ​ឥណ្ឌា ​ជប៉ុន​ កូរ៉េខាងត្បូង​ អូស្ដ្រាលី​ និង​នូវែល​សេឡង់​។​ ​​កិច្ច​ព្រមព្រៀង​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា ​ជា​យន្តការ​មួយ​សម្រាប់​ប្រទេស ចិន​ ក្នុង​ការ​ព្រាង​ច្បាប់​ពាណិជ្ជកម្ម​អាស៊ី​ប៉ាស៊ីហ្វិក​ បន្ទាប់​ពី​ការ​ដក​ខ្លួន​ចេញ​របស់​អាមេរិក​​ពី​តំបន់​នេះ​។​

ខណៈ​ការ​សងសឹក​លើ​ការ​យក​​​ពន្ធ​នាំចូល​គ្នា​ទៅវិ​ញ​ទៅ​មក ​​រវាង​ប្រទេស​មាន​សេដ្ឋកិច្ច​ធំ​ជាង​​គេ ​២ របស់​ពិភព​លោក​នេះ បាន​ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​​ផលិត​មួយ​ចំនួន​រត់​គេច​ពី​​ប្រទេស ​ចិន ឆ្ពោះ​ទៅ​​មជ្ឈមណ្ឌល​អាស៊ាន​ កាន់​តែ​​មាន​សុវត្ថិភាព​ ហើយ​ដែល​ក្រុម​សេដ្ឋវិទូ​​ឲ្យ​ដឹង​​ថា រូបភាព​​ដ៏​ធំ​សម្រាប់​កំណើន​ពិភព​​លោក ​គឺ​មិន​ច្បាស់លាស់​ ហើយ​បណ្ដា​ប្រទេស​ជា​សមាជិក​មាន​បំណង​បង្កើន​ពាណិជ្ជកម្ម​ជាមួយ​​ RCEP។

សេចក្តី​ប្រកាស​ឲ្យ​ដឹង​ថា ​ប្លុក​នេះ​​ត្រូវ​បាន​ប្ដេជ្ញា​ចិត្ត​​ថា នឹង​បញ្ចប់​ការ​ចរចា​កិច្ច​ព្រមព្រៀង​​ RCEP ​នៅ​ក្នុង​ឆ្នាំ​នេះ​ ​ហើយ​នឹង​ «​ដាក់​​កិច្ច​ខិតខំ​ប្រឹងប្រែង​​​ឥត​ឈប់ឈរ ដើម្បី​សម្រេច​បាន​ទិសដៅ​​នេះ​»៕ AFP/LA