ក្រុង​តូក្យូៈ ក្រុម​មេធាវី​របស់​លោក Carlos Ghosn អតីត​ប្រធាន​ក្រុមហ៊ុន Nissan កាល​ពី​ថ្ងៃ​ម្សិលមិញ​បាន​ដាក់​ពាក្យ​សុំ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន បន្ទាប់​ពី​អាជ្ញាធរ​ជប៉ុន​​បាន​ចោទ​ប្រកាន់​​លោក​ពី​បទ​​រំលោភ​សេចក្តី​ទុក​ចិត្ត​​មាន​ស្ថាន​ទម្ងន់​ទោស ដែល​ជា​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ទី​៤ ប្រឆាំង​នឹង​មហាសេដ្ឋី​ក្នុង​វិស័យ​រថយន្ត​រូប​នេះ។

តុលាការ​ក្រុង​តូក្យូ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ថា៖ «​ក្រុម​មេធាវី​បាន​ដាក់​ពាក្យ​​ស្នើ​សុំ​នៅ​ក្រៅ​ឃុំ​នៅ​ថ្ងៃ​ទី ២២​ ខែ ​មេសា​»។​

បុរស​អាយុ​ ៦៥ ​ឆ្នាំ​រូប​នេះ​បដិសេធ​ដាច់​អហង្ការ​ចំពោះ​រាល់​ការ​​ចោទ​ប្រកាន់​ទាំង​អស់​ប្រឆាំង​នឹង​រូប​លោក និង​​បញ្ជាក់​ថា​ មាន​ការ​​​បង្កើត​ «ផែនការ​សម្ងាត់» ដោយ​ក្រុម​​មន្ដ្រី​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Nissan ដែល​សង្ស័យ​ចំពោះ​​ផែនការ​របស់​លោក​ក្នុង​ការ​ធ្វើ​ឲ្យ​​​ក្រុមហ៊ុន​ផលិត​រថយន្ត​ឈាន​មុខ​គេ​របស់​ប្រទេស ​ជប៉ុន ​មួយ​នេះ​កាន់​តែ​ជិត​ស្និទ្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​ Renault ដែល​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​​បារាំង​ដែល​ជា​ដៃគូ​​របស់​ខ្លួន។​

ក្រុម​ព្រះរាជ​អាជ្ញា​​កំពុង​ស្វែងរក​ក្នុង​ការ​ចោទ​ប្រកាន់​ថា ​លោក Ghosn បាន​ផ្ទេរ​ប្រាក់​ប្រហែល ​១៥ ​លាន​ដុល្លារ​ ​ដែល​ជា​​មូលនិធិ​របស់​​ក្រុមហ៊ុន Nissan ទៅ​ឲ្យ​​​ក្រុមហ៊ុន​ចែកចាយ​រថយន្ត​​មួយ​នៅ​មជ្ឈិមបូព៌ា​ និង​បាន​យក​ប្រាក់​ប្រហែល​ ៥ លាន​ដុល្លារ​សម្រាប់​ការ​ប្រើប្រាស់​ផ្ទាល់​ខ្លួន​របស់​លោក។​

ក្រុមហ៊ុន Nissan ខ្លួន​ឯង​បាន​ឲ្យ​ដឹង​ថា ខ្លួន​បាន​ដាក់​បណ្ដឹង​ព្រហ្មទណ្ឌ​​ប្រឆាំង​​​​អតីត​ប្រធាន​របស់​ខ្លួន «​បន្ទាប់​ពី​​កំណត់​ថា ការ​ទូទាត់​នានា​បាន​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Nissan ទៅ​ឲ្យ​​​ក្រុមហ៊ុន​លក់​រថយន្ត​ក្រៅ​ប្រទេស​​តាម​រយៈ​​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ ដែល​​​ការ​ពិត​ត្រូវ​បាន​ដឹកនាំ​ដោយ​​លោក Ghosn សម្រាប់​ការ​ធ្វើ​មាន​បាន​ផ្ទាល់​ខ្លួន​របស់​លោក និង​​មិន​មាន​ភាព​ចាំបាច់​​ឲ្យ​មាន​​​ការ​សម្រេច​ចិត្ត​ផ្នែក​អាជីវកម្ម​»។

ក្រុម​អ្នក​ជំនាញ​ជឿជាក់​ថា ទាំង​នេះ​គឺ​ជា​ការ​ចោទ​ប្រកាន់​ធ្ងន់ធ្ងរ​បំផុត​រហូត​មក​ដល់​ពេល​​នេះ ប្រឆាំង​នឹង​លោក Ghosn៕ AFP/LA